CAMBO REPORT

Popup Advertising5 seconds

Ubisoft បរិច្ចាគ 56 ម៉ឺន​ដុល្លារ និង​អោយ​ដោនឡូដ​ហ្គេម Assassin’s Creed Unity ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ជួយ​ដល់​ព្រះ​វិហារ Notre Dame

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការឆាបឆេះនូវទីកន្លែងប្រវត្តិសាស្ត្រ ដែលមានភាពល្បីល្បាញមួយនៅក្នុងប្រទេសបារាំងបាន ធ្វើឲ្យពិភពលោកមានភាព​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង ដោយហេតុថា ព្រះវិហារសាសនា Notre Dame ដែលមានឈ្មោះហៅពេញថា Cathédrale Notre-Dame de Paris ស្ថិតនៅក្នុងទីក្រុងប៉ារីស បានឈរជើងលើភពផែនដីអស់រយៈកាលប្រមាណជា 856 ឆ្នាំមកហើយ ហើយវាក៏ជាទី​សក្ការៈ​គោរព​បូជា​ដ៏​ធំមួយ សម្រាប់សាសនាទៀតផង។ ជុំវិញការឆាបឆេះនូវព្រះវិហារបុរាណប្រវត្តិសាស្ត្រមួយនេះ ឃើញថាបារាំងនឹង​ធ្វើ​ការ​ជួស​ជុល និងសាងសង់ឡើងវិញ ដោយក្នុងនោះមានមហាសេដ្ឋីប៉ុន្មាននាក់ ក៏ដូចជាក្រុមហ៊ុនអេឡិចត្រូនិចធំៗមួយចំនួន បាន​ធ្វើ​ការ​បរិច្ចាគថវិកា​រាប់រយលានដុល្លារ ដើម្បីស្ថាបនាព្រះវិហារនេះឡើងវិញ។

ជុំវិញការជួយសង្គ្រោះ ក្នុងការស្ថាបនាឡើងវិញនូវព្រះវិហារមួយនេះ ក្រុមហ៊ុនផលិតហ្គេម Ubisoft ក៏បានធ្វើការបរិច្ចាគនូវថវិកា​មួយ​ចំនួន ដែលគិតជាដុល្លារប្រហែល 56 ម៉ឺនដុល្លារ ដើម្បីបង្ហាញអំពីការចូលរួមសោកស្ដាយ នូវការបាត់បង់ទីកន្លែងដ៏សំខាន់មួយនេះ ពិសេសជួយទៅដល់ថ្លៃនៃការជួសជុល។ ជាងនេះទៅទៀត Ubisoft ក៏បានបើកឲ្យទាញយកនូវហ្គេម Assassin’s Creed Unity ដែលបានចេញកាលពីឆ្នាំ 2014 កន្លងទៅ ឲ្យមហាជនទាញយកទៅលេងដោយឥតគិតថ្លៃសម្រាប់រយៈពេល 1 សប្ដាហ៍ពេញ គិត​ចាប់​ពីថ្ងៃទី 17 រហូតដល់ថ្ងៃទី 25 ខែមេសា ខាងមុខ។ សម្រាប់អ្នកដែលចង់លេងហ្គេម Assassin’s Creed Unity អាចធ្វើការ​ទាញ​យក​ដោយឥតគិតថ្លៃតាមរយៈ UplayUbisoft Store ក៏បានតាមតម្រូវការ។ អ្នកអាចនឹងឆ្ងល់ហើយថា មូលហេតុអ្វីបានជា Ubisoft បើកឲ្យ Download យកហ្គេមនេះទៅលេងដោយឥតគិតថ្លៃ? ជាការពិតវគ្គ Unity របស់ហ្គេមមួយនេះ មានទីតាំងលេង​ស្ថិត​ក្នុងប្រទេសបារាំង ថែមទាំងមានរួមបញ្ចូលនូវទីតាំងព្រះវិហារបុរាណប្រវត្តិសាស្ត្រមួយនេះផងដែរ បានជាដូច្នេះ​ហើយ​ទើប​បាន​ជា Ubisoft សម្រេចចិត្តមិនត្រឹមតែបរិច្ចាគជាថវិកាប៉ុណ្ណោះទេ គឺរួមមានទាំងហ្គេមផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម