ប៉ាតង់ថ្មីរបស់ Xiaomi បង្ហាញពីស្មាតហ្វូនមានអេក្រង់កោងទាំងបួនជ្រុងតែម្តង!
ចាប់តាំងពីដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានឃើញ ស្មាតហ្វូនអេក្រង់លាតសុទ្ធ ក៏ប៉ុន្ដែទោះបីជាស្មាតហ្វូននោះនៅសល់គែមតិចយ៉ាងណា ក៏នៅតែឃើញមានគែមខ្មៅជុំវិញអេក្រង់ទូរសព្ទផងដែរ។ ហេតុនេះហើយ ទើបបានជាក្រុមហ៊ុន Xiaomi មានគម្រោងក្នុងការលុបគែមទាំងនោះចោល ដោយធ្វើការបំពាក់ អេក្រង់កោងគ្រប់បួនជ្រុងតែម្ដង សម្រាប់ស្មាតហ្វូននាពេលអនាគតរបស់ខ្លួន។
ការឌីហ្សាញបែបអេក្រង់កោងទាំងបួនជ្រុងនេះ គឺត្រូវបានគេប្រទះឃើញនៅក្នុងប៉ាតង់មួយពីក្រុមហ៊ុន Xiaomi ដែលត្រូវបានបោះពុម្ពផ្សាយដោយ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO ផ្ទាល់តែម្ដង កាលពីថ្ងែទី 5 ខែកុម្ភៈ ឆ្នាំ 2019 ប៉ុន្មានថ្ងែមុខនេះ។ បើយោងទៅតាមរូបភាពប៉ាតង់នេះ យើងបានឃើញមានស្មាតហ្វូនមួយគ្រឿង ដែលមានអេក្រង់លាតពេញ បន្ថែមជាមួយអេក្រង់ប្រភេទកោងទាំងគ្រប់ជ្រុង និងកាម៉េរាភ្លោះនៅផ្នែកខាងក្រោយផងដែរ។ ចំណែកឯសង្កេតទៅផ្នែកខាងចំហៀងវិញ គឺថាចំណុចពាក់កណ្ដាលនៃស្មាតហ្វូន ត្រូវបានគ្របដណ្ដប់ទៅដោយអេក្រង់ខាងមុខទៅហើយ ដូច្នេះស្មាតហ្វូនមួយនេះអាចនឹងគ្មានប៊ូតុងបញ្ជានោះឡើយ ដោយមានភ្ជាប់មកតែជាមួយរន្ធ USB Type-C តែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ សេនស័រកាម៉េរាខាងមុខសម្រាប់ Selfie ក៏ហាក់ដូចជាមិនមានវត្តមាននៅលើស្មាតហ្វូននេះផងដែរ ដូច្នេះក្រុមហ៊ុន Xiaomi ក៏អាចនឹងលះបង់ចំណុចមួយនេះដូចគ្នាផងដែរ ដើម្បីឲ្យស្មាតហ្វូនទទួលបានរូបរាងដ៏ស្រស់ស្អាត។
សរុបមក ផ្នែកឌីហ្សាញទៅលើស្មាតហ្វូនមួយនេះ ពិតជាមានរូបរាងស្អាតមែន ក៏ប៉ុន្ដែតម្រូវឲ្យមានការលះបង់ផ្នែកមួយចំនួន ដើម្បីអាចទទួលបានរចនាបថបែបថ្មីនេះ ហើយដោយសារតែរូបភាពទាំងនេះ គឺគ្រាន់ជាប៉ាតង់តែប៉ុណ្ណោះ ដូច្នេះយើងមិនអាចប្រាកដថាក្រុមហ៊ុន Xiaomi នឹងដាក់បញ្ចេញលក់ស្មាតហ្វូន ដែលមានរូបរាងបែបនេះក្នុងពេលឆាប់ៗនោះទេ និងនៅក្នុងករណីមួយចំនួនវិញ ស្មាតហ្វូនដូចនេះអាចនឹងបង្ហាញខ្លួនតែនៅក្នុងប៉ាតង់ទេ ហើយមិនឃើញបញ្ចេញជារូបរាងពិតនោះឡើយ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
