CAMBO REPORT

Popup Advertising5 seconds

Bugatti Chiron ប្រភេទ Special Edition បង្កើត​ឡើង​សម្រាប់​គម្រប់​ខួប​លើក​ទី 110 មាន​តែ 20 គ្រឿង​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ម៉ូឌែល Chiron របស់ក្រុមហ៊ុន Bugatii បើនិយាយមកដល់ពេលនេះ វាមានអាយុកាលប្រហែលជា 3 ឆ្នាំហើយ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ឡាន​បារាំងមួយនេះបានប្រកាសចេញម៉ូឌែល SuperCar ល្បឿនលឿន រាងកាច និងទំនើបមួយនេះជាផ្លូវការក្នុងទីផ្សារ។ មក​ដល់​ដើមឆ្នាំ 2019 នេះ ហើយក៏ចំពេលវេលាល្អ ក្នុងឱកាសគម្រប់ខួប 110 ឆ្នាំរបស់ក្រុមហ៊ុន Bugatti ផងដែរនោះ ម៉ូឌែល Chiron បាន​ចេញម៉ូឌែលថ្មីមួយផ្សេងទៀត ដែលជា Special Edition មានឈ្មោះហៅជាផ្លូវការថា 110 Ans Bugatti ឬហៅពេញ 110 Years of Bugatti។

110 Ans Bugatti ត្រូវបានផលិតឡើងយ៉ាងពិសេស និងប្រណិតជាមួយនឹងការរចនាប្លែក ពិសេសគឺពណ៌តែម្ដង ដែលរំលេចជាមួយ​ពណ៌​ខៀវ​ស្រអាប់ មើលទៅកាច លាយជាមួយពណ៌ខ្មៅ យ៉ាន់ខ្មៅ បន្ទះហ្វ្រាំងទឹកសមុទ្រ ពិតជាធ្វើឲ្យម៉ូឌែលមួយនេះ​ទាក់ទាញ​មិន​ធម្មតា។ ក្រុមហ៊ុន Bugatti លើកឡើងថា ការផលិតរថយន្តនេះឡើង គឺបានប្រើប្រាស់លោហៈពណ៌ខៀវ លាយឡំជាមួយនឹងសារធាតុ Carbon ដែលធានាទៅដល់គុណភាព ប្រណិតភាព និងតម្លៃ ពិសេសនៅក៏មានរំលេចមកជាមួយនឹងទង់ជ័យប្រទេស​បារាំងនៅ​ត្រង់​គំរប​ចាក់​​​​សាំង កញ្ចក់មើលឆ្វេងស្ដាំ កន្ទុយត្រីក្រោយ និងកៅអីពូកស្បែកខាងលើ ដែលតំណាងឲ្យផលិតផល ដែលជាសមិត្ថផល​របស់​ប្រទេស​បារាំងផ្ទាល់។

 

 

ផ្នែកខាងក្នុងពុំមានអ្វីប្លែកខ្លាំងនោះទេ បើធៀបទៅនឹងម៉ូឌែល Chiron ធម្មតា តែវាបានបន្ថែម និងកែសម្រួលខ្លះៗទៅលើពណ៌ គុណភាព ឲ្យមើលទៅប្លែកជាងគេ។ សម្រាប់កម្លាំងម៉ាស៊ីនវិញ 110 Ans Bugatti ប្រើប្រាស់ម៉ាស៊ីនមានទំហំស៊ីឡាំងកម្រិត 8.0-Liter ជាប្រភេទ Quad Turbo W16 មានកម្លាំងរហូតដល់ទៅ 1,500 កម្លាំងសេះ អមមកជាមួយរង្វិលជុំ 1,180 Pound-feed ធ្វើឲ្យវាមាន​សន្ទុះ​ល្បឿនលឿនខ្លាំងបំផុត  អាចបង្កើនល្បឿនដល់ 100KM/h ត្រឹម 2.6 វិនាទី និងអាចបើកបរល្បឿនលឿនបំផុតលោតដល់ 420KM/h។ រថយន្ត SuperCar ម៉ូឌែល 110 Ans Bugatti នេះត្រូវបានផលិតឡើងត្រឹមតែ 20 គ្រឿងប៉ុណ្ណោះ ដែលតម្លៃពុំបាន​ប្រាប់​ឲ្យ​ដឹង​នោះទេ ខណៈពេលដែលម៉ូឌែល Chiron Sport មានតម្លៃខ្លួនលោតដល់ 3.3 លានដុល្លារឯណោះ ចុះទម្រាំម៉ូឌែល Special Edition សម្រាប់អភិជន ឬមហាសេដ្ឋីនេះវិញ តើនឹងលោតដល់កម្រិតណា? មិនចាំបាច់ខ្វល់ច្រើនទេ ព្រោះថាទាំង 20 គ្រឿងនោះ ត្រូវបានលក់ដាច់បាត់អស់ទៅហើយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: យានយន្ត