CAMBO REPORT

Popup Advertising5 seconds

យ៉ាង​ហោច​ណាស់ iPad ចំនួន​ពីរ​ម៉ូឌែល​ថ្មី​ៗ​ទៀត នឹង​អាច​មក​ដល់​ជិត​ចុង​ឆ្នាំ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple ហាក់បីដូចជាមិនទាន់ បញ្ចប់ក្នុងការបញ្ចេញ ឧបករណ៍ប្រើប្រាស់ស៊េរីថ្មីៗក្នុងឆ្នាំ 2019 នៅឡើយនោះទេ ដោយបន្ទាប់ពី iPhone ត្រូវបានរំពឹងទុកថា ចេញនៅខែកញ្ញា ហើយកុំព្យូទ័រលើតុ Mac Pro ក៏សង្ឃឹមថាចេញក្នុងខែមួយគ្នា និងកុំព្យូទ័រយួរដៃ MacBook Pro 16 អ៊ីញ អាចនឹងចេញជាមួយក្ដារចុច ប្រភេទថ្មីផងដែរ។ រហូតមកដល់ពេលនេះ របាយការណ៍ថ្មីទាក់ទងនឹង iPad ចំនួនពីរម៉ូឌែលថ្មីៗ ផ្សេងទៀត ក៏បានបញ្ជាក់រួចហើយថា មកដល់ជិតចុងឆ្នាំនេះ រួមជាមួយគ្នាតែម្ដង។

នេះបើយោងទៅតាម ក្រុមសារពត៌មាន AppleInsider បានបង្ហាញឲ្យឃើញថា ការដាក់បញ្ចូលបទបញ្ញត្តិ ឧបករណ៍ ប្រើប្រាស់ថ្មីៗចំនួន 2 ម៉ូឌែល ដែលត្រូវបាន Apple ដាក់ការស្នើរសុំទៅ គណៈកម្មការសេដ្ឋកិច្ច អឺរ៉ាស៊ី Eurasian Economic Commission គឺត្រូវបានគេ រំពឹងទុកថាជា iPad ជំនាន់ក្រោយៗចំនួន 2 ម៉ូឌែលផងដែរ។ ចំពោះឯកសារទាំងអស់នោះ គឺគ្រាន់តែបង្ហាញអំពី លេខម៉ូឌែលតែប៉ុណ្ណោះ និងគ្មានអ្វី ផ្សេងទៀតឡើយ ដូច្នេះយើងមិនទាន់ដឹងថា ថេប្លេតស៊េរីថ្មីៗ ទាំងនេះ គឺជាជំនាន់ក្រោយនៃ The New iPad, iPad Air, iPad Mini ឬក៏ iPad Pro នោះទេ។ ទោះបីជាយ៉ាងណា Apple បានធ្វើការប្រកាសចេញ iPad Mini 5 (2019) និង iPad Air 3 (2019) រួចមកហើយ ដូចនេះមានតែដល់ពេល iPad និង iPad Pro ទទួលបានជំនាន់ថ្មី នាពេលចុងឆ្នាំនេះ។ 

 

បើយោងតាមការព្យាការណ៍ iPad Pro (2019) អាចនឹងបំពាក់ដោយ បន្ទះឈីប A13X ដែលផ្ដោត ទៅលើឈីប A13 មានបំពាក់នៅលើ iPhone ស៊េរីឆ្នាំ 2019 នាពេលខាងមុខនេះ ហើយក៏អាចដំឡើងសមត្ថភាព សេនស័រកាមេរ៉ា ថែមទៀតផង។ របាយការណ៍កាលពីមុនៗមក គឺពិតជាជឿជាក់ថា Apple អាចនឹងដំឡើងអេក្រង់ iPad 2019 ចាប់ពីទំហំ 9.7 អ៊ីញ ទៅកាន់ទំហំ 10.2 អ៊ីញតែម្ដង។ ចំណែកឯតារាងតម្លៃវិញ iPad 10.2-inch (2019) អាចនឹងស្ថិតនៅចន្លោះ iPad 9.7-inch (2018) និង iPad Air 3 (2019) ប៉ុន្ដែលោកអ្នក គួរដឹងមុនថា តម្លៃទាំងអស់នេះ គឺគ្រាន់តែជា ការប៉ាន់ស្មានតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ននេះ ជម្រើសនៃការរកជាវ iPad គឺហាក់បីដូចជា កាន់តែកើនឡើងច្រើន ដោយមានទាំងម៉ូឌែល iPad, iPad Air, iPad Mini និង iPad Pro ពីព្រោះតាំងពីដើមមក Apple ជាក្រុមហ៊ុន ដែលគេស្គាល់ថា ចូលចិត្តរក្សាភាពសាមញ្ញ ប៉ុន្ដែខណៈពេលបានដាក់ ឲ្យជ្រើសរើសច្រើនយ៉ាងនេះ ក៏ដូចជាចម្លែកម្យ៉ាងដែរ។ ទោះបីជាយ៉ាងណាក្ដី បើសិនជាប្រិយមិត្តអ្នកអាន កំពុងស្វែងរកជាវ iPad ដូច្នេះយើងសូមផ្តល់អនុសាសន៍ ឲ្យរង់ចាំបន្ដិចទៀតសិនទៅ ដោយក្រុមហ៊ុន Apple អាចនឹងប្រកាសចេញ iPad ចំនួនពីរម៉ូឌែលថ្មីៗទៀត នៅជិតចុងឆ្នាំ 2019 នេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: ថេប្លេត