CAMBO REPORT

Popup Advertising5 seconds

Galaxy Tab S6 អាច​មាន​ជម្រើស 3 ពណ៌ ជាមួយ​សមត្ថភាព​កាន់​តែ​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ យើងបានឃើញពត៌មានដំបូងមួយ ដែលទាក់ទងទៅនឹង ថេប្លេតជំនាន់ថ្មីរបស់ Samsung ហើយក្នុងពេលនោះ យើងក៏មិនទាន់ឃើញរូបរាង របស់វាច្បាស់លាស់នោះដែរ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ មានប្រភពពត៌មាន ជាច្រើនបានបង្ហោះពត៌មាន ដែលទាក់ទងទៅនឹង Galaxy Tab S6 ម្ដងទៀត ដែលលើកនេះ ហាក់មានលក្ខណៈច្បាស់លាស់ ក៏ដូចជាពិសេសជាងលើកមុនផងដែរ។

ចំពោះការលេចធ្លាយលើកនេះ បានបង្ហាញថា Samsung Galaxy Tab S6 អាចនឹងមានប៊ិច S Pen ដែលត្រូវបានដាក់នៅត្រង់ចង្អូរ ផ្នែកខាងក្រោយ នៃថេប្លេត និងកាន់តែពិសេសទៀតនោះ ប៊ិចនេះអាចនឹងប្រើប្រាស់ ប៊្លូធូដូចទៅនឹង S Pen ដែលមាននៅលើ Galaxy Note 9 ដែរ។ លើសពីនេះ ថេប្លេតជំនាន់ទី ៦ អាចនឹងមានភ្ជាប់មកជាមួយ ក្តារចុចទៀតផង ដែលមើលទៅដូចជាត្រូវបាន បែងចែកជាពីរផ្នែក ដោយម្ខាងត្រូវបានភ្ជាប់ ជាមួយផ្នែកខាងក្រោយ សម្រាប់ដាក់ទ្រឲ្យទ្រេត និងម្ខាងទៀតភ្ជាប់នៅផ្នែកខាងមុខ គឺជាក្តារចុចតែម្ដង ដោយឃើញថា វាមានលក្ខណៈស្រដៀងទៅនឹង Microsoft Surface ដែរ។

កាន់តែពិសេសទៅទៀតនោះ Galaxy Tab S6 អាចនឹងមាន រន្ធបំពងសម្លេងចំនួន ២ គ្រាប់ ដែលរឹតតែធ្វើឲ្យគុណភាពសម្លេងរបស់វា កាន់តែប្រសើរថែមមួយកម្រិតទៀត ហើយក៏គួរឲ្យស្តាយដែរ ដែលវាអាចនឹងលុបបំបាត់ រន្ធដោតកាសផងដែរ។ ពិតណាស់ ចំពោះដំណឹងលើកក្រោយនេះ បង្ហាញថា វាអាចនឹងមានកាមេរ៉ាខាងក្រោយ ចំនួនពីរគ្រាប់ ដូចការបែកធ្លាយលើកមុនអញ្ចឹង ដែលមួយគ្រាប់ដែលបានបន្ថែមនោះ អាចជាលេន wide-angle ទៀតផង។ 

 បើតាមតាមពត៌មានកាលពីពេលមុនដដែល បានបញ្ជាក់ថា ថេប្លេតជំនាន់ថ្មីនេះ អាចប្រើប្រាស់បន្ទៈឈីប លំដាប់កំពូលរបស់ Qualcomm គឺ Snapdragon 855 ដោយអាចបំពាក់រ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB ដែលត្រូវបានគេរំពឹងថា អាចនឹងមាន LTE និង Wi-Fi នៅក្នុងម៉ាស៊ីនតែមួយផងដែរ។ មួយវិញទៀត Samsung Galaxy Tab S6 អាចនឹងត្រូវប្រកាស នៅក្នុងព្រឹត្តិការណ៍ Unpacked ជាមួយនឹង Galaxy Note 10 series ទៀតផង ឬមួយក៏អាចយូរជាងនេះបន្តិចទៀត គឺនៅក្នុងព្រឹត្តិការណ៍ IFA ចុងឆ្នាំនេះ ដោយវាអាចនឹងមានជម្រើសពណ៌ចំនួន ៣ រួមមាន ខៀវស្រាល ប្រផេះ និងចុងក្រោយគេហៅថាពណ៌ Rose gold ផងដែរ។

និយាយរូមមកវិញ ថេប្លេតជំនាន់ទី៦ របស់ Samsung អាចនឹងមានការកែប្រែច្រើនដែរ បើប្រៀបទៅនឹង Galaxy Tab ដែលចេញក្នុងឆ្នាំមុន ហើយបើសិនជាវាពិតជាដូចជាអ្វី ដែលបានរៀបរាប់ខាងលើនេះមែន ខ្ញុំគិតថា វាពិតជាថេប្លេតមួយ ដែលគួរឲ្យចាប់អារម្មណ៍មែនទែន ដោយសារវាមានកាមេរ៉ាខាងក្រោយពីរគ្រាប់ រន្ធបំពងសម្លេងពីរគ្រាប់ និងជាពិសេសគឺ ប៊ិច S Pen តែម្តង ដែលវាពិតេជាមានប្រយោជន៍ច្រើនគួរសម ក្នុងការប្រើប្រាស់ផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Android Central Tag: ថេប្លេត