CAMBO REPORT

Popup Advertising5 seconds

PlayStation 5 នឹង​មិន​ប្រកាស​ចេញ​ក្នុង​រយៈពេល 12 ខែ​ខាង​មុខ​នោះ​ទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សប្ដាហ៍កន្លងទៅ ស្ថិតនៅក្នុងអំឡុងពេលខែមេសានេះ យើងទទួលបានដំណឹងខ្លះៗ អំពីការមកដល់ ក៏ដូចជាលក្ខណៈសម្បត្តិ នៃម៉ាស៊ីនហ្គេម PS5 ខ្លះៗហើយ ដោយវានឹងមានកម្លាំង ប្រសើរជាងមុន ដែលឈីបទាំង CPU និង GPU ផ្គត់ផ្គង់ដោយ AMD អមជាមួយមុខងារ Ray Tracing ផ្ដល់ចំណាំងផ្លាតនៃក្រាហ្វិចដែល Render លើអេក្រង់បានល្អប្រសើរ នៅពេលលេងហ្គេម ថែមទាំងផ្លាស់ប្ដូរ ពីការប្រើប្រាស់ Hard Disk ទៅជាការប្រើប្រាស់ SSD ជាដើម។ ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកលេងហ្គេម ទូទាំងពិភពលោកមាន ការភ្ញាក់ផ្អើល និងរំពឹងថា PS5 នឹងបង្ហាញខ្លួនកាន់តែឆាប់ គឺកាន់តែល្អ ព្រោះអ្នកមាន PS4 លេង ក៏អាចលេងហ្គេមរបស់ខ្លួន នៅលើម៉ាស៊ីនហ្គេម PS5 ថែមទៀតផង។

យ៉ាងណាក៏ដោយ កុំទាន់អាលអរ ហើយគិតថា SONY នឹងបញ្ចេញ PS5 ឆាប់ៗខាងមុខនេះអី ព្រោះថាយើងទើបតែទទួលបាន ដំណឹងថ្មីមួយជុំវិញការ ប្រកាសចេញនៃកំពូលម៉ាស៊ីនហ្គេម PlayStation 5 នេះ។ យោងតាមប្រភព ព័ត៌មានចុងក្រោយ ដែលបានធ្វើឡើងក្នុងការ ប្រកាសនូវទិន្នន័យហិរញ្ញវត្ថុ របស់ក្រុមហ៊ុន SONY កាលពីម្សិលមិញនេះ បានបង្ហាញឲ្យដឹងថា PS5 នឹងមិនទាន់បង្ហាញខ្លួន ក្នុងរយៈពេល 12 ខែ ខាងមុខទៀតនោះទេ គិតចាប់ពីថ្ងៃ ដែលដំណឹងរបស់ PS5 បានផ្ទុះឡើង។ ជាក់ស្ដែងមានការរំពឹងទុក ជាច្រើនលើកឡើងថា PS5 អាចនឹងបង្ហាញខ្លួន នាខែមេសា ខណៈពេលដែលដំណឹងកាល អំឡុងពេលនោះ លើកឡើងថា PS5 នឹងបង្ហាញខ្លួននាឆ្នាំ 2020 ខាងមុខ តែកុំយល់ច្រឡំអី វាមិនឆាប់ដល់ថ្នាក់នេះនោះទេ ព្រោះថា SONY ត្រូវចំនាយពេលច្រើនបន្ថែមទៀត ក្នុងការអភិវឌ្ឍទៅលើ ផ្នែកទន់ (Software) ឲ្យមានសុវត្ថិភាព ពង្រឹងលើក្រាហ្វិចហ្គេម ដើម្បីប្រជែងជាមួយអនាគតរបស់ Xbox និងហ្គេមនៅលើ PC ក៏ដូចជាទីផ្សារ អេឡិចត្រូនិច ដើម្បីរកលុយបន្ថែម ជាដើមជាអាទិ៍ ព្រោះថាបច្ចុប្បន្ន PSN មានការកើនឡើង 40% គិតចាប់ពីថ្ងៃបើកឲ្យប្រើប្រាស់ និងមានអ្នកប្រើប្រាស់ ប្រមាណជា 700,000 នាក់។

បើទោះបីជា PS5 នឹងមិនបង្ហាញខ្លួននាខែមេសា ឆ្នាំក្រោយនេះក៏ពិតមែន ភាគរយច្រើនបំផុត គឺនឹងត្រៀមចេញ នៅក្នុងត្រីមាសទី 4 នាឆ្នាំ 2020 អាចនៅចន្លោះខែកញ្ញា ដល់ធ្នូ នេះបើក្នុងករណីដែល SONY ពុំជួបឧបសគ្គ ដែលត្រូវពន្យារពេល ក្នុងការប្រកាសចេញ។ យ៉ាងណាក៏ដោយ ពុំទាន់មានប្រភពផ្លូវការណា បានដឹងនៅឡើយទេថា តើម៉ាស៊ីន PS5 នឹងត្រៀមប្រកាស ចេញនាឆ្នាំក្រោយ ឬក៏អត់ ព្រោះដូចបានបញ្ជាក់ ខាងដើម SONY ត្រូវការ ពេលវេលាបន្ថែមទៀត ដើម្បីចាក់សសរគ្រឹះ PS5 ឲ្យរឹងមាំ ទាំងផ្នែករឹង និងផ្នែកទន់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កម្មវិធី-ហ្គេម