CAMBO REPORT

Popup Advertising5 seconds

iMac Pro ស៊េរី 2019 ឲ្យ​អ្នក​ឡើង RAM ដល់ 256GB ដោយ​គ្រាន់​តែ​បន្ថែម​លុយ 5,200$ ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីចុងឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវប្រភេទកុំព្យូទ័រលើតុរបស់ខ្លួន ដែលស្ថិតក្នុងត្រកូល iMac តែជាម៉ាស៊ីន ដែលមានកម្លាំងខ្លាំងជាង iMac ទូទៅ នោះគឺ iMac Pro ជាមួយរូបរាងរចនាបថ ស្រដៀងទៅនឹង iMac ស៊េរី 2018 ដូចគ្នា ខុសតែពណ៌ប្រផេះ ស្រអាប់ និងកម្លាំងម៉ាស៊ីនខាងក្នុងប៉ុណ្ណោះ។

ដោយសារតែមានពណ៌ថ្មី និងកម្លាំងខ្លាំងជាង iMac ធម្មតា Apple បានសម្រេចដាក់តម្លៃរបស់ iMac Pro នៅក្នុងទីផ្សារ សម្រាប់តែ​អ្នក​ប្រើប្រាស់​អាជីពប៉ុណ្ណោះ មានន័យថា វាមានតម្លៃថ្លៃ ហើយកម្លាំងក៏ទៅតាមការចំនាយដូចគ្នា។ ជាក់ស្ដែង iMac Pro ដែល​កំពុង​ធ្វើចរាចរណ៍ក្នុងទីផ្សារបច្ចុប្បន្នមានច្រើនជម្រើសសម្រាប់អ្នកប្រើប្រាស់ដែលអាចជ្រើស៖

 

•    CPU ប្រភេទ Xeon បាន 4 ជម្រើស

•    RAM ប្រភេទ ECC DDR4 ចំនួន 3 ជម្រើស

•    GPU Radeon Pro Vega ចំនួន 1 ជម្រើស

•    SSD ប្រភេទ PCIe NVMe ចំនួន 4 ជម្រើស

•    និងជម្រើសលើ Mouse និង Keyboard ជាដើម

 

ក្នុងនោះសម្រាប់តម្លៃ iMac Pro ដែលធូរថ្លៃជាងគេបំផុត ក៏អ្នកត្រូវចំនាយប្រាក់ដល់ទៅ USD 4,999 ដែរទើបទិញបានមួយគ្រឿង។ មកដល់ពាក់កណ្ដាលខែនេះ ស្ងាត់ៗ Apple ក៏បានចេញនូវជម្រើសថ្មីមួយផ្សេងទៀតសម្រាប់អតិថិជន​របស់​ខ្លួន​នោះ​គឺ​ការ​បន្ថែម​ជាមួយ​នឹង​ជម្រើស RAM កាន់តែធំ និងជម្រើសក្រាហ្វិចល្បឿនកាន់តែប្រសើរ។

ជាការពិតនៅពេលនេះ Apple បានបើកសិទ្ធិឲ្យអតិថិជនរបស់ខ្លួនធ្វើការឡើង RAM ជាប្រភេទ ECC ដែលមានទំហំរហូតដល់ទៅ 256GB ឯណោះ ជាជម្រើសធំជាងគេលើតារាងកំពូលរបស់ខ្លួន តែអ្វីដែលហួសចិត្តបំផុតនោះគឺថា អ្នកត្រូវចំនាយប្រាក់ដល់ទៅ USD 5,200 ដើម្បីបាន RAM ទំហំធំបែបនេះមកប្រើប្រាស់នៅលើម៉ាស៊ីន iMac Pro ខណៈដែលតម្លៃបន្ថែមនេះ គឺអាចឲ្យអ្នក​ទិញ​បាន​ម៉ាស៊ីន iMac Pro មួយគ្រឿងផ្សេងទៀតបាត់ទៅហើយ។ ក្រៅពីឡើង RAM ធំជាងមុន នៅពេលនេះរាល់ iMac Pro ស៊េរីដើមឆ្នាំ 2019 ទៅមុខ អាចធ្វើការជ្រើសរើសក្រាហ្វិច Radeon Pro Vega 64X ជាមួយនឹង VRAM ទំហំ 16GB ជាប្រភេទ Memory ល្បឿន​លឿន HMB2 តែដើម្បីប្រើក្រាហ្វិចស៊េរីក្រោនេះគឺត្រូវចំនាយ USD 700 បន្ថែមទៀតទើបបាន។

សរុបមកវិញ iMac Pro ស៊េរីឆ្នាំ 2019 គឺនៅរក្សារូបរាងនៅដដែលទាំងអស់ ទាំងផ្នែកសេវាកម្ម ការវេចខ្ចប់ ខុសតែការបន្ថែម​ថ្មីនូវ​ជម្រើស​បន្ថែមដូចជា RAM អាចកំណត់ឡើងដល់ 256GB និងបន្ថែមជម្រើសក្រាហ្វិច ខ្លាំងជាង Radeon Vega Pro 56 ជាដើម។ ហេតុដូចនេះ សម្រាប់អ្នកដែលចង់ទិញ iMac Pro របស់ Apple ដោយជ្រើសរើសកម្លាំងផុតលេខ នៅលើតារាងទាំងអស់ដែលមាន​លក្ខណៈ​សម្បត្តិ Specs:

 

•    CPU Intel Xeon W មាន 18 Cores និង 36 Threads

•    RAM ECC DDR4 ទំហំ 256GB

•    GPU Radeon Pro Vega 64X 16GB HMB2

•    SSD PCIe NVMe 4000GB

•    មិនរាប់បញ្ចូល Keyboard និង Mouse

 

អ្នកត្រូវចំនាយដល់ទៅ USD 15,699 សម្រាប់ម៉ាស៊ីនមួយគ្រឿងនេះ ដោយនេះគឺជាតម្លៃចេញពី Apple ផ្ទាល់ ដោយនៅមិនទាន់រាប់​បញ្ចូល​ថ្លៃដឹកជញ្ជូន ឬសេវាកម្មផ្សេងៗទៀតនៅឡើយទេ។  APPLE U WIN!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កុំព្យូទ័រ