CAMBO REPORT

Popup Advertising5 seconds

Predator Helios 700 ទើប​ប្រកាស​ចេញ​ក្ដៅ​ៗ មាន​មុខងារ​ទាញ​ក្ដារ​ចុច ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន​មក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំមុនក្រុមហ៊ុន Acer ដែលជាម្ចាស់គ្រប់គ្រង ម៉ាកពាណិជ្ជនាម ដែលមហាជន ស្គាល់ហៅថា Predator បានធ្វើឲ្យទីផ្សារកុំព្យូទ័រ កក្រើកម្ដងរួចទៅហើយ រហូតមកដល់ឆ្នាំ 2019 នេះ Acer បាននាំយកម៉ាក Predator នេះ មកកាន់ទីផ្សារម្ដងទៀត ជាមួយនឹងផលិតផលច្រើនប្រភេទ មិនចាញ់ឆ្នាំទៅមិញឡើយ។ ជាក់ស្ដែងនៅក្នុងចំនោម ផលិតផលជំនាន់ថ្មីៗទាំងនោះ រួមមានកុំព្យូទ័រយួរដៃ សម្រាប់យកទៅលេងហ្គេម ស្ថិតក្នុងត្រកូល Helios ផងដែរ ដោយឆ្នាំនេះ លោតដល់លេខ 700 ហើយ ជាមួយនឹងឈ្មោះ ហៅជាផ្លូវការថា Predator Helios 700។

ក្នុងព្រឹត្តិការណ៍ប្រកាសចេញជាផ្លូវការនូវផលិតផលម៉ាក Predator ក្នុងទីក្រុង New York កាលពីម្សិលមិញនេះ Gaming Laptop ដែលមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនទូទៅគឺ Helios 700 ត្រូវបានផលិត និងរចនាឡើង យ៉ាងពិសេសសម្រាប់ Gamer ឬអ្នកដែលចង់បាន ម៉ាស៊ីនកុំព្យូទ័រមានរូបរាងកាច មាឌសម្បើម ថែមទាំងមានប្រព័ន្ធ បន្ថយកម្ដៅល្អ។ មូលហេតុគោលចំបង ដែលធ្វើឲ្យម៉ូឌែលនេះ មានប្រព័ន្ធបន្ថយកម្ដៅល្អ គឺកើតចេញពីគំនិតច្នៃប្រឌិត ខ្ពស់ពីសំណាក់ផ្នែកឌីហ្សាញ ព្រោះវា មានក្ដារចុច ដែលអាចទាញចុះ មកក្រោមបាន ដោយបើកឲ្យកង្ហារ 2 គ្រាប់ នៅខាងក្រោមស្រូបខ្យល់ត្រជាក់ បានប្រសើរជាងមុន ជាមួយនឹងការប្រើប្រាស់ តំបន់ដាក់ដៃខាងលើ (Wrist Rest) ទម្លាក់មកខាងក្រោម ដើម្បីទ្រដៃ ដូចវីដេអូ ខាងក្រោមនេះ៖

 

 

ក្រៅពីមានប្រព័ន្ធបន្ថយកម្ដៅល្អហើយ ម៉ាស៊ីននេះក៏មិនអាចខ្វះបាននូវ ផ្នែករឹងស៊េរីចុងក្រោយ ផងដែរ ដោយអតិថិជនរបស់ Predator អាចធ្វើការជ្រើសរើស CPU ជាប្រភេទ Core i7 និង Core i9 ជំនាន់ទី 9 ថ្មី និងជម្រើសក្រាហ្វិច RTX 2070 ឬឡើងទៅ 2080 ក៏បាន អមមកជាមួយនឹង RAM ទំហំចាប់ពី 16GB ឡើងទៅ 64GB និងមានអង្គផ្ទុកទិន្នន័យ ជាប្រភេទ M.2 PCIe NVMe ចំនួន 3 ដើម និងប្រើប្រាស់អង្គផ្ទុកទិន្នន័យ ប្រភេទ SATA 2.5 អ៊ីញបែប HDD ឬ SSD ក៏បាន ដោយ Predator បើកសិទ្ធិឲ្យធ្វើការ Upgrade នៅពេលក្រោយ តាមតម្រូវការរបស់អតិថិជន។ ជុំវិញបទពិសោធន៍ លេងហ្គេមវិញ Acer អះអាងថា អតិថិជនអាចរីករាយលេងហ្គេម ជាមួយនឹងអេក្រង់ទំហំ 17.3 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ប្រើប្រាស់បន្ទះបង្ហាញ IPS ជំនាន់ថ្មី ដែលមានល្បឿន Refresh Rate @144Hz និង 3ms។

មិនតែប៉ុណ្ណោះ ក្ដារចុចក៏ដូចជា TrackPad ក៏មានភ្ជាប់មក ជាមួយភ្លើង RGB អាចកំណត់ពណ៌តាមហ្គេម ឬតាមចិត្តចង់បាន មានប្រព័ន្ធសម្លេងបែប 5.1 Surround sound ធានាទោដល់ការលេង ហ្គេមឥតកាសកាន់តែ សំបូរបែប ហើយក៏មិនងាយក្ដៅដៃ តែគួរឲ្យស្ដាយ Acer ពុំទាន់បានប្រាប់ឲ្យដឹង ច្បាស់ថាតើវាមានថ្ម អាចរស់បានប៉ុន្មានម៉ោង នៅឡើយទេ។ ម្យ៉ាងតម្លៃ ក៏មិនធូរថ្លៃប៉ុន្មានដែរ ដោយការមកដល់ ក្នុងទីផ្សារជាលើកដំបូង Predator Helio 700 នេះ មានតម្លៃខ្លួនចាប់ផ្ដើមពី USD 2,699.99 ឡើងទៅ ជិត USD 4,000 តាមកម្រិត Specs ដែលអតិថិជនត្រូវការ។ ហេតុនេះ បើទោះបីជាម៉ាស៊ីន Gaming Laptop នេះ មានភាពខុសប្លែក មើលទៅអស្ចារ្យ និងមានប្រព័ន្ធ បន្ថយកម្ដៅប្រសើរក៏ដោយ តែយើងក៏មិនទាន់ដឹងច្បាស់ថា តើវាមានប្រសិទ្ធភាព កម្រិតណាដែរ ព្រោះមិនទាន់បានធ្វើ តេស្ដផ្ទាល់ដៃ មានតែរង់ចាំមើលវីដេអូ បង្ហាញលក្ខណៈសម្បត្តិបន្ថែម ពីសំណាក់ YouTuber ត្រៀមនឹងចេញ ឆាប់ៗខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កុំព្យូទ័រ