CAMBO REPORT

Popup Advertising5 seconds

PowerBeats Pro ចេញ​ថ្មី​ស្រដៀង AirPods 2 បំពេញ​ចន្លោះ​ខ្វះ​ខាត ដែល​អ្នក​ហាត់​ប្រាណ​ច​ង់​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែមុន យើងទទួលបានដំណឹងបែកធ្លាយ ដែលនិយាយអំពីការមកដល់ថ្មីនៅក្នុងខែមេសា នូវកាស Beats ឥតខ្សែស៊េរីថ្មី ដែល​នឹង​ប្រើប្រាស់​បន្ទះឈីប H1 ថ្មី ដូចទៅនឹងកាស AirPods 2 ដែល ហើយមកដល់ថ្ងៃនេះទីបំផុត កាសឥតខ្សែស៊េរីថ្មីមួយទៀតរបស់ Beats ដែលគ្រប់គ្រងដោយ Apple បង្ហាញខ្លួនជាផ្លូវការហើយ។ កាសស៊េរីថ្មីនេះមានឈ្មោះហៅជាផ្លូវការថា Powerbeats Pro មាន​រូបរាង​រចនាបថ​ថ្មី យកលំនាំតាមស្ទាយស្រដៀងទៅនឹង Powerbeats 3 ដែរ តែវាមានវិមាត្រតូចជាង 23% និងស្រាលជាង 17% ផងដែរ។

Powerbeats Pro វេចខ្ចប់មកពិសេស ដេញតាមជំនាន់នូវកាសស៊េរីថ្មី ដែលមានប្រអប់សម្រាប់ទុកដាក់  ផ្ដល់ភាពងាយស្រួលដើម្បី​ទុកដាក់ ពេលឈប់ប្រើប្រាស់ អាចសាកថ្មដោយដោតឌុយ USB តែគួរឲ្យស្ដាយ ប្រអប់នេះ ពុំមានមុខងារសាកថ្មឥតខ្សែដូចកាស AirPods 2 ទេ។ សម្រាប់គុណភាពនៃសម្លេង ប្រិយមិត្តអាចទុកចិត្តបាន ដោយនេះគឺជាផលិតផលកម្រិតខ្ពស់ ទាំងគុណភាពកាស ដែលមាន Driver ផលិតសម្លេងបានច្បាស់ បុកបាសបានណែនល្អ ពុំមានខ្សែទើសដៃទើសជើង។ Beats ក៏បានធ្វើការអះអាង​ផង​ដែរ​ថា កាសថ្មីនេះសាកមួយពេញ អាចប្រើប្រាស់សម្រាប់ការស្ដាប់តន្ត្រីបានរយៈពេល 9 ម៉ោង ជារយៈពេលមួយយូរ អាចបំបាក់ AirPods 2 និង Galaxy Buds បាន ថែមទាំងមានប្រអប់ដែលអាចសាកថ្ម Powerbeats Pro បាន 24 ម៉ោងទៀតផង។

មិនតែប៉ុណ្ណោះកាសនេះប្រើប្រាស់ឈីបថ្មីជាប្រភេទ H1 មានន័យថាវាល្អប្រើ និងផ្ដល់នូវបទពិសោធន៍ប្រើប្រាស់ទំនើបជាង សម្រាប់​ម្ចាស់ iPhone, iPad, iPod Touch និង Macs ជាដើម ដោយអាចប្រើប្រាស់បញ្ជាដោយសម្លេងទៅកាន់មុខងារ Siri ដោយគ្រាន់​តែ​និយាយ (Hey Siri) ជាការស្រេច។ នេះគឺជាការចង់បានសម្រាប់អ្នកហាត់ប្រាណ ឬលេងកីឡា ព្រោះមានការសំនូមពរជាច្រើន​ឲ្យ​ចេញ​កាសប្រភេទនេះ ខណៈពេលដែលកាស AirPods ពុំអាចបំពេញទៅតាមសេចក្ដីត្រូវការ​សម្រាប់អ្នកហាត់ប្រាណបានទេ ព្រោះ​ងាយ​ជ្រុះចេញពីត្រចៀក ពុំមានអាវក្រោះការពារញើស ថែមទាំងពុំមានមុខការកាត់បន្ថយសម្លេងរំខានពីខាងក្រៅទៀតផង ហេតុនេះ PowerBeats Pro ដោះស្រាយបញ្ហាទាំងនោះចេញ ដោយអាចពាក់ជាប់ត្រចៀក ងាយស្រួលឲ្យយើងរត់ ឬធ្វើសកម្មភាពផ្សេងៗ ការពារញើស និងធូលីបាន ក៏ដូចជាកាត់បន្ថយសម្លេងរំខានពីបរិស្ថានខាងក្រៅបានយ៉ាងល្អ។

ក្រៅពីតួខ្លួនកាសមានគុណភាពផលិតខ្ពស់ សម្លេងល្អ កាន់ថ្ម កាសនេះក៏មានមុខងារបញ្ជាងាយស្រួលផងដែរ ព្រោះថាវាមានភ្ជាប់​មក​ជា​មួយប៊ូតុងសម្លេង និងប៊ូតុងប្ដូរតន្ត្រី ដែលអាចចុចបញ្ជា ជាជាងការប្រើប្រាស់សេនស័រប៉ះដូច AirPods ពិសេសវាក៏មានមុខងារ Play/Pause ដោយស្វ័យប្រវត្តិទៀតផង មានន័យថាដោះកាសចេញ កាសនឹងឈប់លេងតន្ត្រី ឬឈប់ដល់កាលកំណត់​វានឹងរលត់ខ្លួន​ឯង ហើយពាក់ជាប់ត្រចៀកវិញ វានឹងបន្តលេងតន្ត្រីធម្មតាវិញ។ សម្រាប់ប្រិយមិត្ត ដែលកំពុងពិចារណាទិញកាសឥត​ខ្សែយកមក​ប្រើប្រាស់ អ្នកអាចនឹងពិចារណាទៅលើកាសផ្សេងៗជាច្រើននៅក្នុងទីផ្សារបច្ចុប្បន្ន ហើយបើអ្នកកំពុងស្វែងរកកាសតម្លៃធូរថ្លៃ នេះ​មិនមែន​ជាជម្រើសសម្រាប់អ្នកឡើយ តែបើអ្នកចង់បានកាសតម្លៃថ្លៃ ផ្ដោតទៅលើគុណភាព ម៉ាក និងបទពិសោធន៍ប្រើប្រាស់ វាម្យ៉ាង​ម្នាក់​ពី AirPods 2 ព្រោះវាវៃឆ្លាតដូចគ្នា គ្រាន់តែមួយពុំមានមុខងារ ហើយមួយទៀតមានមុខងារសំបូរបែបជាង តែក៏ត្រូវ​ចំនាយ​ប្រាក់​ច្រើន​ជាង​ដែរ។

 

 

Powerbeats Pro នឹងចេញលក់នៅខែឧសភា ក្រោយនេះ ជាមួយតម្លៃនៅក្នុងទីផ្សារអន្តរជាតិ USD 250 អាចថ្លៃបន្តិចសម្រាប់​ប្រិយមិត្ត​ភាគច្រើន តែវាគឺជាកញ្ចប់មួយសម្រាប់អ្នកហ៊ានចំនាយ ព្រោះអ្វីដែលអ្នកទទួលបានគឺផលិតផលម៉ាកល្បី ឬអ្នកស្រលាញ់​កាស AirPods តែមិនចូលចិត្តនូវមុខងារដែលវាខ្វះខាត ឬពណ៌ជាដើម ខណៈកាសនេះមាន 4 ពណ៌សម្រាប់ជ្រើសរើស តែក៏ត្រូវ​ពិចារ​ណា​ទៅ​លើ​ម៉ាស៊ីនរបស់អ្នកយកទៅប្រើប្រាស់ជាមួយដែរ បើអ្នកប្រើ iPhone នេះគឺជាជម្រើសល្អ តែបើ Android ក៏បាន គ្រាន់តែការ​តភ្ជាប់​មិនទំនើបដល់ម៉ាស៊ីនរត់ដោយ iOS។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ