CAMBO REPORT

Popup Advertising5 seconds

ម៉ាស៊ីនអាំងនំបុ័ង Razer Toaster នឹងអាច​ក្លាយ​ជា​ការ​ពិត ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Razer កំពុងតែក្លាយជា ក្រុមហ៊ុនដំបូងគេបង្អស់ ដែលនឹងធ្វើឲ្យរឿងកំប្លែង កើតចេញពីពិធីបុណ្យ April Fools ក្លាយជាផលិតផល ប្រើប្រាស់ដ៏ពិតប្រាកដមួយ។ កាលពីពេលដំបូងមក គឺនៅក្នុងឆ្នាំ 2016 ក្រុមហ៊ុន Razer បានបង្ហោះនូវ វីដេអូកំប្លែងមួយ ដែល​ដាក់​បង្ហាញ​ថា ខ្លួននឹងប្រកាសចេញ “Razer Toaster” ដោយគ្រាន់តែជា ម៉ាស៊ីនអាំងនំបុ័ងធម្មតា ជាមួយនឹងរូបតំណាង ឲ្យក្រុមហ៊ុន Razer តែប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក អស់រយៈពេលប្រហែលជា 5 ឆ្នាំមកហើយ មានអ្នកគាំទ្រជាច្រើន នៅតែទាមទារ​ចង់​ឲ្យ ក្រុមហ៊ុន Razer ចេញលក់ម៉ាស៊ីនអាំងនំបុ័ងនេះ ទោះបីវាគ្រាន់តែជា ការលេងសើចក៏ដោយ។

រហូតមកដល់ពេលថ្មីៗនេះ លោក Min-Liang Tan ដែលជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Razer ផ្ទាល់តែម្ដង បានបង្ហោះប្រាប់ អ្នក​គាំទ្រទាំងអស់ ឲ្យបានដឹងថា ទាល់តែទំព័រហ្វេកប៊ុក ដែលមានឈ្មោះថា “Give us Razer Toaster” ទទួលបានចំនួន “Like” លើស​ពី 1 លានឡើងទៅ ទើបបានក្រុមហ៊ុន Razer សម្រេចចិត្តផលិត ម៉ាស៊ីនអាំងនំបុ័ងនេះ។ ហេតុដូច្នេះហើយ ដើម្បីសម្រេច​គោល​ដៅ ឲ្យទទួលបានជោគជ័យ ក៏មានអ្នកចាប់អារម្មណ៍ជាច្រើន ខិតខំផ្សព្វផ្សាយជាបន្ដបន្ទាប់ ហើយរហូតដល់រយៈពេល 5 ឆ្នាំ​កន្លង​ផុតទៅ ទីបំផុតទំព័រហ្វេកប៊ុកនោះ ក៏ទើបនឹងឈានដល់ចំនួន 1 លាន Like (ដោយបូករួមជាមួយនឹង ការចាក់សាក់រូប Razer នៅលើខ្លួនមនុស្យចំនួន 12 នាក់ ដែលរូបនីមួយៗ ស្មើនឹងចំនួន 100,000 Likes ផងដែរ)។ នាពេលឥឡូវនេះ បន្ទាប់ពីទទួលបាន​ជោគជ័យ លោក Min-Liang Tan ក៏បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Razer របស់ខ្លួន នឹងចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍ ហើយនឹងចេញ​លក់ ម៉ាស៊ីនអាំងនំបុ័ង Razer Toaster នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខទៀតនេះ។

សរុបមក ទោះបីជាត្រូវបាន ចំណាយពេលយូរក៏ដោយ ប៉ុន្ដែលោក Tan នៅតែត្រូវបំពេញនូវ ការសន្យារបស់គាត់ ហើយបន្ទាប់​ពីត្រូវ​រង់ចាំ អស់រយៈពេល 5 ឆ្នាំមកនេះ អ្នកគាំទ្រក៏ត្រូវរង់ចាំ ប៉ុន្មានឆ្នាំទៀតឯណោះ ទើបម៉ាស៊ីនអាំងនំបុ័ង Razer Toaster ត្រៀមខ្លួន​រួចរាល់ សម្រាប់ចេញលក់ ទៅលើទីផ្សារផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ