CAMBO REPORT

Popup Advertising5 seconds

នាឡិកាឆ្លាតវៃ Apple Watch បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​បុរស​ម្នាក់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាឡិកាឆ្លាតវៃ Apple Watch មានមុខងារដ៏ពិសេស ភ្ជាប់មកជាមួយស្រេចតែម្ដង ដោយមុខងារសំខាន់មួយនោះ គឺត្រូវបានហៅថា Heart Rate Monitoring ដែលធ្វើការត្រួតពិនិត្យ អត្រាចង្វាក់បេះដូង របស់អ្នកប្រើប្រាស់ នៅក្នុងគ្រប់ពេលវេលា និង​ទីកន្លែង​ទាំង​អស់​។ អ្វីដែលមានសារៈសំខាន់នោះគឺថា ខណៈពេលដែលចង្វាក់បេះដូង របស់លោកអ្នក ត្រូវបានឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដូច្នេះ​នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple នឹងធើ្វការផ្ដល់ ដំណឹង ទៅដល់លោកអ្នក ឲ្យបានដឹងភ្លាមៗតែម្ដង។ នាពេលថ្មីៗនេះផងដែរ ក៏​ឃើញ​មានបុរសម្នាក់ បានបង្ហោះអត្ថបទមួយនៅក្នុង គណនីបណ្ដាញសង្គមរបស់គាត់ថា ដោយសារតែមុខងារនេះហើយ ទើបគាត់​បាន​រស់​មកដល់ពេលឥឡូវនេះ។

ប្រសិនបើយោងទៅតាម ប្រភពសារពត៌មាន បានចុះផ្សាយឲ្យដឹងថា ខណៈពេលនោះ មានបុរសម្នាក់បាន កំពុងតែពាក់នូវនាឡិកា​ឆ្លាតវៃ Apple Watch 4 ជំនាន់ចុងក្រោយគេបង្អស់ ដែលត្រូវបានភ្ជាប់មក ជាមួយនឹងឧបករណ៍ ECG monitor (ត្រូវបានអនុម័ត​ដោយ FDA) ជាពិសេស ដោយអាចធ្វើការតាមដាន សុខភាពបេះដូងរបស់អ្នក និងថែមទាំងមានសក្តានុពល ជួយសង្គ្រោះជីវិត​ផង​ដែរ។ នាពេលដំបូងបង្អស់ គាត់កំពុងតែដេកមើល ទូរទស្សន៍នៅលើគ្រែ និងញ៉ាំសាច់គោ (Brisket) ក្នុងពេលតែមួយផង ហើយ​បន្ទាប់​មក នាឡិកាឆ្លាតវៃ Apple Watch ក៏ចាប់ផ្ដើមជូនដំណឹង ទៅគាត់ឲ្យដឹងថា ចង្វាក់បេះដូងកំពុងតែ លោតលឿនខុសពីធម្មតា ដោយ​គាត់មិនដឹងខ្លួនសោះឡើយ។

 

សំណាងល្អណាស់ បន្ទាប់ពីគាត់បានឃើញនូវ សារដំណឹងមួយនោះហើយ គាត់ក៏បានធ្វើការហៅទៅ ER (អ្នកសង្រ្គោះបន្ទាន់) ភ្លាមៗ​តែ​ម្ដង ហើយនៅខណៈពេលដែល អ្នកសង្រ្គោះបានមកដល់ ក៏ឃើញស្ថានភាពគាត់កំពុងតែ ស្ថិតនៅក្នុងសភាពដ៏ធ្ងន់ធ្ងរ ដោយ​រាង​កាយ​ស្លេក​ស្លាំង និងត្រូវបានប្រញាប់ប្រញាល់ បញ្ចូនទៅមន្ទីរពេទ្យថែមទៀតផង។ លើសពីនេះទៅទៀត គាត់ក៏បានប្រាប់​បន្ថែម​ថា អារម្មណ៍របស់គាត់ គឺហាក់បីដូចជាល្អទាំងស្រុង មុននឹងរឿងទាំងអស់នេះ បានកើតឡើង ហើយបន្ទាប់ពីបាន ទទួលដំណឹងពី​នាឡិកា​គាត់​ភ្លាម មិនបានយូរប៉ុន្មានផង គាត់ក៏មានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងក៏ចាប់ផ្ដើម ទៅជាអាក្រក់តែម្ដង។

 

ជាចុងក្រោយ គាត់ក៏បានធ្វើការអរគុណ ទៅដល់ក្រុមហ៊ុន Apple មួយរយភាគរយ ដែលបានបង្កើតនូវ នាឡិកាឆ្លាតវៃ Apple Watch 4 នេះឡើងមក ហើយក៏ជាឧបករណ៍មួយ ដ៏សំខាន់ផងដែរ ក្នុងការជួយអាយុជីវិតមនុស្ស  ឲ្យបានជៀសផុត ពីការស្លាប់​ថែម​ទៀតផង។

សរុបមក ពិតប្រាកដណាស់ ដែលឧបករណ៍ ECG monitor គឺអាចជួយសង្គ្រោះអាយុជីវិតបាន ដោយធ្វើការផ្ដល់ ដំណឹង ទៅកាន់​អ្នក​ជំងឺ​ឲ្យ​ដឹង​មុនបាន ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ មុខងារដ៏ពិសេសមួយនេះ ទើបត្រូវបានក្រុមហ៊ុន Apple យកមកបំពាក់នៅ​លើ នាឡិកាឆ្លាតវៃ Apple Watch 4 ជំនាន់ចុងក្រោយតែប៉ុណ្ណោះ។ ខណៈពេលដែល នៅលើនាឡិកាឆ្លាត់វៃ Apple Watch ជំនាន់​ពីមុនៗ​មក គឺហាក់បីដូចជា នៅមិនទាន់ត្រូវបាន ធ្វើការភ្ជាប់មកជាមួយ នឹងមុខងារថ្មីនេះនៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: NoteBook Check Tag: នាឡិកាវៃឆ្លាត