CAMBO REPORT

Popup Advertising5 seconds

មែន​អត់​ដែល​ MacBook​ Pro​ 16​ អ៊ីញ​ជំនាន់ថ្មី​អាច​នឹង​មាន​តម្លៃ​ក្បែរ​ 3​ ពាន់​ដុល្លារ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងធ្លាប់បានចុះផ្សាយម្តងរួចហើយ ពីដំណឹងមួយ ដែលបង្ហាញរូបរាងគម្រូ នៅលើ MacBook Pro ទំហំអេក្រង់ 16 អ៊ីញ ជំនាន់ថ្មី ត្រូវបានគេឌីហ្សាញមក ជាមួយរចនាបថបែបស៊ីវិល័យ មានគែមទាលជាងមុន លើគ្រប់ជ្រុង តែម្តង។ ចំណែកផ្ទៃអេក្រង់ កាន់តែរីកធំ ជាមួយការកាត់បន្ថយគែម អោយនៅសល់កាន់តែខ្លី មែនទែន។ លើសពីនេះ ត្រង់បន្ទះ Trackpad មានផ្ទៃធំជាងមុន បង្ករអោយមានភាពងាយស្រួល ដល់ការប៉ះ ឬអូសបញ្ជា រីឯរន្ធ Speaker ទាំងសងខាង គឺបានរចនាចេញមក ដូចធុង Mac Pro ជំនាន់ថ្មី ជាក្រឡាតូចៗ ដូចប្រដាប់ឈូសល្ហុង។

 

 

យ៉ាងណា ក្រៅពីការបង្ហាញទៅលើរូបរាងគម្រូនេះហើយ យើងក៏បានដឹងខ្លះៗដែរ អំពីលក្ខណៈសម្បត្តិលេចធ្លាយ ពាក់ព័ន្ធជាមួយ MacBook Pro 16 អ៊ីញ ជំនាន់ថ្មី ហ្នឹងផងដែរ។ គេបានរកឃើញថា MacBook Pro ថ្មីនេះ អាចនឹងមានកម្រិតបង្ហាញរូបភាព 3072 x 1920 ភិចស៊ែល ជាប្រភេទ LCD ផ្គត់ផ្គង់ ដោយក្រុមហ៊ុន LG ប៉ុន្តែក៏មានប្រភពមួយទៀត បានបញ្ជាក់ថា វាអាចជាអេក្រង់ OLED ដែលផ្គត់ផ្គង់ ដោយក្រុមហ៊ុន Samsung។ ទោះការបង្ហាញចេញមក គឺផ្សេងពីគ្នាក្តី តែគេជឿជាក់ថា កុំព្យូទ័រថ្មីនេះ អាចនឹងទទួលបានត្រឹម LCD ប៉ុណ្ណោះ។ ជាក់ស្តែង នេះគ្រាន់ជាការគិតទេ រឿងបំពាក់ LCD ឬ OLED យើងនឹងបានដឹងច្បាស់ពេលចេញ ប្រកាសផ្លូវការ។

 

ប្រហែលមិនទាន់ចប់ទេ ព្រោះថាថ្មីៗនេះ ស្រាប់តែមានព័ត៌មានលេចធ្លាយ ចេញមកមួយទៀត ដោយបង្ហើបពីតម្លៃរបស់ MacBook Pro 16 អ៊ីញ នៅពេលបង្ហាញវត្តមាន។ តាមការបង្ហាញ បានបញ្ជាក់ថា កុំព្យូទ័រទំហំអេក្រង់ថ្មីនេះ អាចនឹងមានតម្លៃរាងថ្លៃ ប្រហែលជាខ្ទង់ 3000 ដុល្លារដែរ ឬក្រោមហ្នឹងតិចតួច ហើយតម្លៃប៉ុននេះ គឺមិនចាញ់តម្លៃ MacBook Pro 15.6 អ៊ីញ ដែលមានបំពាក់អេក្រង់ល្អ ជំនាន់ក្រោយគេ ក្នុងឆ្នាំនេះឡើយ។

 

 

សរុបមក នេះជាដំណឹងថ្មី ដែលប្រិយមិត្ត ជាពិសេសហ្វេនកុំព្យូទ័រ MacBook របស់ក្រុមហ៊ុនផ្លែប៉ោមឆែប អាចកត់ចំណាំទុក លើតម្លៃរបស់ MacBook Pro ទំហំអេក្រង់ 16 អ៊ីញ ជំនាន់ថ្មី ប៉ុន្តែយើងនៅមិនទាន់ ហ៊ានអះអាងទេថា វានឹងអាចមានតម្លៃ ដូចគេបង្ហាញមកហ្នឹងមែន ឬយ៉ាងណាឡើយ។ វាអាចនៅមានការលេចធ្លាយជាបន្តទៀត ទម្រាំប្រកាសចេញ ហើយចាំមើលថាតើ នឹងមានចំនុចពិសេសអ្វីបន្ថែមទៀត លើកុំព្យូទ័រយួរដៃ ស៊េរីថ្មីនេះ? 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កុំព្យូទ័រ