CAMBO REPORT

Popup Advertising5 seconds

ប៉ាតង់​ថ្មី​បង្ហាញ​ថា នាឡិកា​ឆ្លាត​វៃ Apple Watch Series 5 អាច​មាន​បំពាក់​កាមេរ៉ា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាឡិកាឆ្លាតវៃ Apple Watch Series 4 បានសង្កត់ធ្ងន់លើ សុខភាពរបស់អតិថិជន ជាមួយនឹងលក្ខណៈពិសេសដូចជា ការបញ្ចូនសារដំណឹង នៅពេលដែលអ្នកដួល និងការត្រួតពិនិត្យចង្វាក់បេះដូង ជាប់ជារៀងរហូត ថែមទៀតផង។ បើផ្អែកទៅលើ ការដាក់ពាក្យស្នើរសុំ ប៉ាតង់ថ្មីមួយចំនួន និងរបាយការណ៍ លេចធ្លាយផ្សេងៗទៀត បានបង្ហាញថា នាឡិកាឆ្លាតវៃ Apple Watch Series 5 នឹងអាចបែរ ទៅផ្ដោតលើ មុខងារធ្វើការជំនួស ឲ្យស្មាតហ្វូននានា ដោយបានបន្ថែមនូវ សេនស័រកាមេរ៉ាផងដែរ។

យោងទៅតាមឯកសារប៉ាតង់ ដែលបានចុះបញ្ជីនៅ ការិយាល័យប៉ាតង់ និងម៉ាកយីហោ របស់សហរដ្ឋអាមេរិក គឺបានបង្ហើបឲ្យដឹងថា Apple កំពុងមានគម្រោងធ្វើឲ្យ Apple Watch Series 5 ក្លាយជានាឡិកា ឆ្លាតវៃដំបូងរបស់ខ្លួន ដែលមាន កាមេរ៉ាមកស្រាប់។ ចំណែកឯអ្វី ដែលគួរឲ្យ ភ្ញាក់ផ្អើលជាងនេះទៅទៀត គឺយើងប្រទះឃើញថា Apple មានបំណងចង់បំពាក់ សេនស័រកាមេរ៉ា នៅក្នុងខ្សែនាឡិកាទៅវិញ ដោយមិនមែនដាក់នៅ មុខនាឡិកានោះឡើយ។ នៅពេលអ្នកប្រើប្រាស់ ចង់ថតរូបភាពអ្វីមួយ នោះតម្រូវឲ្យធ្វើការ ទាញខ្សែនាឡិកាចេញ ហើយញាត់ចូលវិញ នៅពេលថតរួចរាល់ ដូចបានដាក់បង្ហាញ ក្នុងរូបភាពខាងក្រោម។ ចំពោះអត្ថប្រយោជន៍វិញនោះ គឺអាចអនុញ្ញាតឲ្យយើង បត់បែនទីតាំងកាមេរ៉ា តាមតម្រូវចិត្តផងដែរ។ 

ទោះបីជាយ៉ាងណា ថាតើនាឡិកាឆ្លាតវៃ Apple Watch Series 5 នឹងអាចមាន សេនស័កាមេរ៉ា ឬក៏អត់នោះ គឺត្រូវរង់ចាំមើល ទាំងអស់គ្នា ហើយប្រសិនបើជា មានបំពាក់កាមេរ៉ាមែននោះ Apple ប្រាកដជាអាច ទាក់ទាញ ចំណាប់អារម្មណ៍ អតិថិជន បានយ៉ាងច្រើនតែម្ដង។ ចំពោះថ្ងៃប្រកាសជាផ្លូវការ យើងអាចរំពឹងទុកថា នាឡិកាឆ្លាតវៃ Apple Watch Series 5 នឹងបង្ហាញមុខឡើង នៅក្នុងកញ្ញាឆ្នាំ 2019 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Inverse Tag: នាឡិកាវៃឆ្លាត