CAMBO REPORT

Popup Advertising5 seconds

ហ្គេម League of Legends ត្រូវ​បាន​បិទ​លែង​ឲ្យ​លេង​ក្នុង​ប្រទេស​អ៊ីរ៉ង់​និង​ស៊ីរី ដោយ​រដ្ឋា​ភិបាល​អាមេរិក!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជាងមួយទសវត្សបន្ទាប់ពីក្រុមហ៊ុន Riot បានប្រកាសចេញហ្គេម League of Legends គឺហាក់បីដូចជា នៅអាចទទួលបាន ប្រជាប្រិយភាព ដូចកាលពីពេលចេញ ដំបូងដដែល។ ទោះបីជាយ៉ាងណា នាពេលថ្មីៗនេះ អ្នកនិយមលេងហ្គេម League of Legends ក្នុងប្រទេស អ៊ីរ៉ង់និងស៊ីរី បានព្យាយាមបើកលេង ប៉ុន្ដែបែរជាទទួលបាន សារមួយពន្យល់ប្រាប់ថា ពួកគេនឹងមិនអាច បន្ដការលេងបាន តទៅទៀតឡើយ។ 

ចំណែកឯក្នុងសារមួយនោះ គឺបានសរសេរបញ្ជាក់ថា “ដោយសារតែច្បាប់ និងបទបញ្ញត្តិនានា របស់សហរដ្ឋអាមេរិក ដូច្នេះអ្នកលេងទាំងអស់ ក្នុងប្រទេសរបស់អ្នក នឹងមិនអាចធ្វើការ បើកដំណើរការហ្គេម League of Legends បាននៅពេលនេះឡើយ ប៉ុន្ដែការរឹតបន្តឹងបែបនេះ អាចនឹងត្រូវផ្លាស់ប្តូរ ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក ដូច្នេះបើអាចកើតឡើងមែន យើងនឹងទន្ទឹងរង់ចាំ លោកអ្នកត្រឡប់មកវិញ”។ បញ្ហាទាំងអស់នេះ គឺជាការផ្ដើមឡើងដោយ ភាពតានតឹងរវាង សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ (ប្រទេសស៊ីរី ក៏ត្រូវជាសម្ព័ន្ធមិត្តជាមួយ ប្រទេសអ៊ីរ៉ង់ ដូច្នេះហើយបានទទួលរង ផលប៉ះពាល់ដូចគ្នា) បន្ទាប់ពីបានបំផ្លាញ យន្តហោះចម្បាំង Drone របស់សហរដ្ឋអាមេរិក។ 

 

មូលហេតុនេះហើយ គឺមានន័យថា ផ្នែកពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ កំពុងត្រូវហាមឃាត់ នាពេលបច្ចុប្បន្ននេះ។ ឥទ្ធិពលពាណិជ្ជកម្មនេះ ក៏បានប៉ះពាល់ដល់ ពពួកហ្គេមថែមទៀតផង ដែលរួមមានទាំងហ្គេម League of Legends ពីព្រោះតែ បានផលិតឡើង នៅក្នុងសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ គឺបានប្រទះឃើញមាន អ្នកលេងមួយចំនួន រកដំណោះស្រាយរួចហើយ ដោយប្រើប្រាស់កម្មវិធី VPN ដូច្នេះនឹងអាចបន្ដលេងហ្គេម LoL ក្នុងប្រទេសអ៊ីរ៉ង់និងស៊ីរី បានតទៅទៀត។ 

សរុបមក បញ្ហាទាំងអស់នេះ គឺហាក់បីដូចជា ស្រដៀងគ្នាទៅនឹង សង្គ្រាមពាណិជ្ជកម្មរវាង Huawei និងសហរដ្ឋអាមេរិក អញ្ចឹងដែរ ដោយផលិតផលត្រូវបាន ហាមឃាត់លែងឲ្យ បន្ដប្រើប្រាស់តទៅទៀត ហើយក្រុមហ៊ុនរបស់អាមេរិក នឹងមិនអាចផ្គត់ផ្គង់ ផលិតផលរបស់ខ្លួន ទៅឲ្យ Huawei ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Game Rant Tag: កម្មវិធី-ហ្គេម