CAMBO REPORT

Popup Advertising5 seconds

One​ Vision​ ស្មាត​ហ្វូន​ជំនាន់​ថ្មី​របស់​ Motorola​ មាន​អេក្រង់​ខ្នាត​កុន​ 21:9​ និង​មាន​កាមេរ៉ា​ក្រោយទំហំ​ 48MP​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្របពេលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានប្រកាសចេញផលិតផលជំនាន់ថ្មីជាបន្តបន្ទាប់ ទៅកាន់ពិភពលោកនោះ Motorola ក៏មិនសម្ងំស្ងៀមដែរ ដោយថ្មីៗនេះ ខាងក្រុមហ៊ុនបានបញ្ចេញស្មាតហ្វូនមួយម៉ូឌែល ហ្នឹងគេដែរ ដោយវាមានឈ្មោះហៅជាផ្លូវការថា One Vision។ វាជាស្មាតហ្វូនដំបូងរបស់ Motorola ដែលបណ្តុះកាមេរ៉ាមុខមួយគ្រាប់ ជាប់លើអេក្រង់ផ្នែកខាងឆ្វេង តាមគេតាមឯង ឯតួខ្លួនខាងក្រោយ ស្រោបដោយកញ្ចក់រលោង និងមានកាមេរ៉ាភ្លោះ។ ប្រិយមិត្តពិតជាចង់ដឹងថា តើវាមានលក្ខណៈសម្បត្តិយ៉ាងណាបន្ថែមទៀត លើម៉ូឌែល Motorola One Vision នេះ ហើយយើងនឹងបង្ហាញជូនអ្នកទាំងអស់ ដូចខាងក្រោម៖ 

ស្មាតហ្វូននេះ ត្រូវបានបំពាក់ជាមួយអេក្រង់ទំហំ 6.3 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 ភិចសែល និងមានកម្រិត Aspect Ratio ខ្នាតកុន 21:9 (ដូចទៅនឹង Xperia 1 របស់ Sony ដែរ) ដោយ Motorola បានហៅវាថា អេក្រង់ CinemaVision។ ចំពោះកាមេរ៉ាខាងមុខ វាមានទំហំ 25 មេហ្គាភិចសែល ដែលផ្តល់អោយការថត Selfie បានកាន់តែប្រសើរ ទោះបីជានៅកន្លែង ដែលមានពន្លឺទាបក៏ដោយ ចំណែកកាមេរ៉ាភ្លោះខាងក្រោយវិញ គឺមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ប្រើប្រាស់សេនស័រ 1/2.25” មានកម្រិត Aperture f/1.7 និងមួយគ្រាប់ទៀត មានទំហំ 12 មេហ្គាភិចសែល (QuadPixel) អមជាមួយមុខងារទប់លំនឹង និងមានមុងារប្រសើរៗមួយចំនួនទៀត។ 

ចំពោះកម្លាំងម៉ាស៊ីន Motorola One Vision ប្រើប្រាស់បន្ទះឈីប Exynos 9609 របស់ Samsung, បំពាក់រ៉េមទំហំ 4GB អមជាមួយអង្គផ្ទុកទិន្នន័យ 128GB និងអាចបន្ថែមមេម៉ូរីក្រៅ ទៀតបាន។ វាមានផ្ទុកថាមពលថ្មទំហំ 3500mAh ហើយពាក្យថា One (Vision) ហ្នឹង មានន័យថា វាដើរដោយ Android One តែនៅជិតស្តុកនៃប្រព័ន្ធដំណើរដើម ដែលវាអាចទទួលបាន ការអាប់ដេតទាំង Software និងប្រព័ន្ថសុវត្ថិភាព ក្នុងរយៈពេលដល់ 3 ឆ្នាំឯណោះ។

សម្រាប់ស្មាតហ្វូនប្រជ្រុយអេក្រង់ One Vision នេះ ខាងក្រុមហ៊ុន Motorola នឹងដាក់លក់ថ្ងៃនេះ នៅប្រទេសប្រេស៊ីលមុនគេ ជាមួយកញ្ចប់តម្លៃ ប្រហាក់ប្រហែល 335 ដុល្លារ ជាមួយជម្រើស 2 ពណ៌ រួមមាន ពណ៌ Bronze និងពណ៌ Sapphire ដែលជាប្រភេទ Gradient Color។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ លើស្មាតហ្វូនមួយម៉ូឌែលនេះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ