CAMBO REPORT

Popup Advertising5 seconds

Michael Kors ចេញនាឡិកា​ដៃ​វៃឆ្លាត​ថ្មី ដែលមិត្តនារីៗ​នឹង​ស្រលាញ់​ពេញ​បេះដូង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាឡិកាវៃឆ្លាតសម្រាប់នារីៗ ដែលល្បីល្បាញនៅបរទេស មានច្រើនម៉ាក និងម៉ូឌែល ចំនែកនៅក្នុងទីផ្សារស្រុកខ្មែររបស់យើងផ្ទាល់ ភាគច្រើនមានពីរម៉ាកដែលល្បីល្បាញបំផុតសម្រាប់មិត្តៗនារីរួមមានដូចជា Apple Watch និងម៉ាក Michael Kors។ សម្រាប់ម៉ាក Michael Kors កាលពីម្សិលមិញនេះទើបតែប្រកាសចេញនាឡិកាវៃឆ្លាតជំនាន់ថ្មីមួយទៀត ដែលផលិតឡើងយ៉ាង​ពិសេស​សម្រាប់​នារីៗ មានរូបរាងរចនាបថទាក់ទាញជាងមុន ពិសេសមានមុខងារសុខភាព ជាការទាមទារជាច្រើនពីសំណាក់អ្នកប្រើប្រាស់។

ជួបជាមួយ Access Sofie 2.0 នាឡិកាដៃវៃឆ្លាតក្បាលមូលទំហំ 41mm ដែលការពារដោយកញ្ចក់ និងមានតួខ្លួនលោហៈ ក៏ដូចជា​ជម្រើស Stainless steel អមមកជាមួយខ្សែលោហៈមាន 4 ពណ៌សម្រាប់ជ្រើសរើសដូចជា ទឹកប្រាក់ ទឹកមាស ផ្កាឈូកទឹកមាស និង​ទឹកប្រាក់លាយជាមួយផ្កាឈូកទឹកមាស ដែលមានខ្សែពិសេសជាងគេភ្ជាប់មកជាមួយត្បូងភ្លឺព្រិចៗដូចរូបខាងក្រោម។ វាក៏បំពាក់​មក​ជាមួយប៊ូតុង 3 នៅផ្នែកខាងស្ដាំ សម្រាប់កំណត់ទៅលើមុខងារ ជាជាងដាក់តែមួយដែលមាននៅលើស៊េរីចាស់។ លក្ខណៈ​ពិសេស​មួយ​សម្រាប់នាឡិកាជំនាន់ថ្មីនេះក៏ផ្ដោតសំខាន់ទៅលើមុខងារតាមដានសុខភាពផងដែរ ដោយទីបំផុតវាមាន​សេនស័រ​វាស់​ចង្វាក់​បេះដូង និង GPS ដែលនឹងផ្ដល់ព័ត៌មានសំខាន់ៗជាច្រើនសម្រាប់អ្នកចូលចិត្តហាត់កីឡាច្រើន ដូចជារត់ ដើរ ហែលទឹក និង​ជាច្រើនផ្សេងៗទៀត ដែលដំណើរការបានល្អជាមួយនឹងមុខងារ Google Fit។

Access Sofie 2.0 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ជំនាន់ចុងក្រោយគេ និងមានកម្លាំងថ្មទំហំ 300mAh ដែល​អាច​រស់បានមួយថ្ងៃ ទៅដល់ 2 ថ្ងៃពេញ ក៏ប៉ុន្តែចំនុចខ្សោយរបស់វាគឺស្ថិតនៅលើឈីប ដែលជាបន្ទះខួរក្បាលជំនាន់ចាស់ ដោយ Michael Kors នៅតែបន្តប្រើប្រាស់ឈីប Snapdragon Wear 2100 ដដែល មានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 4GB ខណៈពេល​ដែលនាឡិកាវៃឆ្លាតជំនាន់ថ្មីៗភាគច្រើន និងត្រៀមចេញនាឆ្នាំនេះ ចាបផ្ដើមប្រើឈីប Snapdragon Wear 3100 អស់ហើយ។ ដូច្នេះសម្រាប់ការរំពឹងទុកម៉ូឌែលថ្មី ដែលមានល្បឿនលឿនជាងមុនគឺរាងសោកស្ដាយបន្តិចហើយ តែបើអ្នកមិនខ្វល់អំពីល្បឿន តែ​ផ្ដោតទៅលើភាពឡូយឆាយ ទាក់ទាញ អាចប្រើជាគ្រឿងអលង្ការ ក៏ដូចជាតាមដានសុខភាព មិត្តនារីៗអាចពិចារណាជាមួយនាឡិកា​ដៃបង្កើតឡើងពិសេសសម្រាប់នារីនេះបាន។

សម្រាប់ថ្ងៃចេញលក់នៅមិនទាន់ច្បាស់ការនៅឡើយទេ គ្រាន់តែក្រុមហ៊ុនប្រាប់ឲ្យដឹងថា Access Sofie 2.0 នឹងចេញលក់​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះនៅអាមេរិកមុនគេ ហើយនឹងចេញលក់ជាបន្តបន្ទាប់ទៀតក្នុងទីផ្សារអន្តរជាតិផ្សេងៗទៀត ដោយតម្លៃអាចនៅចន្លោះ USD 350!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: នាឡិកាវៃឆ្លាត