CAMBO REPORT

Popup Advertising5 seconds

លើកនេះ​អាច​មែន​ទែន​ហើយ ដោយ​ស្ថាបត្យករ​ម្នាក់ ធ្លាប់​បាន​ធ្វើ​ការ​នៅ ARM, Intel និង AMD មក​សិក្សា​លើ​ការ​បង្កើត​ឈីប ផ្ទាល់​ខ្លួន​សម្រាប់ Apple តែ​មួយ​គត់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនអេឡិចត្រូនិក Apple បានបង្កើតក្រុមការងារ ផលិតបន្ទះឈីបផ្ទាល់ខ្លួន ដោយធ្វើការជួល អ្នករចនាស៊ីភីយូ ដ៏មានបទពិសោធម្នាក់ ដែលធ្លាប់ធ្វើការងារនៅ ARM ជិតមួយទសវត្សទៅហើយ។ ស្ថាបត្យករជំនាញម្នាក់នេះ គឺមានឈ្មោះថា Mike Filippo ហើយក្រៅពីនេះ គាត់ក៏ធ្លាប់បាន ចំណាយពេលវេលា ធ្វើការទៅលើ ស៊ីភីយូមួយចំនួនសម្រាប់ Intel និង Advanced Micro Devices (AMD) ថែមទៀតផង។

 

 

ចំណែកឯការជួលឲ្យ ស្ថាបត្យករម្នាក់នេះ មកធ្វើការនៅ Apple គឺជាប្រយោជន៍មួយដ៏ធំ ដោយសារតែ ARM គឺជាក្រុមហ៊ុនទទួលខុសត្រូវ ទៅលើបច្ចេកវិទ្យានានា ដែលបំពាក់ក្នុងឈីបស៊េរី A សម្រាប់ស្មាតហ្វូន (iPhone) និងថេប្លេត (iPad) គ្រប់ម៉ូឌែលទាំងអស់ ចាប់ផ្ដើមឡើងតាំងពី ជំនាន់ដំបូងឯណោះ។ បើយោងតាម អ្នកតំណាងមកពី ARM បានប្រាប់សារពត៌មាន Bloomberg ថា “លោក Mike គឺជាសមាជិកដ៏មានតម្លៃ យូរណាស់មកហើយ សម្រាប់សហគមន៍ ARM ហើយយើងសូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង ទាំងអស់របស់គាត់ និងសូមជូនពរឲ្យគាត់ ខិតខំប្រឹងប្រែង បន្ថែមតទៅទៀត” ក៏ប៉ុន្ដែក្រុមហ៊ុន Apple មិនទាន់មានមតិអ្វី សម្រាប់ឆ្លើយតបទៅវិញនោះទេ។

 

អស់រយៈពេល ជាច្រើនឆ្នាំមកនេះ គឺមានសារពត៌មាន ប្រចាំឧស្សាហកម្មនេះ បានភ្ញាក់ផ្អើលថា Apple មានការចាប់អារម្មណ៍ បង្កើតបន្ទះឈីប (CPU) សម្រាប់ពពួកកុំព្យូរទ័រ Mac ដោយខ្លួនឯងផ្ទាល់ ដូច្នេះហើយការជួល ស្ថាបត្យករជំនាញម្នាក់នេះ អាចដើម្បីមកជួយ លើគម្រោងនេះផងដែរ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ Apple ហាក់បីដូចជា មិនទាន់បានផ្តល់នូវ សេចក្តីថ្លែងការណ៍ ជាផ្លូវការនៅឡើយទេ អំពីគោលបំណង ចង់ផលិតស៊ីភីយូ ដោយខ្លួនឯងផ្ទាល់ ប៉ុន្ដែឃើញមានត្រឹម ពត៌មានលេចធ្លាយ ចុះផ្សាយតែប៉ុណ្ណោះ។

 

 

ប្រសិនបើយោងតាម របាយការណ៍ពីមុនៗ បានដាក់បង្ហាញឲ្យឃើញថា ស៊ីភីយូជំនាន់ដំបូង ដែលរចនាឡើងដោយ Apple គឺអាចលេចមុខឡើង នៅលើទីផ្សារនានា យ៉ាងឆាប់បំផុតក្នុងឆ្នាំ 2020 ខាងមុខនេះ។ លើសពីនេះទៅទៀត ជំនាញពិសេសពីលោក Mike Filippo ក៏អាចជាត្រូវបាន Apple ដាក់ឲ្យធ្វើការលើ ផ្នែកផ្សេងៗទៀត ដូចជាបន្ទះឈីបសម្រាប់ iPhone និង iPad ជំនាន់ក្រោយៗ ថែមទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: កុំព្យូទ័រ