CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Messenger អាច​នឹង​ត្រឡប់​មក​កាន់​កម្មវិធី Facebook ដើម​វិញ នៅ​ពេល​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រហែលជាមិនយូរទៀតនោះទេ ក្រុមការងារអភិវឌ្ឍន៍ កម្មវិធីហ្វេសប៊ុក នឹងអាចយកមុខងារផ្ញើសារ Messenger មកដាក់ក្នុង កម្មវិធី Facebook ដើមវិញ ដោយមិនបាច់តម្រូវឲ្យ ធ្វើការទាញយកកម្មវិធី Facebook Messenger តទៅទៀត នោះឡើយ។ ខណៈពេលថ្មីៗនេះ ការកែប្រែមុខងារថ្មីនេះ ត្រូវបានប្រទះឃើញ កំពុងតែដាក់ឲ្យសាកល្បង ប្រើប្រាស់ បើយោងទៅតាម អ្នកស្រាវជ្រាវផ្នែកកម្មវិធីម្នាក់ ដែលមានឈ្មោះថា Jane Manchun Wong ហើយលក្ខណៈពិសេសថ្មីនេះ ក៏អាចមានន័យថា ក្រុមការងារហ្វេកប៊ុក កំពុងមានគម្រោង លុបបំបាត់កម្មវិធី Facebook Messenger នៅក្នុងពេល អនាគតតែម្ដង។ 

ត្រឡប់ទៅកាន់ឆ្នាំ 2011 ដោយជាឆ្នាំដំបូងបង្អស់ ដែលកម្មវិធី Messenger បានចាប់ផ្ដើម លេចមុខឡើង និងរហូតដល់ក្នុងឆ្នាំ 2014 ក្រុមហ៊ុនហ្វេសប៊ុកក៏បាន តម្រូវឲ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការទាញយកកម្មវិធី Messenger នេះ ដើម្បីអាចបន្ដ ការលេងសារ តទៅទៀតបានផងដែរ។ ក្រោយមក ក្រុមហ៊ុនហ្វេសប៊ុក ក៏ចាប់ផ្ដើម ធ្វើការរៀបចំ និងបានពង្រីកប្រព័ន្ធកម្មវិធី ផ្ញើសាររបស់ខ្លួន ដោយបែកចែកចេញជា កម្មវិធី Facebook Messenger, Instagram Direct Message និងថែមទាំង ក្នុងកម្មវិធី WhatsApp ទៀតផង ប៉ុន្ដែនាពេលខាងមុខ មុខងារចាស់ នឹងអាចត្រូវបាន ដាក់ឲ្យប្រើប្រាស់វិញ ក៏ថាបាន។

 

ចំណែកឯចំនុចផ្លាស់ប្ដូរ នៅលើមុខងារថ្មីនេះ គឺថានៅពេលលោកអ្នក ចុចទៅលើប៊ូតុងរូបសញ្ញា Messenger នៅក្នុង កម្មវិធីហ្វេសប៊ុក ដូច្នេះវានឹងធ្វើការនាំយក អ្នកទាំងអស់គ្នា ទៅកាន់ផ្នែក “Chats” ថ្មីជំនួសឲ្យការបើកក្នុង កម្មវិធី Messenger វិញ។ គួរឲ្យសោកស្ដាយ ប្រសិនបើយោងទៅតាម ប្រភពពត៌មានដដែល ក៏បានបង្ហាញឲ្យដឹងថា នៅខាងក្នុងផ្នែក “Chats” ថ្មីនោះ គឺអាចប្រើប្រាស់បាន មុខងារតិចតួចតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង កម្មវិធី Messenger ដែលយើងកំពុងប្រើប្រាស់រាលថ្ងៃនេះ។ ទោះបីជាអ្នកប្រើប្រាស់ អាចធ្វើការផ្ញើសារ និងទទួលសារពីផ្នែក “Chats” ថ្មីនេះក៏ដោយ ប៉ុន្ដែបើសិនបើលោកអ្នក ចង់ធ្វើការហៅទូរសព្ទ និងផ្ញើរូបភាព ឬក៏វីដេអូ នោះអ្នកទាំងអស់គ្នា ត្រូវការប្រើប្រាស់កម្មវិធី Messenger ដដែល។ 

សរុបមក ប្រភពផ្សព្វផ្សាយពត៌មាន ក៏បានចែករំលែករូបភាព ប៉ុន្មានសន្លឹកផងដែរ ដោយបានបង្ហាញ ឲ្យឃើញថា ក្រុមការងារ របស់ហ្វេសប៊ុក បានធ្វើការកែប្រែរចនាបថ បន្ដិចបន្ដួចសម្រាប់ កម្មវិធីរបស់ខ្លួនថែមទៀត ដែលភាគច្រើនឃើញមាន ផ្ទៃពណ៌សសុទ្ធតែម្ដង។ ក្រៅពីនេះទៅទៀត យើងក៏នៅមិនទាន់ដឹងថា ពេលណា ឲ្យប្រាកដនោះឡើយ ដែលក្រុមការងារហ្វេសប៊ុក នឹងចាប់ផ្ដើមបញ្ចេញ កំណែអាប់ដេតថ្មីនេះ ទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោក ព្រោះពេលឥឡូវនេះ គេទើបដាក់ឲ្យប្រើប្រាស់ ជាលក្ខណៈសាកល្បង (Beta) តែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម