CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​ម៉ាក POCO ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​បិទ​ទ្វារ បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន​បាន​ដើរ​ចេញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់តាំងពីដើមឆ្នាំមក អ្នកគាំទ្រស្មាតហ្វូនម៉ាក Pocophone តែងតែសួរចង់ដឹងថា មូលហេតុអ្វីបានជា ស្មាតហ្វូនម៉ូឌែល Poco F2 មិនទាន់ឃើញបង្ហាញខ្លួន នៅលើទីផ្សារនោះ ដោយរហូតមកដល់ ពេលបច្ចុប្បន្ននេះទៅហើយ។ ទោះបីជាយ៉ាងណាក្ដី ប្រធានគ្រប់គ្រងលោក Jai Mani បានលាលែងពីតំណែងហើយ ដោយមិនដឹងពីមូលហេតុច្បាស់នៅឡើយ បន្ទាប់ពីបានឡើងកាន់ អស់រយៈពេលជាងមួយឆ្នាំមក និងបានធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភអំពីអនាគត របស់ស្មាតហ្វូនត្រកូល Pocophone នេះផងដែរ។

លោក Jai Mani មិនទាន់បានប្រកាស ចេញជាផ្លូវការនៅឡើយទេ អំពីការចាកចេញនេះ ប៉ុន្ដែគាត់បាន កែជីវប្រវត្តិ (Bio) នៅលើគណនី Twitter របស់គាត់ផ្ទាល់ថា “Ex-Product Manager of POCO phone and Xiaomi India” ដោយបញ្ជាក់ប្រាប់ថា គាត់លែងមានតំណែងគ្រប់គ្រង ស្មាតហ្វូនម៉ាក Pocophone ហើយនិងក្រុមហ៊ុន Xiaomi នៃប្រទេសឥណ្ឌា តទៅទៀតហើយ។ មិនត្រឹមតែប៉ុណ្ណេះនោះទេ អ្នកនាំពាក្យសកលរបស់ Xiaomi ដែលត្រូវជាលោក Donovan Sung ក៏បានចាកចេញដូចគ្នា ដោយបានប្រកាសប្រាប់ តាមរយៈអត្ថបទមួយ និងបាននិយាយថា គាត់នឹងចូលរួមជាមួយ Google ដើម្បីជួយធ្វើការលើ Google Pay សម្រាប់ផ្នែកទូទាត់ប្រាក់ផងដែរ។ 

 

ត្រឡប់ទៅលោក Jai Mani វិញ គាត់បានចូលរួម Xiaomi តាំងកាលពីឆ្នាំ 2014 មានមុខតំណែងជា អ្នកដឹកនាំផ្នែកផលិតផល ហើយកាលពីឆ្នាំមុននេះ គាត់បានគ្រប់គ្រងម៉ាក Pocophone ដែលជាស្មានហ្វូនប្រភេទ Flagship Killer និងទទួលបានអ្នកគាំទ្រ ជាច្រើនថែមទៀតផង។ រហូតមកដល់ ពេលបច្ចុប្បន្ននេះ ការលាលែងពីតំណែងរបស់គាត់ គឺត្រូវបានកើតឡើង ស្របនឹងខណៈពេល មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនម៉ាក Pocophone ត្រូវបានបិទទ្វារហើយ និងស្មាតហ្វូនម៉ូឌែល Poco F2 ក៏លែងផលិតទៀតដែរ។ ប្រិយមិត្តអ្នកអាន គួរតែដឹងមុនថា ការលើកឡើងទាំងនេះ គឺជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយក្រុមហ៊ុន Xiaomi ក៏មិនទាន់បានប្រកាស ចេញជាផ្លូវការ នៅឡើយទេ។

សរុបមក បន្ទាប់ពីបាត់ដំណឹង អំពីវត្តមាននៃស្មាតហ្វូន Pocophone F2 រហូតមកដល់ឥឡូវនេះ ប្រធានគ្រប់គ្រង ក៏បានលាលែងពី តំណែងទៀត ដូច្នេះហើយបានធ្វើឲ្យ ពាក្យចចាមអារ៉ាមថា វាអាចនឹងត្រូវបានបិទទ្វារ ដែលទាំងនេះ គឺកើតចេញជាក្ដីបារម្ភយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រទាំងឡាយ។ ប្រសិនបើមានពត៌មាន បន្ថែមតទៅទៀត ក្រុមការងារ ខេមបូ រីផត នឹងធ្វើការចុះផ្សាយជូន ដូច្នេះកុំភ្លេចរង់ចាំ តាមដានទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: India Today Tag: Lifestyle