CAMBO REPORT

Popup Advertising5 seconds

OPPO A9 ទើប​ចេញ​ជា​ផ្លូវការ ជាមួយ​អេក្រង់​ធំ​ទំហំ 6.53 អ៊ីញ និង​មាន​ថ្មធំ 4020mAh

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អាចនិយាយបានថា ស្មាតហ្វូនលំដាប់បង្គួរត្រកូល A របស់ក្រុមហ៊ុន OPPO ជាប្រភេទស៊េរីមួយ ដែលមានប្រជាប្រិយភាពគ្រាន់បើ នៅលើទីផ្សារ រួមទាំងនៅក្នុងស្រុកយើង ព្រោះលក្ខណៈសម្បត្តិរបស់វា គឺមានចំនុចល្អច្រើន រចនាបថរូបរាងមិនសាមញ្ញពេក ឯ​តម្លៃ​វិញ ក៏សមរម្យផងដែរ។ ដោយឡែក ថ្មីៗនេះ OPPO បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀតហើយ ដែលស្ថិត​ក្នុងខ្សែស្រឡាយត្រកូល A ដោយវាមានឈ្មោះថា OPPO A9។

ស្មាតហ្វូននេះ បានភ្ជាប់ជាមួយអេក្រង់ធំទំហំ 6.53 អ៊ីញ ប្រភេទ IPS-LCD លាតសន្ធឹងធំ 90.7% មានម៉ូតឆកតំណក់ទឹក ជាមួយ​កម្រិត​បង្ហាញ​រូបភាព Full HD+ ឬ 1080 x 2340 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ចំពោះផ្នែកកម្លាំងម៉ាស៊ីន OPPO A9 ប្រើប្រាស់បន្ទះឈីប Helio P70 មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.1GHz និងមាន GPU Mali-G72។ វា​បាន​បំពាក់រ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 128GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបាន ដោយមិនចាំបាច់បារម្ភ រឿង​ផ្ទុកឆាប់ពេញនោះទេ។

សម្រាប់ម៉ូតកាមេរ៉ាខាងក្រោយ OPPO A9 លើកនេះ ត្រូវបានឌីហ្សាញមកកាន់តែប្លែកខុសពីត្រកូល A ផ្សេងៗជំនាន់មុន ជាមួយ​ទីតាំង​ស្ថិត​នៅ​ចំកណ្តាល រាងបញ្ឈរចុះក្រោម មិនមែនមានរាងផ្តេក ស្ថិតនៅចំហៀងទៀតនោះទេ។ វាជាកាណុងកាមេរ៉ាភ្លោះ មាន​ទំហំ 13 មេហ្គាភិចសែល + 2 មេហ្គាភិចសែល និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប។ លើប្រព័ន្ធសុវត្ថភាព វាក៏មានបំពាក់ស៊េនស័រ សម្រាប់ស្កេនម្រាមដៃ នៅផ្នែកខាងក្រោមលេនកាមេរ៉ា ដែលខណ្ឌដោយ Flash LED។ ឯកាមេរ៉ាខាងមុខវិញ ត្រូវបានបំពាក់ជាមួយទំហំ 16 មេហ្គាភិចសែល ដែលនឹងផ្តល់អោយការថត Selfie បានកាន់ប្រសើរ។

OPPO A9 មានកម្លាំងថាមពលថ្មទំហំ 4020mAh, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និងស្រោបដោយស្បែក ColorOS 6។ ចំពោះពណ៌វិញ វាមានជម្រើស 3 ពណ៌ ដែលសុទ្ធសឹងជាប្រភេទ 3D Gradient Colors រួមមាន ពណ៌ Mica Green, ពណ៌ Ice Jade White និងពណ៌ Fluorite Purple។ ស្មាតហ្វូននេះ ត្រូវបានខាងក្រុមហ៊ុន OPPO ដាក់លក់ជាផ្លូវការ នៅ​ក្នុង​ប្រទេស​ចិនមុនគេ នៅថ្ងៃទី 30 មេសា ឆាប់ៗខាងមុខនេះ ជាមួយតម្លៃ 267 ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ