CAMBO REPORT

Popup Advertising5 seconds

ផ្លូវ​ការ​ហើយ! លោក​ John​ Cena​ នឹង​ចូល​រួម​សម្តែង​ក្នុង​រឿង​ Fast & Furious​ ពិត​មែន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមាននៅចាំទេថា កាលពីចុងខែមេសាកន្លងទៅ លោក Vin Diesel បានធ្វើការបង្ហោះវីដេអូមួយ នៅក្នុងគណនី Instagram របស់គាត់ ដោយបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗថា Paul Walker (ជាមិត្តសម្លាញ់ក្នុង Fast & Furious និងក្រៅសាច់រឿង កាលនៅរស់) បាននឹងកំពុងបញ្ជូននរណាម្នាក់ មកអោយគាត់ ហើយស្រាប់តែ Vin Diesel បានធ្វើការបង្ហាញមុខ លោក John Cena ចូលមកក្នុងកាមេរ៉ា កំពុងថតវីដេអូនោះ។

ដោយឡែក ពេលនោះ John Cena មិនបាននិយាយអ្វីទេ គ្រាន់តែធ្វើដៃជាស្តាយ៍ប្រចាំត្រកូលរបស់គាត់ You Can’t See Me រួចញាក់ភ្នែកឆ្វេងមួយទៀត។ ត្រង់ចំនុចនេះ ត្រូវបានគេរំពឹង និងសង្ស័យថា John Cena អាចនឹងបង្ហាញវត្តមានសម្តែង នៅក្នុងសាច់រឿង Fast & Furious 9 នៅពេលខាងមុខ។ ជាក់ស្តែង ចំនុចនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ពីភាគីណាមួយ នៅឡើយទេ ទាំងខាង Fast & Furious និងខាងលោក John Cena ថាតើតួអង្គល្បីក្នុងវិស័យកីឡាកាសមួយរូបនេះ នឹងចូលខ្លួន មកសម្តែងប្រាកដមែន ឬយ៉ាងណា?

ប៉ុន្តែនៅពេលថ្មីៗនេះ គ្រប់យ៉ាងណា ត្រូវបានបញ្ជាក់ចេញជាផ្លូវការពី John Cena ហើយថា លោកពិតជានឹងចូលមកសម្តែង ជាតួអង្គមួយ ក្នុងភាគ Fast & Furious 9 ដែលត្រៀមនឹងថត ក្នុងពេលខាងមុខ។ ក្នុងនោះ Facebook Page របស់ Fast & Furious ក៏បានសរសេរបញ្ជាក់ បន្ថែមផងដែរថា ស្វាគមន៍ John Cena ចូលមកកាន់គ្រួសារ Fast & Furious។ ទីបំផុត រាល់ចម្ងល់របស់ប្រិយមិត្តគ្រប់គ្នា ពេលនេះបានដឹងចម្លើយហើយ និងត្រៀមអារម្មណ៍ចាំមើល John Cena ថាគាត់នឹងប្រយុទ្ធខ្លាំងប៉ុណ្ណា, បើកឡានរបៀបម៉េច ក្នុងរឿងថ្មីនេះ។

គួររំលឹកថា នៅពេលឆាប់ៗខាងមុខនេះ Fast & Furious នឹងធ្វើការចាក់បញ្ចាំងរឿង Hobbs & Shaw ដែលវាជាផ្នែកមួយ នៅក្នុងស្រឡាយ Fast & Furious នេះ។ ចំពោះតួអង្គឯក ដែលសំខាន់ៗ ក្នុងរឿងហ្នឹងដែរ គឺមានតួ Luke Hobbs (សម្តែងដោយលោក Dwayne Johnson ឬ The Rock) និងតួ Deckard Shaw (សម្តែងដោយលោក Jason Statham)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩
ប្រភព: Fast & Furious Tag: Lifestyle