CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​ត្រូវ​ពិន័យ​ដល់​ទៅ 26.6 ពាន់​លាន​ដុល្លារ រឿង​រក​ស៊ី​មិន​ស្មោះ​ត្រង់​ជាមួយ Spotify

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះគឺជារឿងថ្មីទៀតហើយ ព្រោះថាក្រុមហ៊ុនកាន់តែធំ មានសេវាកម្មកាន់តែច្រើន ក៏ដូចជាក្រុមហ៊ុនបែបបុត្រសម្ព័ន្ធច្រើន បើមានការថ្លោះធ្លោយបន្តិចបន្តួច គឺងាយរងគ្រោះថ្នាក់ខ្លាំងណាស់ ពិសេសកត្តាច្បាប់ ដែលពិបាកនឹងវាយតម្លៃ និងមើលឃើញ ទៅលើចន្លោះប្រហោងបន្តិចបន្តួច ជាហេតុធ្វើឲ្យខាតបង់ច្រើន នាពេលអនាគត រវាងភាគី ឬដៃគូប្រកួតប្រជែងអាជីវកម្ម ជុំវិញការប្ដឹងប្ដល់គ្នា នៅក្នុងចំនួនទឹកប្រាក់ ច្រើនសន្ធឹកសន្ធាប់។ យោងតាមប្រភពព័ត៌មាន អន្តរជាតិបានចេញផ្សាយឲ្យដឹងថា Spotify ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់សេវាកម្មតន្ត្រីដ៏ល្បីល្បាញ បំផុតមួយក្នុងពិភពលោក បានដាក់ពាក្យបណ្ដឹងរបស់ខ្លួន រួចរាល់ទៅកាន់ចុងចម្លើយ ជាក្រុមហ៊ុន Apple។

ការដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន Apple នេះ បានធ្វើឡើងតាំងពីខែមីនាមកម្លេះ ដោយវិវាទពាណិជ្ជកម្មនេះ នឹងត្រូវធ្វើការស៊ើបអង្កេត ដោយគណៈកម្មការ ប្រកួតប្រជែងរបស់សភាពអឺរ៉ុប ជុំវិញចំនុចវិវាទ ត្រង់ថា ការកាត់ប្រាក់ចំនេញចំនួន 30% ចេញពីកម្មវិធី ឬហ្គេម នៅក្នុងទីផ្សារអេឡិចត្រូនិច App Store តាមប្រព័ន្ធបង់ប្រាក់ (Payment System) របស់ Apple គឺពុំមានភាពយុត្តិធម៌ឡើយ ដោយ Spotify ផ្ទាល់ ហៅវាថាជា Apple Tax។ ប្រភពដដែល បានបន្តទៀតថា Apple បានកាត់យកប្រាក់ចំនេញពី Spotify ជាដៃគូប្រកួតប្រជែង ធំមួយជាមួយនឹងសេវាកម្ម Apple Music រហូតដល់ទៅ 30% ខណៈពេល ដែល Apple ពុំបានកាត់យកប្រាក់ ចំនេញនេះពីកម្មវិធី ឬក្រុមហ៊ុនផ្សេងទៀត ដូចជា Uber ជាដើម។

ជុំវិញវិវាទមួយនេះ គណៈកម្មការប្រកួតប្រជែងនៃសហភាពអឺរ៉ុប នឹងធ្វើការតាមដាន ស្រាវជ្រាវបន្ថែម ជុំវិញកត្តាផ្សេងៗទៀត ដែលអាចបង្ហាញថា Apple ពិតជាបានអនុវត្តបែបនេះមែន តាមការទាមទារ និងភស្ដុតាង ដាក់បន្ទុកនានា ពីសំណាក់ក្រុមហ៊ុន Spotify។ ក្នុងនោះ បើពិតជារកឃើញ ភស្ដុតាងមែន ក្រុមហ៊ុន Apple អាចនឹងប្រឈបមុខ នូវការកាត់ផាកពិន័យចំនួន 10% នៃប្រាក់ចំនូល ដែលខ្លួនចំនេញ ទូទាំងពិភពលោក ក្នុងចំនួនលោត ដល់ទៅជាង 26.6 ពាន់លានដុល្លារ និងអាចធ្វើការផ្លាស់ប្ដូរបែបបទ នៃកិច្ចដំណើរការអាជីវកម្ម របស់ខ្លួនទៀតផង។ ជុំវិញរឿងនេះ លោកមេធាវី Thomas Vinje បានប្រាប់ សារព័ត៌មានអន្តរជាតិ ឲ្យបានដឹងផងដែរថា មានក្រុមហ៊ុនដែលមាន សេវាកម្មដូចទៅនឹង Spotify បានគាំទ្រ ទៅលើចំណាត់ការមួយនេះ ព្រោះខ្លួនជាក្រុមហ៊ុនតូចតាច ហើយមិនហានប្រកួតប្រជែងជាមួយ Apple ឡើយ។

 

ដោយឡែក Apple ឯណោះវិញ ក៏មានសារឆ្លើយតបវិញផងដែរថា៖

 

“បន្ទាប់ពីបានប្រើប្រាស់ App Store អស់ជាច្រើនឆ្នាំកន្លងមក ដើម្បីពង្រីកមុខជំនួញ របស់ខ្លួនយ៉ាងពេញទំហឹង ក្រុមហ៊ុន Spotify បានព្យាយាម ក្នុងការរក្សាអត្ថប្រយោជន៍ ទាំងអស់របស់ប្រព័ន្ធអេកូ របស់ Apple រួមទាំងប្រាក់ចំនូល យ៉ាងច្រើន ដែលពួកគេទាញចេញ ពីអតិថិជនរបស់ App Store ដោយមិនបានរួមចំណែកណាមួយ ក្នុងទីផ្សារនោះសូម្បីតែបន្តិច។ Spotify មានសិទ្ធិគ្រប់យ៉ាង ក្នុងការកំណត់ម៉ូឌែល នៃជំនួញរបស់ខ្លួន ប៉ុន្តែយើងមានកាតព្វកិច្ច ឆ្លើយតបនៅពេលដែល Spotify រារាំងការលើកទឹកចិត្ត ហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការវែកញែក ខុសឆ្គងអំពីយើងជានរណា អ្វីដែលយើងបាន កសាង និងអ្វីដែលយើងធ្វើឡើង ដើម្បីគាំទ្រទៅដល់ អ្នកអភិវឌ្ឍន៍ អ្នកនិពន្ធ តន្ត្រីករ ជាអាទិ៍”។

នេះមិនមែនជារឿងលេងសើចនោះទេ រវាងក្រុមហ៊ុនទាំងពីរ ព្រោះចំនួនទឹកប្រាក់ នៃចំនុចវិវាទគឺមានទំហំធំធេង ហើយសេចក្ដីសម្រេច ក៏នៅមិនទាន់ប្រកាសចេញដូចគ្នា អាចថាវាទាមទារ មួយរយៈពេលទៀតដើម្បីប្រមូល ឯកសារពាក់ព័ន្ធ និងភស្ដុតាងនានា មុននឹងចេញ សេចក្ដីសម្រេចមួយ។ គួររំលឹកផងដែរថា Apple ធ្លាប់ត្រូវបានគណៈកម្មការ ប្រកួតប្រជែងរបស់សភាពអឺរ៉ុប ពិន័យម្ដងរួចទៅហើយ កាលពីឆ្នាំ 2017 កន្លងទៅ ក្នុងចំនួនទឹកប្រាក់ 14.6 ពាន់លានដុល្លារ ជុំការរកឃើញថាកិច្ច ព្រមព្រៀងពន្ធដារ ដែល Apple បានធ្វើឡើង ជាមួយប្រទេស Ireland គឺខុសច្បាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: Lifestyle