CAMBO REPORT

Popup Advertising5 seconds

Galaxy​ M40​ ​ចេញ​ជា​ផ្លូវ​ការ អេក្រង់​ប្រភេទ​ Infinity-O​ ប្រើ​ឈីប​ SD​ 675 ​និង​មាន​កាមេរ៉ា​ក្រោយ​ 3​ គ្រាប់​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ស្មាតហ្វូនត្រកូល M ថ្មី របស់ក្រុមហ៊ុន Samsung ត្រូវបានចរាចរណ៍ចេញលក់ ជាផ្លូវការ បានចំនួន 3 ម៉ូឌែលហើយ រួមមាន Galaxy M10, Galaxy M20 និង Galaxy M30 ដែលពួកវា ស្ថិតនៅក្នុងកម្រិតលំដាប់ថវិកា ជាមួយលក្ខណៈសម្បត្តិ ល្អគ្រាន់បើ អាចទទួលស្វាគមន៍បាន។ ចំពោះ Galaxy M10 & M20 គឺមានប្រើប្រាស់ម៉ូតអេក្រង់ Infinity-V និងមានលេនកាមេរ៉ាក្រោយ 2 គ្រាប់ ចំណែក Galaxy M30 វិញ ប្រើប្រាស់ម៉ូតអេក្រង់ Infinity-U និងមានលេនកាមេរ៉ាសរុបចំនួន 3 គ្រាប់។ 

ជាក់ស្តែង ប្រហែលជាជាងមួយខែមុន យើងបានទទួលដំណឹងលេចធ្លាយបង្ហាញថា Samsung ត្រៀមនឹងនាំយក ស្មាតហ្វូនត្រកូល M ជំនាន់ថ្មី មួយស៊េរីទៀត នោះគឺ Galaxy M40។ ប៉ុន្តែនៅថ្ងៃនេះ ការរង់ចាំត្រូវបានបញ្ចប់ ព្រោះថាស្មាតហ្វូនមួយនេះ បានបង្ហាញវត្តមានចេញ ជាផ្លូវការហើយ។ ចង់ដឹងថា Galaxy M40 មានលក្ខណៈសម្បត្តិយ៉ាងណា សូមតាមដានជាមួយយើង ដូចខាងក្រោម៖

ស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាមួយរចនាបថបែបស៊ីវិល័យ ដែលទទួលរងឥទ្ធិពល ការប្រើប្រាស់ម៉ូតអេក្រង់ Infinity-O ពីបងប្អូនជីដូនមួយ Galaxy A8s និងខុសដាច់ពីម៉ូឌែល Galaxy M10, M20 & M30។ វាមានផ្ទៃអេក្រង់លាតធំ បន្ថយគែមនៅសល់កាន់តែខ្លី ជាមួយទំហំ 6.3 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ទៅលើប្រព័ន្ធសុវត្ថិភាព វាប្រើប្រាស់សេនស័រស្កេនម្រាមដៃ ដែលស្ថិតនៅខាងក្រោយ ចំតួខ្លួន ដូច Galaxy A8s, M30 & M20 ដែរ។

 

នៅត្រង់កន្លែងប្រជ្រុយ O ដុះលើអេក្រង់នោះ ជាកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 ដែលវានឹងជួយដល់ការថតរូប Selfie អោយកាន់តែច្បាស់ល្អ។ ចំពោះកាមេរ៉ាខាងក្រោយ វាទទួលបានការតម្លើងកាណុងកាមេរ៉ា ដល់ទៅ 3 គ្រាប់ ជាមួយទំហំ 32 មេហ្គាភិចសែល ជាកាមេរ៉ាគោល អមដោយកម្រិត Aperture f/1.7 + ទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.2 ជាសេនស័រថតទូលាយ + ទំហំ 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 ជាសេនស័រសម្រាប់ថតរូបបែបព្រាល។ វាអាចថតវីដេអូ បានកម្រិត 4K / 30ហ្វ្រេម និងថត Super Slo-mo បាន 240 ហ្វ្រេម។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន Galaxy M40 ប្រើប្រាស់បន្ទះឈីប Snapdragon 675, មានរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB និងអាចបន្ថែមមេម៉ូរីក្រៅបានដល់ទំហំ 512GB។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ប្រើប្រាស់ OneUI និងមានថាមពលថ្មទំហំ 3500mAh អាចសាកថ្មលឿន តាមរយៈ USB-C ជាមួយដុំសាកកម្លាំង 15W។ រឿងគួរអោយសោកស្តាយមួយនោះ គឺវាមិនមានរន្ធដោតកាស 3.5 មីលីម៉ែត្រទេ។

Galaxy M40 មានជម្រើស 2 ពណ៌ សម្រាប់អោយអ្នកប្រើប្រាស់ អាចជ្រើសរើសបាន រួមមាន ពណ៌ Midnight Blue និងពណ៌ Seawater Blue។ ស្មាតហ្វូននេះ នឹងត្រូវដាក់នៅលើ ហាងអនឡាញរបស់ Samsung និង Amazon India ចាប់ពីថ្ងៃទី 18 ខែមិថុនានេះ ជាមួយតម្លៃ 288 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ទូរស័ព្ទ