CAMBO REPORT

Popup Advertising5 seconds

ប្រវត្តិរបស់ MSI មុន​នឹង​ឈាន​ជើង​ចូល​ក្នុង​ឧស្សាហកម្ម Gaming Laptop

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងធ្លាប់តែឮគេហៅកាត់ៗថា MSI តែមិនសូវមាន អ្នកដែលស្គាល់ឈ្មោះពេញ របស់​ក្រុមហ៊ុន​ល្បី​ផលិតកុំព្យូទ័រហ្គេម ដែល​មាន​រូប​សញ្ញា នាគរាជ មួយនេះទេ។ ឈ្មោះពេញពីពាក្យ MSI គឺ Micro-Star International ដែលសព្វថ្ងៃនេះ មានទីស្នាក់ការធំ នៅក្នុ​ង​ទីក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់។ MSI ចាប់ផ្តើមបង្កើតឡើង នៅថ្ងៃទី 04 ខែសីហា ឆ្នាំ 1986 (បើគិតមកដល់ឆ្នាំ 2019 នេះ មានអាយុ​កាល 32 ឆ្នាំហើយ) ដោយស្ថាបនិកចំនួន ៥ រូប រួមមានដូចជា លោក Joseph Hsu, លោក Jeans Huang, លោក Frank Lin, លោក Kenny Yu និងលោក Henry Lu

 

ឧស្សាហកម្ម ដែលក្រុមហ៊ុននេះ សម្រេចបាន មានដូចជា កុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម, កុំព្យូទ័រលើតុសម្រាប់លេងហ្គេម, Monitor សម្រាប់លេងហ្គេម, ក្រាហ្វិកកាតសម្រាប់ហ្គេម, Motherboard សម្រាប់ហ្គេម, Server, Camera ហើយនិងឧបករណ៍​បន្ទាប់​បន្សំ ផ្សេងៗជាច្រើនទៀត។

យ៉ាងណាមិញ ក្នុងរយៈពេល 32 ឆ្នាំកន្លងមកនេះ មិនមែនជាពេលវេលាខ្លីមួយទេ.. 32 ឆ្នាំ អាចស្មើនឹង មនុស្សពេញវ័យម្នាក់ ដែល​បាន​ប្រឡូក និងជួបឧបសគ្គជាច្រើនរាប់មិនអស់ឡើយ ទម្រាំអាចឆ្លងកាត់ រយៈពេល 30 ឆ្នាំជាងកន្លងមកនេះ ហើយរឿងដែល គ្រប់​គ្នា​មិនសូវដឹងនោះ គឺស្ថាបនិកទាំង ៥ រូបរបស់ MSI សុទ្ធតែធ្លាប់ជា ធ្វើបុគ្គលិកផ្នែកអេឡិចត្រូនិច អោយក្រុមហ៊ុនជប៉ុនដ៏ធំមួយ ឈ្មោះ​ថា SONY។

 

ប៉ុន្តែក្រោយមក នៅឆ្នាំ 1985 ដោយសារតែ សាជីវកម្មរបស់ក្រុមហ៊ុន SONY ត្រូវបានកាត់បន្ថយ ទើបធ្វើអោយស្ថាបនិកទាំង ៥ អ្នក បានសម្រេចចិត្ត បង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Micro-Star International នៅក្នុងឆ្នាំ 1986 តែម្តង និងត្រូវបាន​ហៅ​កាត់​ថា MSI រហូតមកដល់បច្ចុប្បន្ននេះ។

 

ឈានជើងចូលក្នុងវិស័យអេឡិចត្រូនិចនេះ នៅឆ្នាំដំបូង គឺនៅក្នុងឆ្នាំ 1987 MSI បានប្រកាសបង្ហាញ Overclock 286 Motherboard ជាលើកដំបូង។ MSI បន្តបង្កើត Overclock Motherboard, ក្រាហ្វិកកាត និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត ជាហូរហែររៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំ 2000 ទើបក្រុមហ៊ុននេះ បានហក់លោត ចូលមកក្នុងឧស្សាហកម្មកុំព្យូទ័រ ថែមទៀត។

នៅក្នុងឆ្នាំ 2008 ក្រុមហ៊ុន MSI បានឈរជើង ក្នុងចំណោម Brand កំពូលទាំង 20 របស់តៃវ៉ាន់ (Top 20 Taiwan Global Brands)។ ឆ្នាំ 2011 ឈរ ក្នុងចំណោម Brand កំពូលទាំង 100 របស់តៃវ៉ាន់ (Top 100 Taiwan Brands) នៃ Brand សរុបទាំង 500។ រហូតមកដល់ឆ្នាំ 2015 (រយៈពេលជាង 29 ឆ្នាំ រាប់ពី 1986 មក) ទើប MSI បានអាចសាងឈ្មោះ និងក្លាយជា ម៉ាកសញ្ញា នៃ​កុំព្យួទ័រយួរដៃ ដែលល្អជាងគេបំផុត នៃចំណាត់ថ្នាក់លេខរៀងទី 4 ដែលចុះផ្សាយដោយ Laptop Magazine។

 

នៅឆ្នាំបន្ទាប់ទៀត គឺនៅឆ្នាំ 2016 MSI បានក្លាយជា ក្រុមហ៊ុនផ្គត់ផ្គង់ Gaming Laptop លំដាប់ពិភពលោក និងបានបង្កើត​ព្រឹត្តិការណ៍ ដ៏ធំមួយឈ្មោះថា “Join the Dragon” នៅក្នុងឆ្នាំ 2017 ដើម្បីស្វែងរក eSport Team ដែលមានទេពកុសល្យ។ នៅ​ក្នុង​ឆ្នាំ 2017 នេះដែរ MSI កាន់តែឡើងកូដខ្លាំង ដោយបានសហការ បង្កើតនូវ RGB ecosystem ជាមួយនឹង MSI Mystic Light Sync និងផ្សេងៗទៀត ដូចជា CORSAIR, SteelSeries, G.SKILL, Cooler Master, in Win, Phanteks និងផ្សេងៗទៀត។

នេះមិនមែនជារឿងងាយទេ សម្រាប់ក្រុមហ៊ុនមួយ ទម្រាំតែមានការទទួលស្គាល់ ទូទាំងពិភពលោក ត្រូវប្រើប្រាស់ ពេលមិនតិចនោះ​ឡើយ។ ចុះសម្រាប់ប្រទេសយើង ដែលមានការរីកចម្រើន ផ្នែកបច្ចេកវិទ្យានេះ មិនសូវជាលឿនដូចជាគេទៀតនោះ តើត្រូវប្រើពេល ប៉ុន្មានឆ្នាំសម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាមួយ ដើម្បីអោយការទទួលស្គាល់ រីករាលដាល ទូទាំងពិភពលោកបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩
ប្រភព: Wikipedia Tag: កុំព្យូទ័រ