CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​អេក្រង់​បត់​គម្រូរបស់ Sharp ពិត​ជា​មាន​រូបរាង​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei បានគ្របដណ្តប់សារព័ត៌មាន ស្ទើរតែគ្រប់ប្រទេស ទូទាំងពិភពលោក នៅពេល​ដែល​ក្រុមហ៊ុនទាំងពីរ ដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់ ដែលអាចធ្វើការ ប្រើប្រាស់ប្រចាំថ្ងែបាន ជំនាន់ដំបូងរៀងៗខ្លួន។ ស្មាតហ្វូន​អេក្រង់​បត់ Samsung Galaxy Fold និង Huawei Mate X គឺត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា នឹងអាចប្រើប្រាស់ទូទៅបាន ដោយមិន​មែន​ជា ឧបករណ៍គម្រូនោះឡើយ ហើយក៏នឹងដាក់លក់លើទីផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះ។ ទោះបីជាយ៉ាង មកដល់​ពេល​ឥឡូវ​នេះ ក្រុមហ៊ុន Sharp ក៏កំពុងតែវាយលុក ចូលក្នុងទីផ្សារ ដោយបានដាក់បង្ហាញ ស្មាតហ្វូនអេក្រង់បត់គម្រូ ជំនាន់ដំបូង​របស់​ខ្លួន និងមានរូបរាងដូចទៅនឹង ស្មាតហ្វូនធម្មតាអញ្ចឹងដែរ។

កាលពីពេលមុនៗមក យើងក៏បានឃើញនូវ ប៉ាតង់ពីក្រុមហ៊ុន ផលិតស្មាតហ្វូនជាច្រើន អំពីស្មាតហ្វូនអេក្រង់បត់ ដែលមានលក្ខណៈ​បត់ នៅចំពាក់កណ្ដាលស្មាតហ្វូន ក៏ប៉ុន្ដែទាំងអស់នោះ គឺគ្រាន់តែជាប៉ាតង់ប៉ុណ្ណោះ។ រហូតមដល់ពេលឥឡូវនេះ ក្រុមហ៊ុន Sharp ដែលភាគច្រើនទទួលបាន ភាពល្បីល្បាញបំផុត អំពីបច្ចេកវិទ្យាអេក្រង់ AQUOS របស់ខ្លួន ទើបបានបង្កើត ស្មាតហ្វូនដែលអាច បត់​អេក្រង់​នៅចំកណ្ដាលបាន ឲ្យក្លាយជាឧបករណ៍ពិតៗ មិនបង្ហាញតែក្នុងប៉ាតង់នោះឡើយ។ មិនដូចទៅនឹង ស្មាតហ្វូនអេក្រង់បត់ របស់​ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei ឬក៏របស់ក្រុមហ៊ុន Xiaomi នោះឡើយ ដោយក្រុមហ៊ុន Sharp បានផលិត​ឲ្យ​ស្មាត​ហ្វូន​របស់ខ្លួន មានលក្ខណៈបត់ បញ្ឈរចុះក្រោមទៅវិញ។

 

បើយោងទៅតាម ប្រភពសារពត៌មាន បានដាក់បង្ហាញឲ្យដឹងថា នៅលើស្មាតហ្វូនអេក្រង់បត់គម្រូនេះ គឺត្រូវបានបំពាក់ដោយ បន្ទះ​អេក្រង់​ប្រភេទ OLED របស់ក្រុមហ៊ុន Sharp ផ្ទាល់តែម្ដង និងមានទំហំត្រឹម 6.18 អ៊ីញ ដោយអាចធ្វើការ បង្ហាញគុណភាពបាន ដល់ទៅកម្រិត WQHD+ (3040 x 1440) ឯណោះ។ ក្រៅពីនេះទៅទៀត ក្រុមហ៊ុន Sharp ក៏បានអះអាងថា អេក្រង់បត់របស់ខ្លួន អាចធ្វើការបត់បាន ដល់ទៅនៅសល់ចន្លោះត្រឹម 3mm តែប៉ុណ្ណោះ និងព្រមទាំងបានជាប់ នៅក្នុងការធ្វើតេស្ដបត់ បន្ទះអេក្រង់ចំនួន 100.000 ដងថែមទៀតផង។

 

***សូមទស្សនាវីដេអូឃី្លបខាងក្រោម ដែលដាក់បង្ហាញអំពី ស្មាតហ្វូនអេក្រង់បត់គម្រូ របស់ក្រុមហ៊ុន Sharp៖

 

 

សរុបមក នៅក្នុងព្រឹត្ដិការណ៍ ដាក់បង្ហាញនាពេលថ្មីៗនេះ ក្រុមហ៊ុន Sharp មិនទាន់បានប្រកាសប្រាប់ អំពីគម្រោងដាក់លក់ ស្មាតហ្វូន​អេក្រង់បត់ ជំនាន់ដំបូងគេបង្អស់របស់ខ្លួន ក្នុងពេលណានៅឡើយទេ ក៏ប៉ុន្ដែយើងអាចព្យាករណ៍ទុកមុនបានថា ប្រាកដជា​មិន​ឆាប់ៗ​នេះ​ឡើយ។ ថ្វីបើក្រុមហ៊ុន Sharp តែងតែបានផលិត ស្មាតហ្វូនផ្ទាល់ខ្លួនក៏ដោយ ប៉ុន្ដែជារៀងរាល់ឆ្នាំ កម្លាំងពលកម្ម​ក្នុង​ការ ផលិតស្មាតហ្វូន របស់ក្រុមហ៊ុនមួយនេះ ចាប់ផ្ដើមថយចុះបន្ដិចម្ដងៗផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ទូរស័ព្ទ