CAMBO REPORT

Popup Advertising5 seconds

OPPO ផ្ដល់​អជ្ញាប័ណ្ណ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ទៅ​អោយ​ក្រុមហ៊ុន 8 បន្ថែម​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោកអ្នកប្រហែលបានស្គាល់ហើយ ពីបច្ចេកវិទ្យាសាកថ្មរបស់ OPPO ដែលមានឈ្មោះថា VOOC Flash Charging ដោយវាត្រូវបានគេទទួលស្គាល់ ពីសមត្ថភាពសាកថ្មលឿន ក៏ដូចជាសុវត្ថិភាពផងដែរ។ ដូច្នេះហើយ ទើបធ្វើឲ្យបច្ចេកវិទ្យាមួយនេះ មានភាពល្បីល្បាញ ហើយក៏ធ្វើឲ្យ OPPO បង្កើនដៃគូសហការ បានកាន់តែច្រើនថែមទៀត ដើម្បីបន្តភាពរីកចម្រើន របស់ខ្លួននៅថ្ងៃមុខ។ ពិតណាស់ក្នុងពេលថ្មីនេះ OPPO បានបង្កើនដៃគូចំនួន 8 ក្រុមហ៊ុនទៀត ដែលក្នុងនោះរួមបញ្ចូលទាំង ក្រុមហ៊ុនផលិតឈីបទៀតផង។ 

ជាក់ស្ដែង ក្រុមហ៊ុនទាំងប្រាំបី ដែលបានទទួលអជ្ញាប័ណ្ណទៅលើ បច្ចេកវិទ្យាសាកថ្ម VOOC របស់ OPPO រួមមាន៖ 1/ Anke Innovation Technology Co., Ltd.,   2/ Angbao Electronics (Shanghai) Co., Ltd,   3/ Hangzhou Shilan Microelectronics Co., Ltd,   4/ Lilinda Technology Group Co., Ltd,   5/ Ningbo Bull Digital Technology Co., Ltd,   6/ Shenzhen Renqing Excellence Investment Co., Ltd,   7/ Shenzhen Shishang Exhibition Technology Co., Ltd និងចុងក្រោយគឺក្រុមហ៊ុន Core Sea Technology (Shenzhen) Co., Ltd ផងដែរ។ គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនចិនមួយនេះ បានផ្តល់អជ្ញាប័ណ្ណ ក៏ដូចជាក្លាយជាដៃគូរ សហការជាមួយ ក្រុមហ៊ុនចំនួនប្រាំមួយរួចមកហើយ ហេតុនេះ បើគិមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន 14 ហើយ ដែលបានសហការជាមួយ OPPO។

មិនត្រឹមតែប៉ុណ្ណោះ លោក Feng Ying ដែលជានាយកផ្នែក កម្មសិទ្ធបញ្ញារបស់ OPPO បាននិយាយថា “បច្ចេកវិទ្យាសាកថ្ម VOOC បានបង្ហាញយ៉ាងច្បាស់ ពីភាពនាំមុខផ្នែកបច្ចេកវិទ្យាសាកថ្មរបស់ OPPO ហើយក្រុមហ៊ុន នឹងព្យាយាមអភិវឌ្ឍបន្ថែមទៀត ដើម្បីឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ កាន់តែប្រសើរជាងមុន។ មួយវិញទៀត នៅថ្ងៃខាងមុខ OPPO នឹងផ្ដល់អជ្ញាប័ណ្ណ ក៏ដូចជាបង្កើនដៃគូសហការបន្ថែមទៀត ដើម្បីឲ្យបច្ចេកវិទ្យានេះ រួមទាំងបច្ចេកវិទ្យាផ្សេងៗទៀត មានការរីកចម្រើនទៅមុខជាបន្តបន្ទាប់”។ 

គួររំលឹកដែរថា ក្នុងពេលបច្ចុប្បន្ននេះ VOOC Flash Charging មានចំនួន 3 ប្រភេទគឺ VOOC, VOOC Mini និង Super VOOC ស្របពេលដែល ក្រុមហ៊ុនចិនខាងលើ ក៏បានអះអាងថា នៅក្នុងពិភពលោក មានឧបករណ៍ចំនួន 100 លានគ្រឿង កំពុងតែប្រើប្រាស់បច្ចេកវិទ្យា មួយនេះផងដែរ។ ម្យ៉ាងវិញទៀត យើងធ្លាប់បានឮហើយ ពីការផ្សាយពាណិជ្ជកម្មរបស់ OPPO ទៅលើបច្ចេកវិទ្យា VOOC ដែលបានបញ្ជាក់ថា សាកថ្ម 5 នាទី និយាយបានដល់ទៅ 2 ម៉ោង។ រីឯ VOOC Mini គឺត្រូវបាន ធ្វើឲ្យប្រសើរឡើង នៃទំហំរបស់ Adapter ពោលគឺធ្វើឲ្យ Adapter មានទំហំតូចផងដែរ។ កាន់ពិសេសចុងក្រោយនេះគឺ Super VOOC វាត្រូវបានប្រើប្រាស់ ជាមួយស្មាតហ្វូនលំដាប់កំពូលរបស់ OPPO មានកម្លាំងសាក រហូតដល់ 50W ដែលអាចសាកថ្មពេញ ដោយចំណាយពេលត្រឹម 35 នាទីប៉ុណ្ណោះ។

និយាយរួមទៅ ពេលនេះ OPPO កាន់តែរីកចម្រើនខ្លាំងឡើងហើយ មិនថាបច្ចេកវិទ្យាសាកថ្ម ឬក៏បច្ចេកវិទ្យា ផ្សេងទៀតឡើយ ដូចដែលយើងឃើញស្រាប់ រាល់ថ្ងៃស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ប្រជាជនកម្ពុជាយើង ជាពិសេសគឺស្មាតហ្វូន លំដាប់បង្គួរតែម្ដង។ អញ្ចឹងហើយយើងសង្ឃឹមថា នៅពេលអនាគតក្រុមហ៊ុននេះ នឹងធ្វើបានកាន់តែប្រសើរ ជាងឥឡូវទៅទៀត ដើម្បីធានាថា មិនធ្វើឲ្យអ្នកគាំទ្រណាម្នាក់ ខកបំណងឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: Lifestyle