CAMBO REPORT

Popup Advertising5 seconds

CPU Intel ទំហំ 10nm នឹង​មិន​បង្ហាញ​ខ្លួន​ឆាប់ៗ​នេះ​ទេ តែ​អាច​នឹង​ចេញ​នៅ​ឆ្នាំ 2022 ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីក្រុមហ៊ុន AMD បានងើបមុខចូលទីផ្សារ CPU វិញជាមួយនឹងត្រកូល Ryzen ដែល​មាន​ច្រើន​ជម្រើស​របស់​ខ្លួន​រួច ឃើញថាពីមួយជំនាន់ទៅមួយជំនាន់ AMD បានកែប្រែ និងដុះខាត់ បច្ចេកវិទ្យា របស់ ខ្លួន បាន កាន់ តែ ប្រសើរឡើង ហើយទីផ្សារក៏គាំទ្រផងដែរ ព្រោះតែតម្លៃមានការប្រកួតប្រជែងបើធៀបទៅនឹង Intel។ ក្នុងនោះ បើយើងក្រលែក ទៅ មើល Intel វិញឃើញថា ក៏មានការកែសម្រួលខ្លាំងផងដែរ នៅពេលដែលឃើញដៃគូប្រកួតប្រជែងខ្លួនងើបមុខចូលទីផ្សារបែបនេះ ដែលបានធ្វើឲ្យទីផ្សារខ្លួនធ្លាក់ចុះ តែយើងឃើញថាទំហំមុខកាត់ CPU របស់ Intel អាចនឹងដើរយឺតជាង AMD ព្រោះថា Ryzen ជំនាន់ទី 3 នឹងបង្ហាញខ្លួននាពាក់កណ្ដាលឆ្នាំនេះ ជាមួយទំហំមុខកាត់តូច ខណៈ Intel អាចនឹងរង់ចាំយូរឆ្នាំទៀត។

យោងតាមប្រភពព័ត៌មានចុងក្រោយបានចេញផ្សាយឲ្យដឹងថា CPU របស់ Intel នឹងមិនកាត់បន្ថយទំហំលឿនដូច AMD នោះទេ ផ្ទុយ​ទៅវិញ CPU ជំនាន់ទី 10 និង 11 នឹងបន្តរក្សាទំហំរូបរាងដដែល ដោយកែប្រែតែ Architecture ក្នុងការផលិត ក៏ដូចជាចំនួន Core, Threads ក៏ដូចជាល្បឿនរត់តែប៉ុណ្ណោះ។ ជាងនេះទៅទៀត Intel ក៏បានបង្ហាញអំពីជំហ៊ានដើរសម្រាប់ថ្ងៃអនាគតរបស់ CPU ខ្លួនដែរ ដោយរំពឹងថា នឹងមកដល់នៅឆ្នាំ 2021 ឬ 2022 ដោយត្រៀមបញ្ចេញ CPU ផលិតឡើងក្រោម Architecture ឈ្មោះថា Ocean Cove ជាមួយនឹងការកាត់បន្ថយទំហំមកសល់ត្រឹម 10nm ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដែលនៅមិនទាន់ត្រូវបានលាតត្រដាង​នៅឡើយទេ ព្រោះនៅមាន CPU ផលិតឡើងក្រោម Architecture ឈ្មោះ Comet Lake-S មានទំហំមុខកាត់ 14nm ដែលនឹង​មកដល់នាពាក់កណ្ដាលឆ្នាំ 2020 ខាងមុខ ក៏ដូចជា Comet Lake-U ជាប្រភេទ CPU កន្ទុយ U សន្សំសំចៃអគ្គិសនី ទទួលបានការ Update លើចំនួន Core លោតដល់ 8 Cores និង 16 Threads ជាលើកដំបូង។

សម្រាប់ឆ្នាំ 2021 CPU ស្ថិតក្នុង Architecture ហៅថា Rocket Lake-S នឹងបង្ហាញខ្លួនជួសមុខជួសមាត់ជំនួស Comet Lake-S ដោយរក្សាទំហំដូចបច្ចុប្បន្នដដែល ខុសតែល្បឿន និងចំនួន Cores ក៏ដូចជាបច្ចេកវិទ្យាថ្មីៗដេញតាមជំនាន់។ នេះអាចជាដំណឹង​រហ័ស​បន្តិច តែប្រិយមិត្តគប្បីដឹងមុនក៏ល្អ ព្រោះថាវានៅពេលវេលាយូរដែរទម្រាំ Intel ធ្វើការផ្លាស់ប្ដូរមុខមាត់ CPU របស់ខ្លួន​ឲ្យ​តូច​ជាង​មុន តែកម្លាំងកាន់តែខ្លាំង។ សម្រាប់ពេលនេះ យើងនឹងរង់ចាំមើលការមកដល់នៃ Ryzen ជំនាន់ទី 3 និង GPU Navi របស់ AMD ថាតើវាខ្លាំងកម្រិតណា ដើម្បីប្រជែងជាមួយនឹង Intel ក៏ដូចជា nVIDIA។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Tweak Town Tag: កុំព្យូទ័រ