CAMBO REPORT

Popup Advertising5 seconds

រថយន្ដ​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ Tesla បាន​បន្ថែម​មុខងារ​ថ្មី អាច​ទាញ​យក​ហ្គេម​មក​លេង​បាន​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ផ្ទាំងបញ្ជាមីនុយថ្មី ក្នុងកំណែអាប់ដេត ជំនាន់ចុងក្រោយ នៅលើរថយន្ដម៉ាក Tesla រួមទាំងម៉ូឌែល S, X ហើយនិង 3 គឺបានបន្ថែមនូវប៊ូតុង Arcade ដែលមានផ្ទុកនូវហ្គេម Beach Buggy Racing 2 ផលិតឡើងជាពិសេស សម្រាប់រថយន្ដម៉ាក Tesla តែមួយកត់ និងមិនធ្លាប់ឃើញពីមុន សម្រាប់យានយន្ដ បើកបរនោះឡើយ។ ចំពោះដៃចង្កូតរថយន្ដ ហើយថែមទាំង ឈ្នាន់ហ្វ្រាំងទាំងឡាយ នឹងក្លាយទៅជាឧបករណ៍ សម្រាប់បញ្ជាលេងហ្គេម ប៉ុន្តែកុំទាន់បារម្ភអី ពីព្រោះវាតម្រូវឲ្យលោកអ្នក ចតរថយន្ដជាមុនសិន ទើបអាចអនុញ្ញាតឲ្យ លេងហ្គេមនេះបាន។

សម្រាប់ម្ចាស់រថយន្ដ Tesla គឺអាចលេងហ្គេមនេះ ដោយម្នាក់ឯងបាន ឬចែករំលែកអេក្រង់ ដើម្បីលេងជាមួយ អ្នកដទៃទៀតក៏បានដែរ ដោយអ្នកលេងម្នាក់ ត្រូវបញ្ជាថាច់ស្គ្រីន លើផ្ទៃកញ្ចក់អេក្រង់ ហើយម្នាក់ទៀតប្រើ ដៃចង្កូតរថយន្ដតែម្ដង។ ក្រុមហ៊ុន Tesla ក៏បានសន្យាថា ខ្លួននឹងបន្ថែមហ្គេមថ្មីៗទៀត គឺរួមមានដូចជាហ្គេម Cuphead (Studio MDHR) ហើយនិងហ្គេម Fallout Shelter ដែលអាចភ្ជាប់ជាមួយ ដៃហ្គេមពីខាងក្រៅ មកបញ្ជាលេងបាន។ លើសពីនេះទៅទៀត សូម្បីតែកម្មវិធី Netflix និង YouTube ក៏ត្រូវបានរំពឹងទុកថា នឹងមកដល់រថយន្ដ Tesla ក្នុងពេលឆាប់ៗនេះដែរ។ នៅពេលដែលរថយន្ដ Tesla បានអាប់ដេតរួចរាល់ នោះហ្គេមទាំងនោះ នឹងបញ្ចូលក្នុងឡាន រួចជាស្រេចតែម្ដង ហើយវាប្រើថាមពលថ្ម តិចតួចតែប៉ុណ្ណោះ ដូច្នេះមិនសូវបង្ហិន ភាគរយថ្មរបស់រថយន្ដ ច្រើននោះឡើយ។

សរុបមក នាពេលបច្ចុប្បន្ននេះ យើងហាក់បីដូចជា ប្រទះឃើញមានតែ ក្រុមហ៊ុនរថយន្ដអគ្គិសនី Tesla តែមួយប៉ុណ្ណោះ នៅលើទីផ្សារ ដែលដាក់បញ្ចូលហ្គេម ទៅឲ្យយានយន្ដរបស់ខ្លួន ដោយអាចជាយុទ្ធសាស្ត្រ ដើម្បីជាការទាក់ទាញ អតិថិជនថ្មីៗផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានសង្ឃឹមទុកថា ការបញ្ចូលហ្គេមនេះ នឹងអាចជួយទៅដល់ ការអង្គុយរង់ចាំក្នុងឡាន នៅពេលកំពុងសាកថ្ម កុំឲ្យធុញទ្រាន់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: យានយន្ត