CAMBO REPORT

Popup Advertising5 seconds

នាឡិកាវៃឆ្លាត Watch GT ចេញ​ជំនាន់​ថ្មី​ប្រភេទ Active និង Elegant ជាមួយ​ថ្មរស់​បាន 2 សប្ដាហ៍

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Huawei ក្រៅពីប្រកាសចេញនូវកំពូលស្មាតហ្វូន កាសស៊េរីថ្មីរួច គឺនៅមិនទាន់អស់នៅឡើយទេ ដោយបាន​សម្រេច​ចេញ​នូវ​នាឡិកា​វៃឆ្លាតដល់ទៅ 2 ផ្សេងទៀត ដែលស្ថិតក្នុងខ្សែស្រឡាយ Watch GT របស់ខ្លួន ត្រូវបានប្រកាសចេញជាផ្លូវការកាល​ពី​រាត្រី​ថ្ងៃ​ទី 26 ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ការនាំយកម៉ូឌែលថ្មីពីរមកលើកនេះ គឺដើម្បីដេញស៊េរី ប្រកួតប្រជែងជាមួយ​នាឡិកា​វៃឆ្លាត​ផ្សេងៗទៀត ដែលកំពុងមានវត្តមានក្នុងទីផ្សារបច្ចុប្បន្ន ខណៈពេលម៉ូឌែល Watch GT ចេញកាលពីឆ្នាំ 2018 កន្លងទៅ​លក់​បាន​ជាង 1 លានគ្រឿងឯណោះ។

Watch GT ស៊េរីឆ្នាំ 2019 នេះចែកចេញជា 2 ម៉ូឌែលរួមមានដូចជា Active និង Elegant ជាមួយរូបរាង និងរចនាបថស្រដៀងគ្នា ខុសតែទៅលើទំហំអេក្រង់ និងកម្រិតបង្ហាញរូបភាពដូចខាងក្រោម៖

 

•    Huawei Watch GT Active Edition មុខកាត់ទំហំ 46mm មានអេក្រង់ទំហំ 1.39 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ AMOLED អាចបង្ហាញរូបភាពកម្រិត 454 x 454p

•    Huawei Watch Elegant មុខកាត់ 42mm មានអេក្រង់ទំហំ 1.2 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ AMOLED អាចបង្ហាញ​រូបភាព​កម្រិត 390 x 390p

 

នាឡិកាវៃឆ្លាតទាំងពីរនេះ បើនិយាយអំពីសមត្ថភាព និងគុណសម្បត្តិ ដែលវាអាចធ្វើទៅបាន ក៏មិនសូវខុសគ្នាប៉ុន្មានពីម៉ូឌែល Watch GT ប្រភេទ Sport និង Classic Edition ដែរ ដោយ Active Edition ការសាកថ្មមួយពេញ វាអាចរស់បាន 2 សប្ដាហ៍ សម្រាប់​ការ​ប្រើប្រាស់ធម្មតា ដោយក្នុងនោះរួមបញ្ចូលទាំងសេនស័រស្កេនចង្វាក់បេះដូងដំណើរការ 24 ម៉ោង មុខងារតាមដានការទទួលទានដំណេក ក៏ដូចជាការផ្ដល់សារដំណឹងផ្សេងៗពាក់ព័ន្ធទៅនឹងសុខភាពជាដើម។

Elegant Edition ឯណោះវិញ សាកថ្មមួយពេញអស់រស់បាន 1 សប្ដាហ៍ ដូចមុខងារដែលបានរៀបរាប់ខាងលើដំណើរការ និងតាម​ដាន​ម្ចាស់របស់វា ហើយប្រសិនបើម្ចាស់របស់វាពុំប្រើប្រាស់ទៅលើមុខងារកីឡា ឬតាមដានសុខភាព Huawei អះអាងថាទាំង Active និង Elegant Edition អាចរស់បានដល់ទៅ 30 ថ្ងៃឯណោះ។ ក្រៅពីរូបរាងទាក់ទាញ អេក្រង់បង្ហាញច្បាស់ ថ្មរស់បានយូរហើយ Huawei ក៏បានបន្ថែមមុខងារថ្មីមកជាមួយផងដែរ ដូចជាមុខងារសម្រាប់ការហាត់ប្រាណធំៗចំនួន 3 រួមមានដូចជា ការហែលទឹក ការ​ជិះ​ក​ង់ និងរត់ ជាមួយនឹងការតាមដានរាល់ចង្វាក់បេះដូង ចំនួនរដុតកម្រិត Calories ជំហ៊ាន និងជាច្រើនផ្សេងៗទៀត ដែលពុំមាន​នៅ​លើ Watch GT ជំនាន់មុនទេ តែនឹងទទួលបានដូចគ្នាជាមួយកំណែ Update នាថ្ងៃអនាគត។

Huawei Watch GT ស៊េរី 2019 ម៉ូឌែល Active និង Elegant មានពណ៌សរុបទាំងអស់ 4 ដោយម៉ូឌែល Active មានពណ៌ទឹកក្រូច និងបៃតងចាស់ ខណៈ Elegant មានពណ៌ស និងពណ៌ខ្មៅ អាចយកទៅមុជទឹកបានដល់ជម្រៅ 50 ម៉ែត្រ សម្រាប់រយៈពេល 10 នាទី ប្រើប្រាស់ភ្ជាប់ទៅកាន់ស្មាតហ្វូន ឬថេប្លេត រត់ដោយ Android ជំនាន់ 4.4 ឡើងទៅ និង iOS ចាប់ពីជំនាន់ 9 ឡើង ដោយ​តម្លៃគឺ៖

 

•    Active Edition តម្លៃប្រហាក់ប្រហែល USD 280

•    Elegant Edition តម្លៃប្រហាក់ប្រហែល USD 260


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត