CAMBO REPORT

Popup Advertising5 seconds

iMac ស៊េរី 2019 បង្ហាញខ្លួន ជាមួយ​សន្ទុះ CPU និង GPU ខ្លាំង​ជាង​មុន 2 ដង​ឯណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្ងាត់ៗកាលពីម្សិលមិញនេះ Apple ទើបតែបានប្រកាសចេញជាផ្លូវការនូវម៉ាស៊ីនកុំព្យូទ័រលើតុជំនាន់ថ្មីរបស់ខ្លួនគឺ iMac ស៊េរីឆ្នាំ 2019 ដែលនិយាយឲ្យខ្លីហើយស្រួលស្ដាប់ គឺវានៅរក្សារូបរាងដដែល អេក្រង់ទំហំដដែល លក្ខណសម្បត្តិទូទៅដដែល លើក​លែង​តែ​កម្លាំងម៉ាស៊ីនត្រូវបានបង្កើនឲ្យខ្លាំងជាងមុនបន្ថែមទៀត ដោយ Apple ផ្ទាល់អះអាងថា ល្បឿន CPU គឺ x2។

ការបង្កើនកម្លាំងម៉ាស៊ីនឲ្យខ្លាំងជាងមុននេះ ក៏តម្រូវឲ្យ Apple ធ្វើការកែសម្រួលផ្នែកខាងក្នុងផងដែរ ដោយតម្រូវឲ្យផ្លាស់ប្ដូរ​នូវ​ផ្នែក​រឹង​ខាង​ក្នុង សម្រួលទៅដល់ការបន្ថយកម្ដៅឲ្យកាន់តែប្រសើរ។ iMac ស៊េរី 2019 នេះ ក៏មិនខុសពីជំនាន់មុនដែរ គឺមានពីរជម្រើស សម្រាប់​ជ្រើសរើស ដោយរួមមាន៖

 

•    iMac 21.5 អ៊ីញ អេក្រង់ 1080p / 4K

•    និង iMac 27 អ៊ីញ អេក្រង់ 5K

 

ម៉ាស៊ីនទាំងពីរនេះគឺដូចគ្នាទាំងស្រុងខុសតែទំហំ ដោយ iMac 21.5 អ៊ីញ ពុំប្រើប្រាស់ CPU ខ្លាំងប៉ុន្មានទេបានត្រឹម Core i7 មាន 6 Cores និង 8 Threads តែក៏មិនមែនមានន័យថាវាអន់ដែរ នេះបើយើងធៀបទៅនឹង iMac 27 អ៊ីញ ដែលប្រើប្រាស់ CPU លោត​ដល់​ជម្រើស Core i9 មាន 8 Cores និង 16 Threads។

ការនាំមកនូវ CPU ជំនាន់ថ្មី ដេញស៊េរីមិនឲ្យចាញ់កុំព្យូទ័រ ដែលរត់ដោយ Windows គឺជារឿងល្អ ហើយក្រុមហ៊ុនផ្លែប៉ោម​មួយនេះក៏​បាន​​បន្ថែម​​មក​ជាមួយក្រាហ្វិចជំនាន់ថ្មីផងដែរ ដោយលើកនេះអតិថិជនរបស់ Apple អាចជ្រើសរើសនូវ iMac 2019 ប្រើប្រាស់​ក្រាហ្វិច Radeon Pro Vega 48 តែតម្រូវឲ្យបន្ថែមលុយលើស USD 450 បន្ថែម ជាជាងប្រើប្រាស់ Radeon Pro 560X / 570X / 580X។ ក្រៅពីធ្វើការឡើងស៊េរី CPU ដែលលឿនជាងមុន 2x និងបន្ថែមជម្រើសក្រាហ្វិចជំនាន់ថ្មី ម៉ាស៊ីន iMac 2019 ពុំមានការ​ផ្លាស់​ប្ដូរអ្វីជាដុំកំភួននោះទេ ជាក់ស្ដែងអ្នកអាចធ្វើការជ្រើសរើសជម្រើស CPU, RAM, GPU អង្គផ្ទុកទិន្នន័យជាប្រភេទ HDD និង SSD បានដូចជំនាន់មុនដែរ តែគួរឲ្យស្ដាយ វាពុំមានភ្ជាប់មកជាមួយ T2 Chip ដូចនៅលើ iMac Pro, MacBook Pro និង MacBook Air ជំនាន់ថ្មីៗឡើយ។

សម្រាប់តម្លៃ វាអាស្រ័យទៅលើកម្លាំងម៉ាស៊ីនដែលអ្នកចង់បាន និងត្រូវការដើម្បីយកមកប្រើប្រាស់ បំពេញកិច្ចការងារ ដោយតម្លៃចាប់​ផ្ដើម សម្រាប់ម៉ូឌែលធូរថ្លៃជាងគេបំផុតគឺ៖

 

•    iMac 21.5 តម្លៃចាប់ពី USD 1,299 ឡើងទៅ

•    iMac 27 តម្លៃចាប់ពី USD 1,799 ឡើងទៅ

 

ម៉ាស៊ីនជំនាន់ថ្មីទាំងពីរនះ នឹងចាប់ផ្ដើមបើកលក់នៅហាង Apple Store ឆាប់ៗខាងមុខនេះហើយ ហើយក៏នឹងមកដល់ទីផ្សារ​អន្តរជាតិ​ជា​បន្ត​បន្ទាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: កុំព្យូទ័រ