CAMBO REPORT

Popup Advertising5 seconds

តើ​អ្នក​ដែល​កំពុង​កាន់​ស្មាត​ហ្វូន ឬថេប្លេត​ Huawei​ នៅក្នុង​ប្រទេស​យើង​ គួរ​តែ​ព្រួយ​បារម្ភ​ខ្លាំង​ទេ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចាប់តាំងពីបញ្ហាជម្លោះពាណិជ្ជកម្ម ដែល Donald Trump បានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិន Huawei មក យើងសង្កេតឃើញថា គ្រប់យ៉ាងហាក់កំពុង ស្ថិតក្នុងភាពច្របូកច្របល់ និងមន្ទិលសង្ស័យ ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនម៉ាក Huawei គ្រប់ទិសទី រួមទាំងអតិថិជន នៅក្នុងប្រទេសកម្ពុជាយើង ផងដែរ។ ជាក់ស្តែង សម្រាប់ប្រអប់សារ ខេមបូ រីផត វិញ គឺពោពេញទៅដោយសំណួរ ជាច្រើន លក្ខណៈស្វ័យគុណ តែម្តង ពាក់ព័ន្ធនឹងបញ្ហាមួយនេះ។

 

 

អញ្ចឹង យើងសូមលើកជាសំណួរមួយថា តើអតិថិជននៅក្នុងប្រទេសយើង ដែលកំពុងកាន់ស្មាតហ្វូន ឬថេប្លេត Huawei ក្នុងដៃស្រាប់ គួរតែព្រួយបារម្ភខ្លាំងទេ ចំពោះបញ្ហា ដែលបានកើតឡើងនេះ?

 

សម្រាប់អត្ថបទនេះ ខ្ញុំនឹងបង្ហាញចំនុចមួយចំនួន ដល់ប្រិយមិត្តទាំងអស់គ្នា ដែលកំពុងប្រើប្រាស់ស្មាតហ្វូន ឬថេប្លេតរបស់ Huawei ទុកជាការពិចារណាបន្ថែម ថាអ្នកគួរតែកុំព្រួយបារម្ភ ខ្លាំងពេក។ ហេតុអ្វីទៅ? បំណកស្រាយមាន ដូចខាងក្រោមនេះ៖

 

 

•​ ចំនុចទី១៖ ថ្វីត្បិតតែក្រុមហ៊ុន Google បញ្ឈប់ដំណើរប្រព័ន្ធប្រតិបត្តិការណ៍ Android លើស្មាតហ្វូន ឬថេប្លេត របស់ Huawei ជាការពិត ក៏ប៉ុន្តែមិនមែនមានន័យថា នឹងកើតឡើងលើឧបករណ៍ ដែលបានចេញលក់រួច នៅលើទីផ្សារពិភពលោកនោះទេ។ ត្រង់នេះ ចង់បញ្ជាក់ថា Huawei បានធ្វើការចុះកិច្ចសន្យាលើ Android Open Source Project (AOSP) រួចរាល់ហើយ ដែលរាល់កំណែអាប់ដេត នៅលើផ្នែកសុវត្ថិភាពស្មាតហ្វូន ឬថេប្លេត គឺនៅតែអាចទទួលបានដដែល និងប្រើប្រាស់បាន ដូចធម្មតា។

 

ចំនុចទី២៖ ចំពោះស្មាតហ្វូន Huawei ដែលនឹងលែងទទួលបាន ដំណើរប្រព័ន្ធប្រតិបត្តិការណ៍ Android ទៀតនោះ គឺចាប់ពីម៉ូឌែលជំនាន់ក្រោយៗ ដែលមិនទាន់បានបង្ហាញវត្តមាន និងប្រកាសចេញលក់ លើទីផ្សារ ដូចជា Mate 30 Series និងត្រកូលលំដាប់បង្គួរ & មធ្យម ជាដើម មិនមែនស្មាតហ្វូន ដែលអ្នកកំពុងកាន់នោះទេ។

 

ចំនុចទី៣៖ យើងបានដឹងហើយថា ក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិច បានធ្វើការសម្រេចទុកពេលអោយក្រុមហ៊ុន Huawei ចំនួន 90 ថ្ងៃ ដើម្បីវេចបង្វិចរៀបចំខ្លួន ក៏ដូចជារៀបចំប្រព័ន្ធប្រតិបត្តិការណ៍ថ្មី សម្រាប់ឧបករណ៍ ជំនាន់ក្រោយដោយខ្លួនឯងផ្ទាល់។ ប៉ុន្តែយ៉ាងណា យើងនៅមិនទាន់ដឹង ប្រាកដទេថា អំឡុងពេល 90 ថ្ងៃ ដែលខាងអាមេរិច បានកំណត់មកនេះ តើអាចនឹងមានរឿងអ្វីកើតឡើងទៀត នោះទេ? ជួនកាល វាអាចនឹងមានការចចារ ឬការសម្របសម្រួលណាមួយ រវាងភាគីទាំងពីរ ក៏ថាបានដែរ។

 

•​​ ចំនុចទី៤៖ សម្រាប់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសយើង បានធ្វើការចេញសេចក្តីប្រកាសមួយ ដោយអះអាងថា៖ ស្មាតហ្វូន ឬថេតប្លេត របស់ HUAWEI ទាំងអស់ ដែលអតិថិជន កំពុងប្រើប្រាស់ និងស្តុកលក់នៅលើទីផ្សារ  នៅតាមបណ្តាហាងនានា ទូទាំងប្រទេស នៅតែអាចដំណើរការ ប្រព័ន្ធប្រតិបត្តិការណ៍ Android និងអាចប្រើប្រាស់ បានកម្មវិធីនានា របស់ Google បានជាធម្មតា ដោយមិនមានប៉ះពាល់អ្វីឡើយ។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំមានការព្រួយបារម្ភលើបញ្ហានេះ។

 

 

សរុបមក យើងសូមបញ្ជាក់ថា រាល់ស្មាតហ្វូន ឬថេតប្លេត របស់ Huawei ទាំងអស់ ដែលអ្នកកំពុងតែប្រើប្រាស់ នៅពេលនេះ គឺនៅតែមានឱកាសអាចបន្ត ការអាប់ដេតផ្សេងៗ ទាំង Software និងប្រព័ន្ធសុវត្ថិភាព បានដូចធម្មតា អាចនឹងរហូតដល់បំណាច់ចុងឆ្នាំនេះ ឬ រហូតដល់កុងត្រារវាង Huawei និង Google អស់សុពលភាព ។ ទោះបីជាយ៉ាងណា បើសិនគ្រប់យ៉ាង ត្រលប់មករកសភាព ល្អប្រសើរវិញ មានដំណោះស្រាយណាមួយច្បាស់លាស់ ក្នុងលក្ខខណ្ឌណាមួយនោះ យើងក៏រីករាយ ស្វាគមន៍ និងបន្តគាំទ្រ Huawei (ជាមួយ Android OS) ផងដែរ។ 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Cambo Report + Huawei Cambodia Tag: Lifestyle