CAMBO REPORT

Popup Advertising5 seconds

បុរសម្នាក់ជ្រុល​លេប AirPods ចូលពោះ តែចេញ​មក​វិញ​នៅ​ដំណើរ​ការ​បាន​ធម្មតា!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះគឺជាសាច់រឿងមួយដែលមិនគួរឲ្យជឿ តែវាបានល្បីសុះសាយពេញពិភពអ៊ីនធឺណិតអន្តរជាតិ ដោយហេតុថាមានបុរសជនជាតិតៃវ៉ាន់ម្នាក់ បានជ្រុលលេបកាស AirPods របស់ក្រុមហ៊ុន Apple ចូលក្នុងពោះ! ប្រិយមិត្តអាចនឹងឆ្ងល់យ៉ាងខ្លាំងថា មូលហេតុអីទើបបានជា បុរស​ម្នាក់​នោះ​ជ្រុល​លេបទៅវិញ? ព្រោះថាវាគឺជារឿងដែលមិនអាចកើតមានឡើងដោយងាយៗនោះទេ ម្យ៉ាងវិញទៀតកាសនោះក៏មានទំហំធំគួរសមដែរ បើ​លេបមិនស្រួលអាចឆ្លាក់ ស្ទះបំពង់ក ក៏មានដែរ។ យោងតាមប្រភពព័ត៌មានអន្តរជាតិបានឲ្យដឹងថា បុរសម្នាក់នោះបានចូលគេង ដោយ​ពាក់​កាស AirPods នៅត្រចៀកសងខាង តែនៅពេលក្រោកពីគេង គាត់បានបាត់កាស 1 ចំហៀងបាត់ទៅហើយ។

ប្រភពដដែលបន្តឲ្យដឹងថា ក្រោយពីបាត់ ហើយរកមិនឃើញ បុរសម្នាក់នោះមានការងើយឆ្ងល់យ៉ាងខ្លាំងព្រោះវាមិនអាចបាត់​ដោយ​ងាយ ដោយសារតែរូបគាត់គឺមានតែម្នាក់ឯងប៉ុណ្ណោះក្នុងបន្ទប់។ ក្រោយពីប្រើប្រាស់មុខងារ iPhone Tracking សបង្ហាញឲ្យឃើញ​ថា កាស​បាត់​មួយ​ចំហៀងនោះ គឺស្ថិតនៅក្នុងបន្ទប់គាត់នៅឡើយ គឺនៅក្បែរខ្លួនថែមទៀត ក្រោយពីស្វែងរកក្រោមភួយ ពូក គ្រែរួច នៅតែមិនឃើញ តែគាត់​បានចាប់​អារម្មណ៍ថា មានសម្លេង​ចេញពី​ក្នុង​ខ្លួន​របស់គាត់ ទើបគាត់ដឹងថា តាមពិតគាត់បានលេបកាស​នោះចូលក្នុងពោះ ដោយមិនដឹងខ្លួន​ពេល​កំពុងគេងលក់!

ក្រោយពីដឹងរួច បុរសជនជាតិតៃវ៉ាន់នោះ បានទៅមន្ទីពេទ្យ រួចថត X-ray ភ្លាម ដោយបានបង្ហាញថាកាស Airpod មួយចំហៀង​នោះ​​ពិត​ជា​ស្ថិតនៅក្នុងក្រពះរបស់បុរសនោះពិតមែន។ ក្រោយពីមានការពិគ្រោះយោបល់ជាមួយវិជ្ជបណ្ឌិតជំនាញរួច សេចក្ដីសម្រេច​ចុងក្រោយគឺរង់​ចាំ​ឲ្យ​កាស​នោះចេញមកខាងក្រោយតាមធម្មជាតិវិញ ហើយជាសំណាងល្អ កាសនោះនៅដំណើរការធម្មតាដដែល ក្រោយពីចេញមកខាងក្រៅ ដោយមិនប៉ះពាល់ដល់បុរសនោះឡើយ! នេះគឺជារឿង ដែលមិនគួរកើតមានឡើងឡើយ ហើយវាក៏​ជា​មេរៀន​មួយសម្រាប់ប្រិយមិត្ត ដែលមាន​កាស AirPods ប្រើ ហើយចូលចិត្តប្រើប្រាស់មុនពេលចូលគេងជាអាទិ៍ ឲ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ជៀសវាងមានបញ្ហាដូចបុរសម្នាក់នោះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Redmondpie Tag: Lifestyle