CAMBO REPORT

Popup Advertising5 seconds

GTX 1650 និង GTX 1650 Ti បង្ហាញ​ខ្លួន​ជាផ្លូវការ​ហើយ ជា​ក្រាហ្វិច​កាត​កម្រិត​ចាប់​ផ្ដើម ក្រោម​តម្លៃ USD 200

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុត nVIDIA និងដៃគូសហការណ៍ជាច្រើនរបស់ខ្លួនបានប្រកាសចេញនូវក្រាហ្វិចកាតកម្រិតដំបូងរបស់ខ្លួនជាផ្លូវការហើយ ដែល​ចែកចេញជា 2 ស៊េរីគឺ GTX 1650 និង GTX 1650 Ti ដែលមានច្រើនស៊េរីសម្រាប់ជ្រើសរើស ទៅតាមម៉ាក និងម៉ូឌែល ដែល​អតិថិជនត្រូវការ តែពុំមានប្រភេទ Reference Ediiton ដែលចេញដោយ nVIDIA ដោយផ្ទាល់ឡើយ ដោយផ្គត់ផ្គង់​តែ​បន្ទះ​ឈីប GPU ជាការស្រេច ដោយការរចនានូវបន្ទះ PCB គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនជាដៃគូ។

GTX 16 Series ជាប្រភេទក្រាហ្វិចកាតកម្រិតចាប់ផ្ដើម តែឈីបរបស់វាត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Architecture ស៊េរីថ្មី​ហៅ​ថា Turing TU117 តែវាត្រូវបានកាត់បន្ថយនូវលក្ខណៈសម្បត្តិសំខាន់ៗទៅតាមតម្លៃ ដែលចេញលក់ក្នុងទីផ្សារ។ ក្នុងនោះ​ក្រុមហ៊ុន nVIDIA ក៏បានអះអាងឲ្យដឹងបន្ថែមផងដែរថាក្រាហ្វិចកាត GTX 1650 នេះមានសន្ទុះកម្លាំងខ្លាំងជាង GTX 950 ប្រមាណ​ជា 200% ខណៈល្បឿនធៀបជាមួយ GTX 1050 សម្រាប់ការលេងហ្គេមកម្រិត Full HD លឿនជាង 70% សម្រាប់​ហ្គេម​ភាគ​ច្រើន ថែមទាំងស៊ីភ្លើងតិចត្រឹម 75W ដែលអាចប្រើប្រាស់ជាមួយនឹង Power Supply កម្លាំង 400W ក៏បាន ដោយ​តម្រូវ​ឲ្យ​ប្រើប្រាស់ឌុយ 6-pin ដើម្បីផ្ដល់កម្លាំងអគ្គិសនីបន្ថែម។

ក្រាហ្វិចកាតទាំង GTX 1650 និង 1650 Ti បើនិយាយអំពីកម្លាំងវិញ វាមិនខុសគ្នាមេឃ និងដីទេ ដោយកម្លាំង​ពេល​លេង​ហ្គេម​អាច​ខុស​គ្នា​ចន្លោះពី 10-15% អាស្រ័យទៅលើប្រភេទក្រាហ្វិចនីមួយៗ ដោយម្ចាស់ Desktop ទាំងអស់អាចធ្វើការ Upgrade ឡើង​ស៊េរី​បាន ដោយជ្រើសរើសម៉ាក MSI, ASUS, Gigabyte, Galax, EVGA, INNO3D, Palit, Zotac ជាដើមក្នុងតម្លៃ USD 149 ឡើងទៅសម្រាប់ GTX 1650 ខណៈ GTX 1650 Ti តម្លៃ USD 179 ឡើងទៅ។

ជុំវិញការប្រកាសចេញក្រាហ្វិចកាតសម្រាប់ Desktop រួច nVIDIA ក៏បានប្រកាសឲ្យដឹងនូវការមកដល់នៃក្រាហ្វិតសម្រាប់ម៉ាស៊ីន Laptop ផងដែរ ដែល GTX 1660 Ti និង GTX 1650 ត្រៀមចូលវាយលុកទីផ្សារនាពាក់កណ្ដាលឆ្នាំនេះ ដែល​មាន​បំពាក់​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រច្រើនម៉ាក និងម៉ូឌែល ដោយទទួលបានការបង្កើនកម្លាំងលឿនជាងមុនដូចខាងក្រោម៖

 

GTX 1660 Ti (Notebook)

 

•    ខ្លាំងជាង GTX 960M ចំនួន 400%

•    ខ្លាំងជាង GTX 1060M ចំនួន 150%

•    តម្លៃចាប់ផ្ដើមលើម៉ាស៊ីន Laptop គឺ USD 999 ឡើងទៅ

 

GTX 1650 (Notebook)

 

•    ខ្លាំងជាង GTX 950M ចំនួន 250%

•    ខ្លាំងជាង GTX 1050M ចំនួន 170%

•    តម្លៃចាប់ផ្ដើមលើម៉ាស៊ីន Laptop គឺ USD 799 ឡើងទៅ

 

នេះគឺជាដំណឹងល្អសម្រាប់អ្នកត្រៀមទិញ ឬចង់ធ្វើការឡើងស៊េរីក្រាហ្វិចកាតរបស់ខ្លួន ដោយអ្នកមានជម្រើសច្រើននៅពេលនេះ ព្រោះ​បើ​ពុំមានថវិកាទិញ RTX មកប្រើប្រាស់ទេនោះ GTX 16-Series អាចឲ្យអ្នករីករាយក្នុងការលេងហ្គេមបានទាំងម្ចាស់ Desktop ឬអ្នកចង់បានម៉ាស៊ីន Laptop ស៊េរីថ្មីៗយកទៅប្រើប្រាស់ តែយ៉ាងណាក៏ដោយ តម្លៃក៏មិនអាចធានាបានដែរ ព្រោះវាអាចថ្លៃជាង​នេះ​បន្តិច​ពេលដល់ទីផ្សារស្រុកខ្មែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF​ TECH Tag: កុំព្យូទ័រ