CAMBO REPORT

Popup Advertising5 seconds

Apple ចង់​ធ្វើ​ការ​ទិញ​យក​ជំនួញ 5G របស់ Intel ដើម្បី​បង្កើត​ម៉ូឌឹម 5G ដោយ​ខ្លួន​ឯង​តែ​ម្តង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple ជាក្រុមហ៊ុនដែលឈានមុខគេមួយ ទាំងបច្ចេកវិទ្យា និងគុណភាព តែពេលនេះ ពួកគេបានធ្វើឱ្យខ្លួនធ្លាក់ចុះមួយកម្រិត បន្ទាប់ពីបណ្តោយឱ្យ ក្រុមហ៊ុនគូប្រជែងដើរមុន បានមួយជំហ៊ាន។ តួយ៉ាងមុខងារស្កេនម្រាមដៃលើអេក្រង់ បច្ចេកវិទ្យាសាកថ្មលឿន បច្ចេកវិទ្យាលាក់កាមេរ៉ា និងពិសេសចុងក្រោយមួយគឺ 5G។ អញ្ចឹងកុំអោយអ្នកប្រើ ចាំយូរ Apple នឹងនាំយក 5G មកបំពាក់អោយបាន លឿនតាមតែអាចធ្វើទៅបាន។ មូលហេតុនេះទើប ពួកគេបានសម្រេចថា នឹងទិញ ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Intel ដើម្បី​ជួយ​រុញ​បច្ចេក​វិទ្យា 5G របស់​ខ្លួន​ឱ្យលឿនជាងនេះ។

 

 

មួយរយៈមុននេះ Intel ត្រូវបានគេរាយការណ៍ថា ចង់លក់ជំនួញផ្នែកម៉ូឌឹមរបស់ខ្លួន ដែលតំបន់ស្នូលនៃជំនួញនេះគឺស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់។ ស្របគ្នានេះដោយសម្លឹងឃើញ ពីការចង់បញ្ឈប់គម្រោង ខាងលើរបស់ Intel ទើបខាង Apple ចង់ទិញយកផ្នែកដែល ស្ថិតក្នុងគម្រោងនោះ ដើម្បីយកមកបន្តការអភិវឌ្ឍផ្នែក 5G នេះ អោយកាន់តែប្រសើរជាងមុន សម្រាប់ផលិតផលរបស់គេ។

 

 

ជាក់ស្តែងបច្ចេកវិទ្យា 5G គឺមានប្រើរួចមកហើយ នៅលើស្មាតហ្វូន Android ជាច្រើនម៉ូឌែលហើយយើងក៏មិនបាច់​រៀបរាប់​ដែរ ។ អញ្ចឹង​​ហេតុ​​អ្វីបានជា Apple ហាក់យឺតយ៉ាវក្នុងការ នាំយកនូវបច្ចេកវិទ្យាល្អៗមកបែបនេះ យើងអាចយល់ថាពួកគេ ហាក់ព្យាយាមគិតគូរពីសុវត្ថិភាព ជាមុន។ តែអ្វី​ដែលយើងឃើញពេលនេះស្មាតហ្វូន Android កំពុងឈានទៅកាន់តែឆ្ងាយ ពិសេស 5G នេះតែម្តង។ ចំណែក​ខាង Apple គឺគ្រោងនឹងមានបំពាក់ ដែរតែត្រូវរងចាំដល់ ឆ្នាំក្រោយអាចមិនច្បាស់ ថាដើមឆ្នាំឫយូរជាងនេះផង។ យូរចឹង​ម្តេចចាំកើត ហើយកាលពីមុននេះក្រុមអ្នក ជំនាញដែលធ្លាប់ធ្វើការ ក្នុងគម្រោងរបស់ Intel ខាងលើក៏ធ្លាប់ចាកចេញមកចូលរួម ជាមួយ Apple ដូចគ្នាដែរ ចឹងបើពួកគេមានបំណងនេះ ក៏មិនប្លែកដែរ។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ខាង Intel ក៏ធ្លាប់បង្ហើបការចាប់អារម្មណ៍ លក់ជំនួញខាងលើដែរ តែពួកគេមិនបានបញ្ជាក់ថា លក់ទៅក្រុមហ៊ុនណានិង ក្នុងតម្លៃប៉ុន្មាននោះទេ។ ប៉ុន្តែប្រសិនបើ Apple សម្រេចបានការចុះហត្ថលេខា លក់របស់ Intel ច្បាស់ណាស់វាពិតជាល្អ សម្រាប់គម្រោង 5G របស់ពួកគេ ព្រោះថាគម្រោងនេះគឺ ចាប់ផ្តើមដោយអ្នកជំនាញពី Intel ក្នុងដំណាក់កាលជិតសម្រេច ទៅហើយ ពិសេសផ្នែកនេះក៏មាន បទពិសោធន៍អាចជួយអោយ 5G Apple លេចចេញជារូបរាង ឆាប់ៗជាក់ជាមិនខាន។

 

 

សរុបមក Apple កំពុងព្យាយាមដើរទៅមុខ ជាមួយដំណឹងទាក់ទងនឹងការទិញយក ផ្នែកដ៏ធំមួយពី Intel ដើម្បីអភិវឌ្ឍន៍គម្រោង 5G នេះ គ្រាន់តែមិនទាន់ មានការបញ្ជាក់ផ្លូវការពីការ ទិញបាននៅឡើយទេ។ លើសពីនេះទៀតមុននេះ មានពត៌មានលើកឡើងថា Apple បានបង្កើនបុគ្គលិកខ្លួនបន្ថែម ប្រមាណ 4,200 នាក់ ដើម្បីសម្រួល លើគម្រោងអភិវឌ្ឍន៍នានា ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: ទូរស័ព្ទ