CAMBO REPORT

Popup Advertising5 seconds

សេចក្ដីរាយការណ៍៖ កាស AirPods 2 និង iPad Mini ជំនាន់ថ្មី អាច​ចេញ​ខែ​ក្រោយ​នេះ​ឯង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រមាណជាជាង 3-4 សប្ដាហ៍កន្លងទៅនេះ យើងសង្កេតឃើញថាមានប្រភពព័ត៌មានជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់ ខ្លះក៏ជា​ព័ត៌មាន​បែកធ្លាយ ដែលនិយាយអំពីផលិតផលជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចនឹងបង្ហាញខ្លួននាដើមឆ្នាំ 2019 នេះ។ រឿង​នេះ​អាចថា អាចនឹងកើតមានឡើងពិតមែនក៏ថាបាន ព្រោះពីមួយថ្ងៃទៅមួយថ្ងៃព័ត៌មានចេញកាន់តែច្បាស់ ហើយភាគ​ច្រើន​គឺ​មាន​ប្រភព​មក​ពីប្រទេសចិន។ ជាក់ស្ដែងនាថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានក្ដៅៗមួយផ្សេងទៀត ដែលអាចជាពេលវេលាមួយ Apple សម្រេចចិត្តប្រកាសចេញនូវផលិតផលរបស់ខ្លួន។

យោងតាមសេចក្ដីរាយការណ៍ក្ដៅៗ ដែលអះអាងថាមានប្រភពមកពីប្រទេសចិនម្ដងហើយម្ដងទៀតលើកនេះ បានចេញ​ផ្សាយ​ឲ្យ​ដឹង​ថា​ក្រុមហ៊ុនអេឡិចត្រូនិចយក្ស Apple អាចនឹងប្រកាសចេញជាផ្លូវការនូវផលិតផលជំនាន់ថ្មី ដែលរួមមានដូចជាកាសឥតខ្សែ AirPods 2 ក៏ដូចជា iPad Mini ជំនាន់ថ្មីនៅថ្ងៃទី19 ឬថ្ងៃទី 20 ខែមីនា ឆ្នាំ 2019 ខាងមុខនេះហើយ។ ប្រភពដែលចេញពីចង្វាក់​ផលិត​កម្ម​របស់​ក្រុមហ៊ុន Apple ហៅថា Silicon Valley បានបន្ថែមទៀតថា ការប្រកាសចេញនោះ នឹងមិនធ្វើឡើងធំធេង ឬក៏មានរយៈពេលយូរ​ដូច​ព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ 2 ដងរបស់ Apple នោះទេ តែវាគ្រាន់តែជាព្រឹត្តិការណ៍តូចមួយប៉ុណ្ណោះ ដែលជាយុទ្ធសាស្ត្រពិសេសក្នុង​ការ​ប្រមូល​ប្រាក់ចំនេញបន្ថែមពីអតិថិជនខ្លួន។

ជុំវិញការប្រកាសចេញដែលអាចនឹងកើតមានឡើងនៅខែបីខាងមុខនេះ ត្រូវបានឲ្យដឹងទៀតថា Apple នឹងបើកឲ្យអតិថិជនរបស់ខ្លួន​ធ្វើការ​កក់​ទុកមុននូវផលិតផល ដែលខ្លួនស្រលាញ់ និងពេញចិត្ត នៅថ្ងៃទី 22 ខែមីនាតែម្ដងទាន់ក្ដៅៗ ហើយនឹងចាប់ផ្ដើមដឹកជញ្ជូន​ផលិតផល ដែលភ្ញៀវកម្មង់នោះក្រោយពេលមួយសប្ដាហ៍ត្រូវនឹងថ្ងៃទី29 ខែមីនា។ ក្រៅពីកាសឥតខ្សែ និងថេប្លេត Apple អាចនឹងនាំ​ម​ក​នូវផលិតផលហៅថា AirPower ចូលទីផ្សារជាផ្លូវការ សម្រាប់សាកថ្មផលិតផលមួយចំនួនរបស់ខ្ឡួន ជាមួយនឹងតម្លៃមិនទាន់​ត្រូវ​បាន​លាត​ត្រដាង រីឯ iPad អាចមានតម្លៃចាប់ពី USD 399 ឡើងទៅតាមទំហំមេម៉ូរី និងប្រព័ន្ធសេវាអ៊ិនធឺណិតតាមស៊ីម ចំនែកកាស​ឥតខ្សែ AirPods 2 អាចនៅរក្សាតម្លៃប្រហាក់ប្រហែលជំនាន់ទី 1 ពេលចេញដំបូងដែរគឺចន្លោះពី USD 150 ទៅ USD 200។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: ថេប្លេត