CAMBO REPORT

Popup Advertising5 seconds

នាឡិកាដៃវៃឆ្លាត ដែល​មាន​អេក្រង់​កោង Nubia Alpha នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​នៅ​ថ្ងៃ​ទី 10 ស្អែក​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើយើងនិយាយដល់ទីផ្សារនាឡិកាវៃឆ្លាត មានក្រុមហ៊ុនជាច្រើននៅមិនទាន់ដើរទាន់ ឬមានការច្នៃប្រឌិតខ្ពស់ ដេញទាន់ក្រុមហ៊ុន Samsung និង Apple នៅឡើយទេ ដោយសារតែក្រុមហ៊ុនទាំងពីរនះ គឺបានចេញផលិតផលជាប្រភេទនាឡិកាវៃឆ្លាតរបស់ខ្លួន បាន​ជា​ច្រើនជំនាន់ និងម៉ូឌែលមកហើយ ជាហេតុធ្វើឲ្យការផលិត និងភាពច្នៃប្រឌិតកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ពី​មួយ​ឆ្នាំ​ទៅមួយឆ្នាំ។ យ៉ាងណាក៏ដោយ យើងក៏ឃើញមានក្រុមហ៊ុនផលិតនាឡិកាវៃឆ្លាតផ្សេងៗទៀត ក៏ទទួលបាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នកប្រើប្រាស់ដែរដូចជា MK, Casio, Fossil, Garman, Huawei ជាដើម រួមបញ្ចូលជាមួយនឹងម៉ាក Nubia ផងដែរ ដែល​បាន​លូកដៃចូលទីផ្សារនាឡិកាផងដែរនាឆ្នាំថ្មីនេះ។

នាឡិកាវៃឆ្លាត ដែលផលិតឡើងក្រោមស្នាដៃរបស់ក្រុមហ៊ុន ZTE ស្ថិតក្នុងខ្សែស្រឡាយ nubia ដូចទៅនឹងស្មាតហ្វូនដែរនោះ ទើបតែប្រកាសចេញនូវនាឡិកាវៃឆ្លាតរបស់ខ្លួន មានឈ្មោះហៅជាផ្លូវការថា Alpha ត្រូវបានផលិតឡើងយ៉ាងពិសេស មានភាពខុសប្លែកពីនាឡិកាផ្សេងៗទៀត ដែលអ្នកធ្លាប់បានឃើញក្នុងទីផ្សារ ឬតាមប្រព័ន្ធអ៊ីនធឺណេត។ ជាក់ស្ដែង nubia Alpha ខុសប្លែកពីគេត្រង់ថា វាមានរូបរាង រចនាបថ ចម្លែក បំពាក់មកជាមួយអេក្រង់ OLED កោង ទំហំ 4 អ៊ីញ អាចកាច់កោងបានមួយជុំវិញកដៃ អមមកជាមួយនឹងកាមេរ៉ា ទំហំ 5 មេហ្គាភិចសែលមួយគ្រាប់ មានកម្រិត Aperture f/2.2 សម្រាប់ថតរូប ឬធ្វើការ Call ជាលក្ខណៈវីដេអូ។

Nubia Alpha ក៏មានប៊ូតុងពីរសម្រាប់ចុចបញ្ជា និងសេនស័រនៅខាងមុខមួយផ្សេងទៀត ដែលមើលទៅវារាងឆ្គងបន្តិចសម្រាប់ខ្ញុំ ហើយ​មើលទៅក៏ពិបាកទទួលយកផងដែរ ហើយបើនិយាយដល់កម្លាំងម៉ាស៊ីនគឺធម្មតាដូចតែនាឡិកាផ្សេងៗទៀតដែរ ដោយ​វា​ប្រើ​ប្រាស់​ខួរក្បាល Snapdragon Wear 2100 រត់ក្នុងល្បឿន 1.1GHz អមមកជាមួយ RAM 1GB និងអង្គផ្ទុកទិន្នន័យ 8GB មាន​អាវ​ក្រោះ​ការពារធូលី និងទឹកកម្រិត  IP67 អាចមុជទឹកបាន 1 ម៉ែត្រសម្រាប់រយៈពេល 30 នាទី ដំណើរការដោយ Android Wear 2.1។ ZTE បានបើកទទួលការកម្មង់ពីអតិថិជនប៉ុន្មានសប្ដាហ៍មកហើយ ហើយវាក៏នឹងត្រៀមចេញលក់នៅក្នុងទីផ្សារនាថ្ងៃទី10 ខែ​មេសា ស្អែកនេះដែរក្នុងតម្លៃទៅតាមគុណភាពផលិតដូចខាងក្រោម៖

 

•    Nubia Alpha 4G មាន eSIM តម្លៃ USD 520

•    Nubia Alpha 4G មាន eSIM ជាប្រភេទ Stainless Steel 18K មាស តម្លៃ USD 670

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: នាឡិកាវៃឆ្លាត