CAMBO REPORT

Popup Advertising5 seconds

Microsoft “HoloLens” នឹង​ក្លាយ​ជាជំនួយ​ដល់​កង​ទ័ព​អាមេរិក​ក្នុង​ពេល​សមរភូមិ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីក្នុងខែវិច្ឆិកា ឆ្នាំ 2018 មានសារពត៌មានជាច្រើន ទទួលបានថាក្រុមហ៊ុន Microsoft បានយកឈ្នះកិច្ចសន្យាទឹកប្រាក់ចំនួន 479 លានដុល្លារអាមេរិក ដើម្បីធ្វើការផលិត និងផ្គត់ផ្គង់ឧបករណ៍ HoloLens ទៅឲ្យកងទ័ពអាមេរិកសម្រាប់ ទុកប្រើប្រាស់​ក្នុង​សមរភូមិ​។ បន្ទាប់ពីនេះមិនបានប៉ុន្មានផង កាលពីខែកុម្ភៈ ឆ្នាំ 2019 មុននេះ ក៏មានបុគ្គលិកមួយចំនួន របស់ក្រុមហ៊ុន Microsoft ផ្ទាល់​តែ​ម្ដង បានរិះគន់ទៅនឹងគម្រោងមួយនេះ ប៉ុន្ដែទោះបីជាយ៉ាងណា មកដល់ពេលថ្មីៗនេះ ឧបករណ៍ HoloLens ដែលជាវ៉ែនតា​លក្ខណៈ AR (Augmented Reality) ត្រូវបានដឹកជូនទៅឲ្យ កងទ័ពអាមេរិកសម្រាប់ធ្វើការ សាកល្បងប្រើប្រាស់ជាលើកដំបូង រួច​រាល់​ជាស្រេច។

ប្រសិនបើយោងទៅតាម ស្ថានីយទូរទស្សន៍ CNBC ដោយត្រូវបានទទួលសិទ្ធិផ្តាច់មុខ ក្នុងការចូលទៅយកពត៌មាន អំពីប្រព័ន្ធ​យោធា​អាមេរិក Integrated Visual Augmentation System (IVAS) នាពេលថ្មីៗនេះ បានចុះផ្សាយឲ្យដឹងថា ឧបករណ៍វ៉ែនតា AR របស់​ក្រុមហ៊ុន Microsoft ទាំងអស់នោះ តាមពិតទៅគឺជា HoloLens ជំនាន់ទី 2 ហើយត្រូវបានបង្កើតឡើងជាពិសេស សម្រាប់​កង​ទ័ព​អាមេរិកតែម្ដង និងមិនទាន់បានដាក់លក់ នៅលើទីផ្សារនោះឡើយ។ ចំណែកឯផ្នែកខាងក្រៅនៃវ៉ែនតា HoloLens 2 សម្រាប់​កងទ័ព​អាមេរិកនេះ គឺមានរូបរាងស្រដៀងគ្នាទាំងស្រុង ទៅនឹងវ៉ែនតា HoloLens ជំនាន់ដំបូង ដោយធ្វើការបំពាក់នៅលើក្បាល ដូច​ជាឧបករណ៍វ៉ែនតា VR ឬក៏ AR ផ្សេងៗទៀតផងដែរ។

 

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលមានលក្ខណៈពិសេសនោះ គឺនៅលើគ្រឿងម៉ាស៊ីនខាងក្នុងឯណោះ ដោយប្រភពបានមកពី ស្ថានីយ​ទូរទស្សន៍ CNBC ដដែល ក៏បានរាយការណ៍ថា ឧបករណ៍គម្រូថ្មីមួយនេះ អាចធ្វើការបង្ហាញឲ្យយើងឃើញបាន ដូចទៅនឹង​សង្គ្រាម​ក្នុង​ពេលអនាគត ដែលមាននៅលើវីដេអូហ្គេម First-Person Shooter កាលពីមុនៗអញ្ចឹង។ ក្រៅពីនេះទៅទៀត ផ្នែក​ផ្ទៃ​កញ្ចក់អេក្រង់ នៅលើឧបករណ៍ HoloLens គឺមានភ្ជាប់មកនូវត្រីវិស័យ សម្រាប់បង្ហាញទិសដៅ ទៅកាន់តំបន់ណាមួយ និងអាច​ធ្វើ​ការ​បង្ហាញពីទីតាំង របស់កងទ័ពណាម្នាក់ ទៅឲ្យមិត្តកងទ័ពផ្សេងៗទៀតថែមទៀតផង។

មុខងារដ៏ពិសេសមួយទៀតនោះគឺ ហាក់បីដូចមានក្នុងវីដេអូហ្គេមអញ្ចឹង ដោយវ៉ែនតារបស់ក្រុមហ៊ុន Microsoft ជំនាន់ថ្មីនេះ អាច​បង្ហាញ​ជានិមិត្តសញ្ញា សំដៅទៅកាន់ទីតាំងណាមួយ ដែលកងទ័ពបានតម្រង់ កាំភ្លើងទៅទីនោះតែម្ដង។ ដោយសារតែ​កញ្ចក់​អេក្រង់​នោះ គឺជាប្រភេទ FLIR ដូច្នេះឧបករណ៍វ៉ែនតា HoloLens អាចជួយឲ្យកងទ័ពអាមេរិក មើលនៅពេលងងឹតបាន (Night Vision) និង​អាចមើលឃើញសត្រូវបាន នៅក្នុងតំបន់ព្រៃ ហើយព្រមទាំងពេលមានផ្សែងច្រើនផងដែរ។

សរុបមក របាយការណ៍ទាក់ទងទាំងអស់នេះ គឺសុទ្ធតែទទួលបានមកពី ស្ថានីយទូរទស្សន៍ CNBC ដែលបានធ្វើការសំម្ភាសន៍ជាមួយ មន្រ្តីកងទ័ព ហើយនិងទាហ៊ានៗ ដោយបានប្រកាសប្រាប់ថា បច្ចេកវិទ្យានៅក្នុងវ៉ែនតា HoloLens របស់ក្រុមហ៊ុន Microsoft ថ្មីមួយ​នេះ ប្រាកដជាឧបករណ៍ជំនួយដ៏ល្អ សម្រាប់ក្នុងពេលសង្រ្គាម នាពេលខាងមុខៗនេះ។  លើសពីនេះទៅទៀត កងទ័ពក៏បានប្រាប់​ទៅ​កាន់ ស្ថានីយទូរទស្សន៍ CNBC ឲ្យដឹងថាខ្លួននឹងចាប់ផ្ដើម ធ្វើការបញ្ជូនវ៉ែនតា AR ថ្មីនេះ ទៅផ្ដល់ជូនឲ្យទាហ៊ានរាប់ពាន់នាក់ នៅ​ទូទាំង​កង​កម្លាំងនានា ឲ្យបានឆាប់ៗក្នុងដើមឆ្នាំ 2022 ហើយក៏ធ្វើការដាក់ ពង្រាយបន្ដដល់ឆ្នាំ 2028 តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ