CAMBO REPORT

Popup Advertising5 seconds

Supercomputer ល្បឿន​លឿន​ជាង​គេ​បំផុត​លើ​លោក ត្រៀម​បម្រើ​ការ​ជូន​រដ្ឋាភិបាល​អាមេរិក​នៅ​ឆ្នាំ 2021 ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលនិយាយដល់ Supercomputer មានប្រិយមិត្តមួយភាគតិចប៉ុណ្ណោះ ដែលបានដឹងអំពីថាវាគឺជាអ្វី ដំណើរការ ដោយរបៀបណា ហើយវាខ្លាំងកម្រិតណាទៅ ទើបបានជាវាមានឈ្មោះ ចម្លែកបែបនេះ តើវាដូចទៅនឹងកុំព្យូទ័រ ដែលយើងកំពុងប្រើប្រាស់ សព្វថ្ងៃនេះមែនឬទេ? បើនិយាយឲ្យខ្លី ងាយស្រួលយល់ Supercomputer ក៏ជាកុំព្យូទ័រដែរ តែវាមានល្បឿនលឿនជាងឆ្ងាយ ដោយយើងមិនអាច គណនាកម្លាំងរបស់វា ទៅតាមល្បឿន Core Clock របស់ CPU ទំហំ RAM ទំហំអង្គផ្ទុកទិន្នន័យ ឬកម្លាំងក្រាហ្វិចកាតនោះទេ ផ្ទុយទៅវិញ គេគណនាកម្លាំងរបស់វា ជាកម្រិត FLOPS ឬមកពីពាក្យពេញថា Floating-point Operations per Second វិញ ព្រោះថាសន្ទុះរបស់វា អាចបម្រើទៅដល់សេចក្ដីការទីក្រុង ឬប្រទេសមួយបាន។

សម្រាប់សហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចឯណោះវិញ ឃើញថា រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជនធំៗ ជាច្រើនមានម៉ាស៊ីន Supercomputer មិនតិចនោះទេ ហើយឆ្នាំ 2021 ខាងមុខនេះ Supercomputer មួយទៀត នឹងបង្ហាញខ្លួន និងបើកឲ្យដំណើរការជាផ្លូវការ ជាមួយនឹងកម្លាំងខ្លាំងជាងគេបំផុត ក្នុងលោក ជាមួយគម្រោងផលិត ស្ថិតក្រោមដៃរបស់ AMD និង Cray ដើម្បីផលិតឲ្យបានជាផ្លែផ្កា។ Supercomputer នោះ មានឈ្មោះហៅជាផ្លូវការថា Frontier បង្កើតឡើងសម្រាប់ការិយាល័យ ថាមពល របស់រដ្ឋាភិបាលអាមេរិក (US Department of Energy) ជាមួយនឹងកម្លាំង រំពឹងទុកថាលឿនជាង 1.5 exaflops នៃល្បឿន ដែលវាអាចផលិតបាន ផ្ដល់នូវភាពងាយស្រួល សម្រាប់ការបំពេញការងារ សិក្សាស្រាវជ្រាវនុយក្លេអ៊ែ និងតាមដានបម្រែបម្រួល អាកាសធាតុជាអាទិ៍។

ក្រៅពីល្បឿនដ៏ល្បឿនរបស់ Frontier ម៉ាស៊ីន Supercomputer នេះ ក៏ផ្ដល់នូវល្បឿន AI រហ័សជាងមុន ក៏ដូចជាអាចធ្វើការគ្រប់គ្រង ទិន្នន័យលឿនជាង 24,000,000 ដង បើធៀបទៅនឹងកុំព្យូទ័រល្បឿនលឿនតាមផ្ទះ (Consumer PC) និងសមត្ថភាព គណនាវីដេអូកម្រិត HD ល្បឿន 100,000 ក្នុងមួយវិនាទី ហើយពេលបើកឲ្យដំណើរការ វាក៏នឹងក្លាយជា Supercomputer នាំមុខគេមួយ របស់អាមេរិក ដែលអាចយកគម្រូតាមបាន។ ក្នុងនោះក្រុមហ៊ុន AMD បានលើកឡើងផងដែរថា Frontier នេះ គឺប្រៀបបានទៅនឹង Supercomputer ចំនួន 160 គ្រឿង ផ្គុំបញ្ចូលគ្នាតែមួយ ទើបអាចប្រៀបធៀបជាមួយកម្លាំង របស់វាបាន។

ដើម្បីបង្កើតបានជា Supercomputer កម្លាំងខ្លាំងបែបនេះ ក៏មិនមែនជារឿងធម្មតា ឬលេងសើចដែរ ព្រោះថាវាតម្រូវឲ្យមាន ទីតាំងធំក្នុងទំហំផ្ទៃក្រឡាដី ប្រមាណជា 2225 ម៉ែត្រការ៉េ ដើម្បីតម្លើងផ្នែករឹង ប្រព័ន្ធខ្សែទិន្នន័យ ខ្សែភ្លើង និងឧបករណ៍បន្ទាប់បន្សំនានា ជាច្រើនផ្សេងទៀត តាមលក្ខណៈបច្ចេកទេស។ Frontier រំពឹងទុកថានឹងរួចរាល់ និងបើកឲ្យដំណើរការនាឆ្នាំ 2021 ខាងមុខ ដោយចំនាយទឹកប្រាក់ជាង 600 លានដុល្លារ ក្នុងការផលិត ជាមួយនឹងការប្រើប្រាស់ CPU ស៊េរី EPYC ជាច្រើនគ្រាប់ អមជាមួយនឹងក្រាហ្វិច Radeon Instinct ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ