CAMBO REPORT

Popup Advertising5 seconds

ស្រោមការពាររបស់ Pixel 3a និង Pixel 3a XL ត្រូវ​បាន​លេច​ខ្លួន​ឡើង និង​ឃើញ​នៅ​មាន​រន្ធដាត​កាស!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីសប្ដាហ៍មុននេះបន្ដិច យើងបានឃើញស្មាតហ្វូនម៉ូឌែល Pixel 3a និង Pixel 3a XL នៅលើគេហទំហ័រ Google Play Console របស់ក្រុមហ៊ុន Google ផ្ទាល់តែម្ដង និងព្រមទាំងលក្ខណៈសម្បតិ្ត ដ៏ជាក់លាក់ថែមទៀតផង។ រហូតមកដល់ពេលថ្មីៗនេះ យើង​ក៏​ទើប​ប្រទះឃើញ មានរូបភាពលេចធ្លាយ ជាលក្ខណៈ Render ថ្មីៗជាច្រើនសន្លឹក អំពីស្រោមការពារថ្លា សម្រាប់ស្មាតហ្វូន​ទាំង 2 ម៉ូឌែលនេះ និងឃើញនូវការឌីហ្សាញ ឲ្យបានកាន់តែច្បាស់ផងដែរ។

ប្រសិនបើរូបភាព លេចធ្លាយទាំងអស់នេះ ពិតជាត្រឹមត្រូវមែននោះ យើងអាចជឿជាក់ថា ស្មាតហ្វូនម៉ូឌែល Pixel 3a និង Pixel 3a XL នឹងត្រូវបានចែករំលែក ការរចនាបថស្រដៀងគ្នា ស្ទើរតែទាំងអស់ទៅហើយ ដោយមានសភាពខុសគ្នា ត្រឹមទំហំអេក្រង់​តែ​ប៉ុណ្ណោះ​។ ស្មាតហ្វូនថ្មីៗទាំង 2 ម៉ូឌែលរបស់ក្រុមហ៊ុន Google នេះ នឹងទទួលបានគែមអេក្រង់ រៀងដូចជាធំបន្ដិចដែរ ទាំងនៅផ្នែក​ថ្ងាស​ខាង​លើ និងគែមចង្កាខាងក្រោមផងដែរ ដោយឡែកមានបំពាក់នូវ សេនស័រកាម៉េរាត្រឹម 1 គ្រាប់ប៉ុណ្ណោះ សម្រាប់ផ្នែកខាងមុខ និងខាងក្រោយ។ ចំណែកឯអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា យើងក៏ឃើញនៅមាន រន្ធដាតកាសនៅឡើយ និងថែមទាំង​មាន​រន្ធ​សាកថ្ម ជាប្រភេទ USB Type-C នៅខាងក្រោមផងដែរ។

បើយោងទៅតាម ពត៌មានលេចធ្លាយ ចេញផ្សាយកាលពីមុនៗមក បានបង្ហាញឲ្យយើងឃើញថា ទាំង Google Pixel 3a និង Pixel 3a XL នឹងមានរ៉េមទំហំ 4GB ដោយឡែកម៉ូឌែល Pixel 3a ត្រូវបានភ្ជាប់មកជាមួយ បន្ទះអេក្រង់ទំហំ 5.6 អ៊ីញ (2220 x 10800) ហើយម៉ូឌែល Pixel 3a XL នឹងត្រូវបានប្រើប្រាស់អេក្រង់ទំហំ 6 អ៊ីញ (2160 x 1080) ឯណោះ។ ដោយសារតែស្មាតហ្វូនថ្មីៗទាំង 2 ម៉ូឌែលរបស់ក្រុមហ៊ុន Google នេះ គឺជាស្មាតហ្វូនកម្រិតមធ្យមតែប៉ុណ្ណោះ ដូច្នេះចំពោះបន្ទះឈីប និងទំហំថ្មក៏ត្រូវបាន គេរំពឹង​ទុក​ថា​នឹងអាច ស្រដៀងគ្នាទៅនឹង  ស្មាតហ្វូនកម្រិតមធ្យម ដទៃទៀតអញ្ចឹងដែរ។

សរុបមក ស្មាតហ្វូនម៉ូឌែល Pixel 3a និង Pixel 3a XL ត្រូវបានប្រទះឃើញថា ទាំងប៊ូតុងសម្លេង និងប៊ូតុង Power មានទីតាំង​នៅ​ផ្នែក​ខាង​ស្ដាំ នៃចំហៀងស្មាតហ្វូន ដោយឡែកផ្នែកខាងក្រោយ គឺមានកន្លែងស្កេនម្រាមដៃ នៅចំពាក់កណ្ដាល ព្រម​ទាំង​មាន​ស្លាក​សញ្ញា Google នៅខាងក្រោមថែមទៀតផង។ ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានក្រុមហ៊ុន Google ប្រកាស​​​ចេញ​ជា​ផ្លូវការ ក្នុងខែក្រោយនៅឯសន្និសីទ I/O ឆ្នាំ 2019 របស់ក្រុមហ៊ុន Google ដែលចាប់ផ្តើមពីថ្ងៃទី 7 ខែឧសភា ឆ្នាំ 2019 ខាង​មុខនេះតទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ទូរស័ព្ទ