CAMBO REPORT

Popup Advertising5 seconds

គម្រោង​ថ្មី​របស់​លោក Elon Musk គឺ​ការ​បំពាក់​ឈីប​លើ​ខួរ​ក្បាល​មនុស្ស

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

លោក Elon Musk បានដាក់បង្ហាញនូវសមិទ្ធផល ដ៏ពិសេសៗរបស់គាត់ អស់រយៈពេល 25 ឆ្នាំកន្លងមកហើយ ដោយរួមមានដូចជា ធនាគារអនឡាញ PayPal, ដំបូលក្បឿងមានបំពាក់ Solar, ម៉ាស៊ីនជីករូងដី, ឡានសាកអាគុយ ឬឡានអគ្គិសនី និងយានអាវកាសផងដែរ។ ទោះបីជាយ៉ាងណា គាត់មិនឈប់ត្រឹមនេះឡើយ ដោយបានប្រកាសចេញ គម្រោងថ្មីជាមួយក្រុមហ៊ុន Neuralink របស់គាត់ផ្ទាល់តែម្ដង ដោយចង់បំពាក់ឈីប លើខួរក្បាលសត្វ និងថែមទាំងមនុស្ស ដើម្បីអភិវឌ្ឍប្រព័ន្ធ បញ្ជូនទិន្នន័យ រវាងមនុស្សនិងកុំព្យូទ័រ ឲ្យកាន់តែងាយស្រួល។

ក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើង ដោយលោក Elon Musk កាលពីក្នុងឆ្នាំ 2017 ដែលគោលដៅដំបូង គឺតាមដានសកម្មភាព និងកត់ត្រាទិន្នន័យខួរក្បាល របស់សត្វកណ្ដុរ តាមរយៈពេលការតភ្ជាប់ គ្រឿងអេឡិចត្រូតទំហំតូចៗ ជាមួយនឹងសរសៃប្រសាទ និងសាច់ដុំ របស់សត្វទាំងនោះ។ ចាប់តាំងពីពេលនោះមក ក្រុមងារការ Neuralink ហាក់បីដូចជាទទួលបាន លទ្ធផលជោគជ័យជាច្រើន ដែលអនុញ្ញាតឲ្យបំពាក់ ប្រព័ន្ធកុំព្យូទ័រល្បឿនលឿន នៅក្នុងខួរក្បាលសត្វ ដោយមិនប៉ះពាល់សុខភាព ខ្លាំងណាស់ណាស់ នោះទេ។ បើយោងទៅតាម ប្រភពពត៌មាន បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនរបស់គាត់ នឹងដាក់ស្នើរសុំសិទ្ធិ សាកល្បងលើខួរក្បាលមនុស្ស ដោយយ៉ាងឆាប់បំផុត នៅដើមឆ្នាំក្រោយតទៅ។ 

គោលដៅបំពាក់លើខួរក្បាលមនុស្ស គឺត្រូវការខួងរន្ធទំហំ 8mm ចំនួន 4 កន្លែងខុសៗគ្នា ទៅលើលលាដ៏ក្បាល របស់អ្នក ចូលរួមពិសោធន៍ និងបញ្ចូលឈីបទាំងនោះ ដើម្បីអាចឲ្យពួកគេ ទទួលបាន សមត្ថភាពពិសេស ក្នុងការត្រួតពិនិត្យ ឬបញ្ជាប្រព័ន្ធកុំព្យូទ័រ និងស្មាតហ្វូននានាបាន ដោយគ្រាន់តែប្រើការ គិតប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ Neuralink បានប្រមូលថរិកាបានចំនួន 150 លានដុល្លារអាមេរិក ពីក្រុមហ៊ុនជាដៃគូសហការ និងយ៉ាងហោចណាស់ចំនួន 100 លានដុល្លារអាមេរិកថែមទៀត ចេញពីលោកប្រធាន Elon Musk ដើម្បីអាចធានាបានថា នាពេលឆាប់ៗ ខាងមុខនេះ មនុស្សរាប់លាននាក់ ប្រាកដជាអាចបំពាក់ ឈីបជំនួយខួរក្បាលបាន។ 

ការដាក់បញ្ចូលឈីប ជាប់ជាមួយខួរក្បាលមនុស្ស គឺត្រូវការតម្លើងម៉ាស៊ីន ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីចូលទៅក្នុងប្រហោងខួង លលាក្បាល បន្ទាប់មកបំពាក់ខ្សែ សម្រាប់តភ្ជាប់ផងដែរ។ ខ្សែទាំងអស់នោះ មានទំហំត្រឹមតែមួយភាគបួន នៃសក់របស់មនុស្សប៉ុណ្ណោះ និងបញ្ចូលជាមួយ ប្រព័ន្ធអេឡិចត្រូតជាច្រើន។ របាយការណ៍ពិសោធន៍ទៅលើ ខួរក្បាលសត្វកណ្ដុរ គឺបានបង្ហាញឲ្យឃើញថា វាទទួលបាន ជោគជ័យចំនួន 87% ឯណោះ ហើយឈីប នៅលើសត្វទាំងនោះ បានបន្ថែមនូវរន្ធខ្សែ USB Type-C ដើម្បីអាចឲ្យបញ្ចូន គំនិតរបស់ពួកវាទៅកាន់ កុំព្យូទ័រនៅក្បែរនោះ ថែមទៀតផង។

ពិតប្រាកដណាស់ នាពេលបច្ចុប្បន្ននេះ ភាពជោគជ័យមិនទាន់បានដល់ 100% នៅឡើយទេ ប៉ុន្ដែការពិសោធន៍ទៅលើសត្វកណ្ដុរ អាចងាយស្រួល ស្វែងយល់ អំពីកំហុសនានា ដើម្បីចាប់ផ្ដើម ធ្វើតេស្ដលើ ខួរក្បាលរបស់មនុស្សពិតៗ ក្នុងពេលខាងមុខនេះ។ លើសពីនេះលោក Elon Musk ក៏មានការចាប់អារម្មណ៍ ពិសោធន៍ទៅលើសត្វស្វា ពីព្រោះខួរក្បាលធម្មតារបស់វា ក៏អាចចេះប្រើកុំព្យូទ័រ រួចស្រាប់មកហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Bloomberg Tag: វិទ្យាសាស្ត្រ