CAMBO REPORT

Popup Advertising5 seconds

SONY ទើបតែ​ប្រកាស​ចេញ​កាមេរ៉ា RX0 ជំនាន់​ទី 2 ថ្មី ជាមួយ​សមត្ថភាព​ថត​វីដេអូ​កម្រិត 4K

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្នឧបករណ៍ ដែលមានសមត្ថភាពថតវីដេអូបានកម្រិត 4K មានច្រើនប្រភេទ ច្រើនសណ្ឋាន បើបើយើងនិយាយ​ដល់​ភាព​ងាយ​ស្រួល​គឺ​ស្មាតហ្វូន និងកាមេរ៉ាពពួក Action គឺជាម៉ាស៊ីនងាយស្រួលទុកដាក់ យកតាមខ្លួន និងផ្ដល់នូវបទ​ពិសោធន៍ល្អ​ក្នុង​ការ​ប្រើប្រាស់​ទូទៅ។ ក្នុងនោះកាលពីឆ្នាំ 2017 កន្លងទៅ SONY បានបញ្ចេញកូនកាមេរ៉ាតូចមួយមានឈ្មោះហៅថា RX0 ជាជំនាន់ទី 1 ហើយ​បាន​ជិតពីរឆ្នាំក្រោយមក SONY បានសម្រេចប្រកាសចេញនូវ RX0 ជំនាន់ទី 2 ថ្មី ជាមួយសមត្ថភាពអាចថតវីដេអូកម្រិត 4K បានជាផ្លូវការ ជាផលិតផលដេញជំនាន់ពី RX0 I កន្លងទៅ។

Sony អះអាងថានេះគឺជាកាមេរ៉ារូបរាងតូច ស្រាល ដែលមានសមត្ថភាពថតវីដេអូកម្រិត 4K បានច្បាស់ ដោយប្រើប្រាស់បន្ទះ​សេនស័រ​សម្រាប់ថតជាប្រភេទ Exmoor RS CMOS ផលិតឡើងដោយ SONY ផ្ទាល់ ផ្សំគ្នាជាមួយនឹងខួរក្បាល BIONZ X Image Processor ធ្វើឲ្យវាមានសមត្ថភាពក្នុងការថតរូប ក៏ដូចជាវីដេអូបានប្រសើរ ផ្ដល់ពណ៌បានដិតស្រស់ ក្នុងទំហំតូចត្រឹម 59mm x 40.5mm x 35mm និងទម្ងន់ត្រឹម 132 ក្រាមតែប៉ុណ្ណោះ។ ក្រៅពីសេនស័រខ្លាំង ត្រូវបានវេចខ្ចប់ក្នុងទំហំម៉ាស៊ីនតូចរួច វាមាន​សមត្ថភាព​ខ្ពស់​ក្នុងការការពារខ្លួនពីធូលី ទឹក និងការពារឆក់ទៀតផង អមមកជាមួយអេក្រង់ LCD អាចបត់មកខាងមុខបាន ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការថតវីដេអូម្នាក់ឯង ធ្វើ Vlog ក៏ដូចជាថតរូប Selfie ជាដើម។

បើទោះបីជាកូនកាមេរ៉ាជំនាន់ទី 2 ថ្មីនេះមានសមត្ថភាពថតវីដេអូដល់កម្រិត 4K ក៏ពិតមែន តែវាអាចថតបានក្នុងកម្រិតល្បឿនត្រឹមតែ 30fps ប៉ុណ្ណោះ ហើយការថតវីដេអូចេញពីកូនកាមេរ៉ាមួយនេះ ក៏ពុំមានផ្នែករឹង Image Stabilization ជួយទប់រំញ័រ ពេលប្រើប្រាស់ ឬកាន់តថតដែរ ដោយវាប្រើប្រាស់ EIS ជំនួសវិញ ដែលអាចកាត់បន្ថយរំញ័រ ក៏ដូចជាព្រាលបានមួយភាគតូចដែរ ជាជាងអត់តែម្ដង។ តែបើយើងនិយាយអំពីការតភ្ជាប់ ដើម្បីប្រើប្រាស់វិញ Sony RX0 II មានភ្ជាប់មកជាមួយ WiFi សម្រាប់តភ្ជាប់ទៅកាន់ស្មាតហ្វូន ថេប្លេត ឬកុំព្យូទ័របាន ហើយវាក៏មានរន្ធតំណរភ្ជាប់សំខាន់ៗទៅកាន់ឧបករណ៍ផ្សេងៗទៀតផងដែរដូចជាឧបករណ៍ស្រូបសម្លេង ឧបករណ៍​កាន់​ជាប់ដៃដើម្បីកាត់បន្ថយរំញ័រជាដើម។ល។

ដោយសារតែនេះគឺជាផលិតផលរបស់ SONY ដូចនេះតម្លៃក៏មិនធូរថ្លៃដែរ ហើយកូនម៉ាស៊ីនជាប្រភេទ Action Camera មួយ​នេះ​គឺថ្លៃជាង GoPro ច្រើនដែរ ដោយ SONY សម្រេចចិត្តលក់ RX0 II ក្នុងតម្លៃលោតដល់ USD 900 ឯណោះ ដែលចាប់​ផ្ដើម​នៅ​ខែ​ឧសភា​ខាង​មុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កាមេរ៉ា