CAMBO REPORT

Popup Advertising5 seconds

Tesla បង្ហាញឲ្យ​ពិភព​លោក​បាន​ដឹង​អំពី​ខួ​រ​ក្បាល​រថយន្ត​បើកបរ​ដោយ​ស្វ័យ​ប្រវត្តិរបស់​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តើប្រិយមិត្តធ្លាប់បានឮ ឬដឹងខ្លះៗអំពីរថយន្តសម័យថ្មី ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកបរតាមដងផ្លូវដោយខ្លួនឯងឬទេ? នៅស្រុកខ្មែរយើងអាចថាមិនមាននោះទេ តែនៅប្រទេសជឿនលឿនមួយចំនួន វាបានកំពុងចាប់ផ្ដើមបន្តិចម្ដងៗហើយ ហើយ​ក្នុង​នោះ​ក្រុមហ៊ុន ដែលកំពុងឈានមុខគេគឺ Tesla ដែលបានផលិតឲ្យមានរថយន្តបើកដោយស្វ័យប្រវត្តិនេះបានប៉ុន្មានម៉ូឌែលមកហើយ ទើប​តែ​ម្សិលមិញនេះ Tesla បានបង្ហាញឲ្យពិភពលោកបានដឹងអំពីខួរក្បាលពិសេស ដែលបើកសិទ្ធិឲ្យរថយន្តរបស់ខ្លួនមានសមត្ថភាព​ពិសេស។

ខួរក្បាលថ្មីនេះ ត្រូវបានលោក Elon Musk ជាអគ្គនាយករបស់ក្រុម Tesla បង្ហើបប្រាប់ពិភពលោកឲ្យបានដឹងកាលពីកន្លះឆ្នាំមុននូវ​ខួរ​ក្បាល​ថ្មី ដែលត្រូវបានអភិវឌ្ឍន៍យ៉ាងពិសេសសម្រាប់រថយន្តទំនើប និងស៊េរីថ្មីរបស់ខ្លួន រហូតមកដល់ថ្ងៃនេះលោក Musk បាន​បន្ថែម​ឲ្យដឹងថា ខួរក្បាលនោះតាមការពិតទៅបានបំពាក់រួចរាល់ជាស្រេចនៅគ្រប់ម៉ូឌែលរថយន្ត ដែលបានផលិតប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។ ខួរក្បាលរថយន្ត ដែលជាបន្ទះឈីបធំជាងបាតដៃមួយនេះ ត្រូវបានប្រាប់ឲ្យដឹងថា វាមាន Transistors ដល់ទៅ 6 ពាន់​លាន ដើម្បីគណនាទិន្នន័យបានរហ័សទាន់ចិត្ត និងធ្វើការលើ Frame ប្រមាណជា 2,300 សន្លឹកក្នុងមួយវិនាទី ដែលលឿនជាង​ខួរ​ក្បាល​ជំនាន់មុន 21 ភាគរយ។

មិនតែប៉ុណ្ណោះខួរក្បាលមួយបន្ទះនេះ គឺបំពាក់មកជាមួយឈីបគោលចំនួន 2 ដែលដើរតួយ៉ាងសំខាន់នៅពេលឈីបណា​មួយមាន​បញ្ហា ដោយឈីបមួយផ្សេងទៀតអាចបម្រុងជួយនៅពេលមានបញ្ហា Error នានាកើតមានឡើង។ សម្រាប់ពេលនេះ រាល់រថយន្ត​ទាំងអស់ ដែលផលិតឡើងដោយរោងចក្ររបស់ Tesla ផ្ទាល់ គឺបានបំពាក់មកជាមួយខួរក្បាលនេះអស់ហើយរួមមាន Model 3, Model S និង Model X ដោយវាគ្រប់គ្រងទៅលើកាមេរ៉ាជុំវិញរថយន្តចំនួន 8 អមជាមួយសេនស័រ Ultrasonic ចំនួន 12 មាន និង Radars ផងដែរ បើកសិទ្ធិឲ្យរថយន្តនេះបើកបរដោយស្វ័យប្រវត្តិតាមការកំណត់របស់អ្នកបើកបរ តែមិនមែនគ្រប់ផ្លូវទាំងអស់ឡើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: យានយន្ត