CAMBO REPORT

Popup Advertising5 seconds

នាយក​ប្រតិបត្តិ Huawei បញ្ជាក់​ថា ក្រុមហ៊ុន​ខ្លួន​នឹង​ខាត​បង់​ប្រាក់​ចំណូល​ខ្ទង់​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ដោយសារ​សង្គ្រាម​ពាណិជ្ជ​កម្ម​ជាមួយ​អាមេរិច!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែមេសាកន្លងទៅ Huawei បានរាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួន ក្នុងត្រីមាសដំបូងនៃឆ្នាំ 2019 បានកើនឡើងដល់ទៅ 39% បើទោះបីជា កំពុងតែជួបប្រទះ ការរារាំងសម្ព័ន្ធមិត្ត និងធ្វើអាជីវកម្មជាមួយ ក្រុមហ៊ុនរបស់អាមេរិក យ៉ាងណាក៏ដោយ។ ប៉ុន្ដែនាពេលឥឡូវនេះ អគ្គនាយកក្រុមហ៊ុន Huawei គឺលោក Ren Zhengfei បានប្រកាសប្រាប់ នៅក្នុងព្រឹត្តិការណ៍មួយ កាលពីប៉ុន្មានថ្ងៃមុនថា ក្រុមហ៊ុនបានព្យាករណ៍រួចមកហើយថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន នឹងត្រូវធ្លាក់ចុះមកត្រឹម 100 ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ខណៈដែលប្រាក់ចំណូលកាលពីឆ្នាំទៅ មានចំនួន 107 ពាន់លានដុល្លារ។

លោក Ren Zhengfei បានស្ដីបន្ទោសទៅកាន់ សេចក្ដីសម្រេចរបស់ សហរដ្ឋអាមេរិក ដែលបានដាក់បញ្ចូល Huawei ទៅក្នុងបញ្ជីខ្មៅ និងហាមឃាត់លែងឲ្យ ជាវគ្រឿងបច្ចេកវិទ្យាទាំងឡាយ ដែលផលិតដោយ ក្រុមហ៊ុនអាមេរិក រួមមានដូចជា ប្រព័ន្ធប្រតិបតិ្តការ, កម្មវិធី Software ហើយនិងបន្ទះឈីប ដែលចាំបាច់បំផុត ក្នុងការផលិតស្មាតហ្វូន។ ការបិទសិទ្ធិទិញ/លក់នេះ នឹងធ្វើឲ្យក្រុមហ៊ុន Huawei ខាតបង់ប្រាក់ចំណូល រហូតដល់ទៅចំនួន 30 ពាន់លានដុល្លារ សម្រាប់ក្នុងឆ្នាំ 2019 នេះ និងឆ្នាំក្រោយផងដែរ។ លើសពីនេះទៅទៀត បើយោងតាម ក្រុមសារពត៌មាន ប្រភពចេញមកពី Bloomberg បានរាយការណ៍ថា CEO របស់ Huawei បានបញ្ជាក់ថា ទីផ្សារលក់ស្មាតហ្វូន Huawei នៅឯតាមតំបន់ផ្សេងៗទៀត ក្រៅពីប្រទេសចិន បានធ្លាក់ចុះចំនួន 40% នៅក្នុងរយៈពេល ប៉ុន្មានខែកន្លងមកនេះ។

 

ក្រៅពីនេះទៅទៀត លោក Ren Zhengfei បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើសកម្មភាព របស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់ Huawei ក៏ប៉ុន្ដែក្នុងរយៈពេល 2 ឆ្នាំខាងមុននេះ គាត់បានរំពឹងទុកថា ក្រុមហ៊ុនរបស់ខ្លួន នឹងអាចបង្កើតឈីប និងបច្ចេកវិទ្យាថ្មីៗ ដោយផ្ទាល់ខ្លួន ទាំងស្រុងតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងទស្សនៈផ្សេងមួយទៀត គាត់ក៏នៅតែចង់ឲ្យ Huawei ប្រើប្រាស់បច្ចេកវិទ្យា របស់អាមេរិកដដែល ប្រសិនបើអាចទៅរួច ហើយក៏មិនបន្ទោស ទៅកាន់ក្រុមហ៊ុននានា របស់អាមេរិកនោះទេ ប៉ុន្ដែចង់សំដៅទៅឲ្យ អ្នកនយោបាយនៅក្នុង សហរដ្ឋអាមេរិក តែម្ដង។

បើយោងទៅតាម របាយការណ៍ចេញពី Huawei គឺបានបង្ហាញថា ក្រុមហ៊ុនរបស់ខ្លួន បានចំណាយទឹកប្រាក់ ប្រហាក់ប្រហែលជា 11 ពាន់លានដុល្លារ ក្នុងការជាវបច្ចេកវិទ្យា ពីក្រុមហ៊ុនរបស់អាមេរិកនានា កាលពីឆ្នាំមុន ហេតុដូច្ចេះហើយ សង្គ្រាមពាណិជ្ជកម្ម អាចធ្វើឲ្យខាតបង់ ទាំងសងខាងផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: WIRED Tag: Lifestyle