CAMBO REPORT

Popup Advertising5 seconds

Realme X ចេញ​ផ្លូវ​ការ មាន​កាមេរ៉ា​មុខ​ហូត​ចេញ​ពី​តួ​ខ្លួន និង​មាន​តម្លៃ​ត្រឹម $218

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Realme បានធ្វើការ សម្ពោធស្មាតហ្វូន ម៉ូឌែលស៊េរីថ្មីមួយ ដែលមានឈ្មោះថា Realme X នៅក្នុងប្រទេសចិន ផ្ទាល់តែម្ដង ហើយក៏ជាលើកដំបូង សម្រាប់ក្រុមហ៊ុនមួយនេះ ដោយសម្រេចចិត្ត មិននាំយកទៅកាន់ ទីផ្សារប្រទេសឥណ្ឌា មុនគេនោះទេ។ ស្មាតហ្វូនម៉ូឌែល Realme X គឺត្រូវបានលេចធ្លាយ លើអ៊ីនធឺណិត អស់រយៈពេល យូរណាស់មកដែរហើយ ក៏ប៉ុន្ដែការលេចធ្លាយ ទាំងអស់នោះ ពិតជាត្រឹមត្រូវមែន ដោយមានប្រើប្រាស់ ការឌីហ្សាញបែប កាមេរ៉ាហូតចេញពីតួខ្លួន ដើម្បីឲ្យទទួលបាន អេក្រង់លាតពេញតែម្ដង។

ក្រុមហ៊ុន Realme ក៏បានអះអាងយ៉ាងច្បាស់ថា កាមេរ៉ាលាក់ក្នុងតួខ្លួន របស់ស្មាតហ្វូនម៉ូឌែល Realme X នឹងអាចធ្វើការហូតចេញ ត្រឹមរយៈពេល 0.72 វិនាទីតែប៉ុណ្ណោះ ដែលពិតជាលឿនមែនទែន។ ចំពោះផ្ទៃអេក្រង់លាត នៅផ្នែកខាងមុខវិញ គឺមានទំហំត្រឹម 6.53 អ៊ីញ ជាបន្ទះអេក្រង់ប្រភេទ AMOLED អាចបង្ហាញគុណភាព បានដល់ទៅកម្រិត Full HD+ (2340x1080) និងត្រូវបានការពារដោយ Corning Gorilla Glass 5 ថែមទៀតផង។ លើសពីនេះ អេក្រង់របស់ស្មាតហ្វូន Realme X ទទួលបានកម្រិត Screen-To-Body Ratio ដល់ទៅចំនួន 91.2% ឯណោះ ហើយនេះគឺអរគុណដល់ ការរចនាបថបែប កាមេរ៉ាមុខហូតចេញពីតួខ្លួននោះឯង។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3,765mAh និងព្រមទាំងភ្ជាប់មក ជាមួយបច្ចេកវិទ្យា សាកថ្មលឿនប្រភេទ VOOC 3.0 ជំនាន់ចុងក្រោយបង្អស់ផងដែរ។

ចំណែកឯកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូនម៉ូឌែល Realme X គឺត្រូវបានដំណើរលើ បន្ទះឈីប Snapdragon 710 octa-core (ដូចមាននៅលើ Realme 3 Pro) ជាមួយនឹងប្រព័ន្ធ GPU ជំនាន់ទី Adreno 616 ហើយនិងរ៉េមទំហំ 8GB + ទំហំផ្ទុកចំនួន 128GB ថែមទៀតផង។ ប្រសិនបើផ្នែកកាមេរ៉ា យើងឃើញមានបំពាក់នូវ សេនស័រកាមេរ៉ាភ្លោះ នៅសន្ទះខាងក្រោយ ដែលសេនស័រទំហំ 48MP f/1.7 Aperture (ប្រភេទ 1/2.0” Sony IMX586) គឺជាកាមេរ៉ាដើម ហើយនិងសេនស័រទំហំ 5MP ជាកាមេរ៉ាជំនួយ។ ដោយឡែកសម្រាប់ ផ្នែកខាងមុខវិញ យើងក៏ឃើញមាន សេនស័រកាមេរ៉ាទំហំ 16MP f/2.0 (Sony IMX471) សម្រាប់ធ្វើការថត Selfie ហើយនៅលើអេក្រង់ខាងមុខ ក៏មានភ្ជាប់មកជាមួយនឹង បច្ចេកវិទ្យាស្កេនម្រាមដៃ លើផ្ទៃអេក្រង់ថែមទៀត។

សរុបមក សម្រាប់តារាងតម្លៃនៃ ស្មាតហ្វូនម៉ូឌែល Realme X គឺមានចាប់ពីតម្លៃត្រឹម $218 ដុល្លារអាមេរិក សម្រាប់រ៉េមទំហំ 4GB + ទំហំផ្ទុកចំនួន 64GB ហើយចំពោះតម្លៃ $233 ដុល្លារអាមេរិក សម្រាប់រ៉េមទំហំ 6GB + ទំហំផ្ទុកចំនួន 128GB និងមានតម្លៃ ខ្ពស់ដល់ទៅ $276 ដុល្លារអាមេរិក សម្រាប់រ៉េមទំហំ 8GB + ទំហំផ្ទុកចំនួន 128GB (តម្លៃក្នុងទីផ្សារ ប្រទេសចិន)។ ស្មាតហ្វូនម៉ូឌែលថ្មីនេះ គឺមានភ្ជាប់មកជាមួយ ជម្រើសពណ៌ចំនួន 2 ពណ៌តែប៉ុណ្ណោះ ដែលរួមមានពណ៌ស (Steam White) ហើយនិងពណ៌ខៀវ (Punk Blue) ដោយក្រុមហ៊ុន Realme នឹងដាក់លក់ លើទីផ្សារចិន ចាប់ផ្ដើមពីថ្ងែទី 20 ខែឧសភា ឆ្នាំ 2019 ឆាប់ៗនេះតទៅ ប៉ុន្ដែសម្រាប់ទីផ្សារផ្សេងៗទៀត គឺនៅមិនទាន់មាន ពត៌មាននៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ