CAMBO REPORT

Popup Advertising5 seconds

រថយន្ត Land Cruiser ស៊េរី 2020 ជា​ប្រភេទ Heritage Edition ចេញ​ហើយ មានតែ 1200 គ្រឿង​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន Toyota របស់ជប៉ុន បានប្រកាសចេញជាផ្លូវការ និងបង្ហាញរូបរាងដ៏ទាក់ទាញនៃរថយន្ត SUV របស់ខ្លួនសម្រាប់ឆ្នាំ 2020 ហើយ​នោះ​គឺ Land Cruiser ឆ្នាំ 2020 ដែលជាប្រភេទ Edition ពិសេសហៅថា Heritage Edition។ រថយន្ត Land Cruiser ឆ្នាំ 2020 ដែលជាប្រភេទពិសេសមួយនេះ ផលិតឡើងដើម្បីអបអរសាទនូវគំរប់ខួប 60 ឆ្នាំ ឬ 6 ទស្សវត្សនៃការបន្តផលិតរថយន្ត ដែល​មាន​អាយុកាលដ៏យូរអង្វែងមួយរបស់ Toyota គិតតាំងពីឆ្នាំ 1958 មកម្ល៉េះ ហើយវានៅតែបន្តទទួលបានជោគជ័យ និងការគាំទ្រពី​អ្នក​បើកបរជាច្រើនស្រទាប់វណ្ណៈពាសពេញពិភពលោក រួមមានព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

Land Cruiser ស៊េរីឆ្នាំ 2020 នេះ បើនិយាយអំពីរូបរាង និងរចនាបថផ្នែកខាងក្រៅ វាស្រដៀងទៅនឹងម៉ូឌែលធម្មតា ហើយការ​កែ​ប្រែ​រូបរាងទាំងស្រុងបើធៀបទៅនឹងឆ្នាំមុនៗគឺមានចំនុចតិចតួចប៉ុណ្ណោះ តែវាមានការបន្ថែមមកវិញនូវមុខងារជំនួយក្នុងការបើកបរ បច្ចេកវិទ្យានៃផ្នែកខាងក្នុងសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរជាដើម។ យ៉ាងណាមិញអ្វីដែលពិសេសសម្រាប់ Heritage Edition គឺ Toyota បានកែច្នៃបន្ថែមទៅលើរចនាបថខាងក្រៅបន្តិចបន្តួចដូចជាបន្ថែមជាមួយនឹងយ៉ាន់កង់ (Rim) ដែលមានពណ៌បែប​ចេញ​ទង់ដែង (Bronze) មើលទៅប្លែក និងមានតម្លៃ។ ជាងនេះទៅទៀត វាក៏មានបន្ថែមមកជាមួយនឹងឡូហ្គូ (Toyota Land Cruiser) នៅផ្នែកសងខាងនៃផ្នែកខាងក្រោយជិតកញ្ចក់ សម្រាប់ស្គាល់ជាប្រភេទ Edition ពិសេស ក៏ដូចជាការជ្រើសរើសនូវពណ៌ខាងក្រៅ​ជាប្រភេទ (Midnight Black Metallic) ខ្មៅរលោង ឬ (Blizzard Pearl) ពណ៌គុជខ្យង ស្រដៀងទៅនឹងពណ៌ទឹកប្រាក់។

សម្រាប់កម្លាំងម៉ាស៊ីនរថយន្ត Land Cruiser ស៊េរី 2020 Heritage Edition មួយនេះ ជាប្រភេទ 4WD ដែលប្រើប្រាស់​ស៊ីឡាំង​កម្រិត 5.7-liter DOHC V8 មានល្បឿនរង្វិលជុំ 401 lb.-ft មាន 8 លេខ ជាប្រភេទ Automatic ឬស្វ័យប្រវត្តិ អមមកជាមួយ​បច្ចេកវិទ្យា ECT-i ដែលសម្រួលទៅដល់សន្ទុះល្បឿននៃរថយន្តនេះរហ័ស មាន 381 កម្លាំងសេះ អាចបើកបរនៅគ្រាប់ស្ថានភាពផ្លូវ មិនថាផ្លូវជាតិ ខ្សាច់ ចុះទឹក គ្រោះ ឡើងភ្នំ ចុះចំណោតជាដើម ដោយវាមានប្រព័ន្ធការពារ ដើម្បីស្រួលទៅដល់ការបើកបរច្រើន។ សម្រាប់​រចនាបថផ្នែកខាងក្នុងវិញពូកស្បែកខាងក្នុងគឺពណ៌ខ្មៅទាំងអស់ ពុំមានជម្រើសផ្សេងៗឡើយ មានអេក្រង់ 9 អ៊ីញសម្រាប់​ចុច​បញ្ជា បំពាក់មកជាមួយប្រព័ន្ធសម្លេងដោយប្រើប្រាស់ឧបករណ៍បំពងសម្លេងរបស់ JBL ចំនួន 14 គ្រាប់រត់ប្រដេញតាមភ្លេង ហើយ​ម្ចាស់​រថយន្តនេះអាចប្រើប្រាស់ដោយបញ្ជាតាមសម្លេង មាន Bluetooth សម្រាប់ចាក់តន្ត្រីពីស្មាតហ្វូន ថេប្លេត មានមុខងារសាកថ្ម​ឥត​ខ្សែ (Qi) និងជាច្រើនផ្សេងទៀត។

សម្រាប់ការប្រកាសចេញ Land Cruiser 2020 Heritage Edition នេះ Toyota បានប្រាប់ឲ្យដឹងថា វាត្រូវបានផលិតឡើង​សម្រាប់​តែ​អតិថិជនពិសេសចំនួន 1200 គ្រឿងប៉ុណ្ណោះ ដោយតម្លៃនៅមិនទាន់លាតត្រដាងឲ្យដឹងនៅឡើយទេ តែនឹងប្រកាសឲ្យដឹង​នៅជិត​ដល់​ថ្ងៃចេញលក់ក្នុងទីផ្សារនៅក្នុងឆ្នាំ 2019 ឆាប់ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: យានយន្ត