CAMBO REPORT

Popup Advertising5 seconds

សេចក្ដីរាយការណ៍៖ iOS 13 នឹង​បើក​សិទ្ធិ​ឲ្យ iPad អាច​ប្រើ​ប្រាស់ Mouse បាន​ជា​ផ្លូវការ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មានអ្នកប្រើប្រាស់ផលិតផល iPad របស់ Apple មិនតិចនោះទេ តែងចង់បាននូវមុខងារ Mouse មកប្រើប្រាស់ជាមួយនឹង iPad អេក្រង់ច្បាស់ រាងស្ដើង ហើយធំរបស់ខ្លួន ខណៈ Keyboard និង Apple Pencil នៅមិនទាន់បំពេញតម្រូវ​ការជាក់​ស្ដែង​បាន​គ្រប់​ស្ថានការណ៍​នៅឡើយ ព្រោះដូចប្រិយមិត្តបានដឹងស្រាប់ ការប្រើប្រាស់កុំព្យូទ័រ បើពុំមាន Mouse នោះទេ គឺពិបាកបន្តិចនៅពេល​ប្រើប្រាស់លើកិច្ចការងារចាំបាច់មួយចំនួន។ យ៉ាងណាក៏ដោយ Apple អាចនឹងបន្ថែមមុខងារ ដែលម្ចាស់ iPad ជាច្រើនកំពុងរង់ចាំ​នេះ​ជាផ្លូវការ ដែលបើកសិទ្ធិឲ្យប្រើប្រាស់ Mouse ជាមួយនឹង iPad បាន នៅក្នុងកំណែ Update នៅលើ iOS 13 ដែលនឹង​មក​ដល់​ឆាប់ៗខាងមុខនេះ។

ដំណឹងលេចឮនេះ មិនមែនចេញពី Apple នោះទេ គឺបានធ្វើការផ្សព្វផ្សាយក្នុងកម្មវិធីវិទ្យុ ConnectedFM ដោយមាន​ការចូល​រួម​ដោយ​លោក Steve Troughton-Smith បាននិយាយអំពីមុខងារប្រើប្រាស់ Mouse ក៏ដូចជាបង្ហោះសារនៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនថា iPad នឹងមានមុខងារថ្មីមួយទៀតគឺ ការនាំយក Mouse មកប្រើប្រាស់នៅលើ iPad ដូចរូបភាពខាងក្រោម។ ជាងនេះទៅទៀត ការនាំយក Mouse មកប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ iOS 13 នេះ គឺអាចខុសគ្នាបើធៀបទៅនឹង Windows និង macOS ព្រោះចំនុចដៅ នឹងមិនអាចប្រើប្រាស់សញ្ញាព្រួញឡើយ ផ្ទុយទៅវិញវាអាចនឹងមានសណ្ឋានបែបរង្វង់តូច អាចចុចដំណើរការបានទូទៅ តែប្រហែលជាតម្រូវឲ្យប្រើប្រាស់ជាមួយនឹង Mouse ឥតខ្សែតាមប្រព័ន្ធ Bluetooth ទើបបាន។

នេះគ្រាន់តែជាដំណឹងដំបូងជុំវិញមុខងារថ្មី ដែលអ្នកប្រើប្រាស់ iPad ជាច្រើនបានកំពុងរង់ចាំ តែយើងក៏មិនអាននិយាយបាន 100% នោះដែរថា តើ Apple ពិតជាសម្រេចចិត្តនាំយកមុខងារនេះមកកាន់ iPad ពិតមែន ឬក៏អត់ទេ តែបើវាកើតឡើងពិតមែននោះ វាអាច​ជា​ដំណឹងល្អមួយ ពិសេសអ្នកដែលប្រើប្រាស់ iPad ច្រើន ព្រោះថាវាងាយស្រួលយកតាមខ្លួន មានអេក្រង់ច្បាស់ ហើយស្រាលថែម​ទៀត ពិតជាអាចជំនួសដៃជើងកុំព្យូទ័របានមួយភាគធំ។ សម្រាប់ប្រិយមិត្ត តើគិតយ៉ាងណាដែរ? ចង់ទទួលបានមុខងារនេះឬទេ? យើង​នឹងរង់ចាំមើលព្រឹត្តិការណ៍ WWDC ឆ្នាំ 2019 ដែលនឹងមកដល់នាខែមិថុនា ខាងមុខ ដែលជាពេលវេលាបង្ហាញមុខមាត់ iOS 13។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF TECH Tag: ថេប្លេត