CAMBO REPORT

Popup Advertising5 seconds

Core X Chroma ចេញថ្មី ធុង​ក្រាហ្វិច​កាត​ភ្លើង RGB នឹង​ធ្វើ​ឲ្យ Laptop អ្នក​មាន​សន្ទុះ​កាន់​តែ​លឿន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

eGPU មិនមែនជារឿងថ្មីនោះទេ ព្រោះវាមានលក់ពាសពេញទីផ្សារទៅហើយ គ្រាន់តែនៅស្រុកខ្មែរយើងចំនួនអ្នកប្រើប្រាស់ធុង​ក្រាហ្វិចកាតខាងក្រៅបែបនេះ​គឺមានចំនួនតិចតួចបំផុត តែបើយល់អំពីវាច្បាស់ ប្រាកដជាចង់ទិញមួយទុកនៅផ្ទះ ឬដាក់ក្នុបន្ទប់ ដើម្បីធ្វើការងារ​ធ្ងន់ៗ ដូចជាកាត់ត Render ក្រាហ្វិច 3D វីដេអូ ពិសេសអាចលេងហ្គេមបានថែមទៀតផង។ ជាក់ស្ដែង​សម្រាប់​ពេល​នេះ យើងអាចស្វែងរក eGPU បានច្រើនម៉ាក ហើយក្នុងនោះ Razer ទើបតែបញ្ចេញ Core X Chroma ថ្មីមួយទៀតរបស់ខ្លួន ដែល​វាត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់ Laptop កម្រិតស្ដើង តែម្ចាស់ម៉ាស៊ីនក្រាស់ៗក៏អាចប្រើបានដែរឲ្យតែ​មាន​ប្រាក់​ចំនាយ​ទិញ។

ការបង្ហាញខ្លួននៃ Core X Chroma នេះ គឺជាការអភិវឌ្ឍន៍ខ្លួនថ្មី ដែល Razer ផ្ទាល់បានដុះខាត់នូវរាល់បញ្ហា ដែលអតិថិជនរបស់ ខ្លួនរិះគន់ ដោយបំពេញមកវិញនូវចំនុចពិសេសៗ ផ្ដល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរឡើង ថែមទាំង​ផ្ដល់​នូវ​ភាព​បត់​បែន​បាន​ល្អជាងធុង Razer Core V2 ជំនាន់មុន។ លក្ខណៈពិសេសមួយ ដែលធ្វើឲ្យ Core x Chroma លេចធ្លោនៅទីកន្លែងងងឹត និងពេលបើកវាដំណើរការនោះគឺស្ថិតនៅត្រង់ចំនុចភ្លើង RGB នៅផ្ទៃខាងក្រោមផ្នែកខាងមុខ អាចធ្វើការ Sync ជាមួយនឹងកម្មវិធី ឬផលិតផលផ្សេងៗទៀតរបស់ Razer បាន ធ្វើឲ្យការប្រើប្រាស់តភ្ជាប់ទៅកាន់ម៉ាស៊ីន Laptop មានភាពទាក់ទាញថែម​មួយ​កម្រិត​ទៀត។

Core X Chroma អាចយកទៅប្រើប្រាស់បានជាមួយនឹងក្រាហ្វិចកាតគ្រប់ប្រភេទ គ្រប់ម៉ាក ម៉ូឌែល និងទំហំ លើកលែងតែប្រភេទ​ក្រាហ្វិចប្រើប្រាស់ធុងទឹកដាច់ដោយឡែកចេញ។ ដោយក្នុងនោះ Razer បានបំពាក់មករួចជាស្រេចនូវ PSU កម្លាំង 700W សម្រាប់​ផ្គត់ផ្គង់​អគ្គិសនីទៅកាន់ GPU និងនៅសល់ 100W ផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ទៅកាន់ម៉ាស៊ីន Laptop តាមរយៈឌុយ Thunderbolt 3 ប្រើប្រាស់ Interface USB ប្រភេទ C ដោយវាបញ្ជូនទិន្នន័យទំនាក់ទំនងរវាងម៉ាស៊ីនទាំងពីរផង និងសាកថ្មផង​ក្នុង​ពេលតែមួយ។ ដោយសារតែវាជាប្រភេទ Thunderbolt 3 វានៅមានសមត្ថភាពបញ្ជូនទិន្នន័យផ្សេងៗទៀត ដូចជាបំបែកទៅ​ជារន្ធ USB ប្រភេទ A ចំនួន 4 គ្រាប់នៅលើធុង eGPU ក៏ដូចជារន្ធ Ethernet (LAN) ព្រោះម៉ាស៊ីន Laptop កម្រាស់ស្ដើង ភាគ​ច្រើន​មានរន្ធ USB តិច ហើយក៏កម្រនឹងមានរន្ធ LAN ដែរ ហេតុនេះការបន្ថែមមកជាមួយបែបនេះគឺជារឿងល្អ ដែលអ្នក​ប្រើប្រាស់​ត្រូវ​ការ។

ធុង eGPU ថ្មីមួយនេះ អាចយកទៅប្រើប្រាស់បានទាំងម៉ាស៊ីន Laptop រត់ដោយ Windows និងម៉ាស៊ីន MacBook ឲ្យតែម៉ាស៊ីន​នោះ​មាន​រន្ធ Thunderbolt 3 ទៅគឺជាការស្រេចហើយ ដោយអ្នកអាចសោយសុខជាមួយនឹងកម្លាំង​ខ្លាំងសម្បើម​ទៅលើ​ការ​លេង​ហ្គេម ឬធ្វើការងារធ្ងន់ៗជាមួយក្រាហ្វិច ដោយកម្លាំងរបស់ GPU ខ្នាត Desktop អាចបំពេញតម្រូវការរបស់អ្នកបាន តែអ្នកត្រូវរត់​ដោយ Windows 10 ជំនាន់ RS5 ឡើងទៅ និង macOS ជំនាន់ 10.14 ឡើងទៅទើបបាន។ Core  X Chroma ចាប់ផ្ដើមចេញ​លក់​ហើយ​នៅក្នុងទីផ្សារអន្តរជាតិក្នុងតម្លៃ USD 399.99 មិនទាន់រាប់បញ្ចូលក្រាហ្វិចកាតនៅឡើយ ហេតុនេះបើអ្នកចង់​បានវា​យក​មក​ប្រើប្រាស់ គឺត្រូវចំនាយប្រាក់រាប់រយ ឬអាចដល់រាប់ពាន់ដុល្លារផ្សេងទៀតទិញក្រាហ្វិចកាត ទើបអាចប្រើប្រាស់វាបាន ហើយបើ​ទិញ​ប្រភេទ RTX Titan ឬ Quadro ទៀតនោះ! ប្រិយមិត្តអាចនឹងដឹងថាតើលុយធ្លាក់មកពីណាជាក់ជាមិនខាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Razer Tag: កុំព្យូទ័រ