CAMBO REPORT

Popup Advertising5 seconds

PlayStation 5 ត្រៀម​ចេញ​ឆ្នាំ 2020 មាន Ray Tracing ថែម​ទាំង​អាច​លេង​ហ្គេម PS4 បាន​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុត យើងទទួលបានដំណឹងផ្លូវការ ដែលបានប្រកាសឡើងពីក្រុមហ៊ុន SONY ហើយ បើទោះបីជាសេចក្ដីប្រកាស លើកដំបូងនេះ នៅមិនទាន់បានបង្ហាញអស់ អំពីសមត្ថភាពនៃម៉ាស៊ីនហ្គេម ជំនាន់ទី 5 របស់ក្រុមហ៊ុន អេឡិចត្រូនិច របស់ជប៉ុនក៏ដោយ តែវាល្មមអាចឲ្យយើងដឹង បានខ្លះៗថា តើវាមានសមត្ថភាពកម្រិតណា សម្រាប់អនាគតរបស់ហ្គេម ដែលត្រៀមចេញឲ្យលេង ក៏ដូចជាសមត្ថភាព នៃក្រាហ្វិចហ្គេម ជាការប្រកួតប្រជែង ជាមួយនឹងម៉ាស៊ីនហ្គេម កុំព្យូទ័រជាដើម។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថាម៉ាស៊ីនហ្គេម PlayStation 5 ឬ PS5 បានកំពុងស្ថិតក្នុង ការអភិវឌ្ឍន៍ហើយ ដោយវានឹងរួចរាល់ នៅក្នុងត្រីមាសទី 3 នាឆ្នាំ 2020 ខាងមុខនេះឯង។ ការមកដល់ នៃម៉ាស៊ីនហ្គេមទំនើប និងចុងក្រោយគេ បង្អស់មួយនេះ គឺមានកិច្ចសហការជាច្រើន រវាងក្រុមហ៊ុនផ្សេងៗ ពិសេសក្រុមហ៊ុន AMD ដោយអគ្គនាយក លោកស្រី Lisa Su បានប្រកាសជាផ្លូវការឲ្យបានដឹងថា GPU ថ្មី ដែលរត់នៅលើ PS5 នឹងប្រើប្រាស់ GPU អភិវឌ្ឍន៍ឡើង ក្រោមឈ្មោះ Architecture Navi ជាបច្ចេកវិទ្យា ចុងក្រោយរបស់ AMD មានទំហំមុខកាត់ត្រឹម 7nm ថែមទាំងអាចប្រើប្រាស់ ជាមួយមុខងារ Ray Tracing ដូចទៅនឹងក្រាហ្វិចស៊េរី RTX របស់ nVIDIA ដែរ។ សម្រាប់ផ្នែកខួរក្បាល CPU វិញ នឹងប្រើប្រាស់ CPU អភិវឌ្ឍន៍ឡើងក្រោម Architecture Zen 2 មានមុខកាត់ 7nm ដូចគ្នា ជាមួយនឹងល្បឿនអាចទ្រទ្រង់ ក្រាហ្វិចហ្គេមកម្រិត 4K បាន ជាមួយល្បឿន fps ខ្ពស់ជាង PS4 Pro។

ក្រៅពីឈីបខ្លាំង PS5 នឹងបន្ថែមមុខងារពិសេសៗជាច្រើន ផ្សេងទៀតដូចជា 3D Sound ដែលបន្ថែមរសជាតិ លេងហ្គេមឲ្យកាន់តែសំបើម និងសម្បូរបែបជាងមុន ថែមទាំងធ្វើការផ្លាស់ប្ដូរ នូវការប្រើប្រាស់អង្គផ្ទុកទិន្នន័យ ជាប្រភេទ Hard Disk Drive មកជាប្រភេទ SSD វិញ ដើម្បីធានាទៅដល់ល្បឿន របស់ម៉ាស៊ីនរត់បានរហ័ស ជាងមុនទាំងការបិទបើក ពិសេសកាត់បន្ថយ ពេលវេលារង់ចាំ (Loading) នៅពេលចូលលេងហ្គេម។ មួយវិញទៀត អ្វីដែលធ្វើឲ្យ PS5 កាន់តែប្រសើរទៀតនោះ គឺស្ថិតនៅត្រង់ថា វាមានសមត្ថភាពអាចលេងហ្គេម PS4 បានទៀតផង តែប្រហែលជាភាគតិច ខ្លាំងណាស់ដែលអ្នកទិញ PS5 ហើយ បែរជាមកលេងហ្គេម PS4 ទៅវិញ គ្រាន់តែអាចថា វាគឺជាមុខងារមួយ មានជាជាងអត់។ សរុបមកទាំងនេះគឺជាដំណឹងដំបូង ដែលយើងទទួលបានអំពីការ មកដល់នៃម៉ាស៊ីន PlayStation 5 ហើយវាអាចនឹងត្រូវប្រកាសចេញ ជាផ្លូវការនាត្រីមាសទី 3 ឆ្នាំក្រោយនេះឯង ជាមួយនឹងហ្គេមចេញថ្មីៗ ជាច្រើន ដែលមានក្រាហ្វិចកប់ ពិសេសបំផុត គឺអាចលេចចេញមុខ ហ្គេមចោរលួចឡាន (GTA 6) ក៏ថាបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កម្មវិធី-ហ្គេម