CAMBO REPORT

Popup Advertising5 seconds

Toyota Supra ស៊េរី 2020 ចេញ​ជា​ផ្លូវការ ដែល​លក់​ក្នុង​ទីផ្សារ​ក្នុង​តម្លៃ​ជាង 5 ម៉ឺន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Supra គឺជាម៉ូឌែលរថយន្តស្ព័រល្បឿនលឿនមួយ ដែលមានភាពល្បីល្បាញបំផុតមួយរបស់ក្រុមហ៊ុន Toyota ជាមួយ​ការ​កសាង​កេរ្តិ៍ឈ្មោះ​ល្បីរន្ទឺពាសពេញពិភពលោកនៅចន្លោះឆ្នាំ 1979 មកដល់ឆ្នាំ 2002 ហើយក៏បានស្ងប់ស្ងាត់ទៅវិញ។ មកដល់ឆ្នាំ 2019 នេះ ក្រុមហ៊ុន Toyota បាននាំយកនូវរថយន្តម៉ូឌែល Supra នេះមកកាន់ទីផ្សារអន្តរជាតិម្ដងទៀត ជាមួយរូបរាងថ្មី ទាក់ទាញ ហើយ​ក៏​លក់​មិនសូវថ្លៃដល់រថយន្តស្ព័រទំនើបៗផ្សេងៗទៀត ដែលមកពីបែកអឺរ៉ុប និងអាមេរិកឡើយ។

Toyota Supra ដែលទើបនឹងប្រកាសចេញកាលពីម្សិលមិញនេះគឺជាម៉ូឌែល 2020 ជាមួយរចនាបថរូបរាងប្លែក ហើយក៏នៅ​រក្សា​ស្ទាយ និងរចនាបថ Legend ស្រដៀងទៅនឹងរថយន្តជំនាន់មុនដែរ តែភាគច្រើនរូបរាងទាំងមូលរបស់វា ត្រូវបានយកលំនាំ​តាម​រថយន្តគំរ៉ូ ម៉ូឌែល FT-1 ដែលបានចេញកាលពីឆ្នាំ ២០១៤ កន្លងទៅ។ រូបរាងបែបទាល មិនចេញស្រួចច្រើនដូចទៅ Lamborghini មានកៅអីអង្គុយសម្រាប់មនុស្សពីរនាក់ និងភ្ជាប់មកជាមួយរង្វង់យ៉ាន់ទំហំ 19 អ៊ីញ មានក្បាលម៉ាស៊ីននៅផ្នែកខាងមុខ។ កម្លាំង​ម៉ាស៊ីន​នៃ Supra 2020 មានកម្លាំងសេះសរុប 335 និង Torque 365 lb-ft ប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងកម្រិត 3.0-liter ដែលមាន​ម៉ាស៊ីន 6 អាចបង្កើនល្បឿនពី 0KM/h ទៅ 100KM/h ចំនាយពេល 4.1 វិនាទី និងអាចបើកបរបានក្នុងល្បឿនលឿនបំផុត​លោត​ដល់ 250KM/h ដោយម្ចាស់របស់វាអាចធ្វើការជ្រើសរើស Mode នៃការបើកបរតាមការពេញចិត្ត ដោយក្នុងនោះរួមមាន Sport Mode ដែលជួយទៅដល់ដៃចង្កូតងាយស្រួលក្នុងការបត់បែន បង្កើនសន្ទុះល្បឿនកាន់តែលឿនជាងមុន បញ្ចេញសម្លេងស៊ីម៉ាំងខ្លាំង និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ Automatic Transmission មានល្បឿន 8-speeds ដែលអាចឲ្យវារត់បានរហ័សតាមកម្លាំងជើងដែលជាន់។

Toyota Supra ឆ្នាំ 2020 គឺមានសាច់ឈាមនៃស្ដេចផលិតរថយន្ត MBW រួមបញ្ចូលច្រើន ដោយកិច្ចសហការណ៍រវាងក្រុមហ៊ុនទាំង 2 ទើបអាចលេចចេញនូវ Supra 2020 នេះបាន ដោយរាប់បញ្ចូលទាំងផ្នែកម៉ាស៊ីន រហូតដល់រចនាបថផ្នែកខាងក្នុង។ យោងតាម​ប្រភពព័ត៌មាន​អន្តរជាតិបានចេញផ្សាយឲ្យដឹងថា វាមានរចនាបថ និងបច្ចេកវិទ្យាជាច្រើន ដូចទៅនឹងម៉ូឌែល Z4 របស់ក្រុមហ៊ុន BMW ដែរ សូម្បីតែកៅអីស្បែក អេក្រង់បញ្ជា ដៃចង្កូត លេខដៃ ក៏ដូចជាតាបឡូ គឺយកស្ទាយតាម BMW Z4 ច្រើន។ សម្រាប់​តម្លៃ​វិញ ដោយសារតែនេះគ្រាន់តែជារថយន្តមួយស្ថិតក្នុងកម្រិតរថយន្តស្ព័រ មិនមែនជាពពួក Super Car តម្លៃរបស់វានៅទីផ្សារអន្តរជាតិ​ក៏​មិន​ថ្លៃប៉ុន្មានដែរ ដោយ Toyota មាន 2 ជម្រើសសម្រាប់ឲ្យអតិថិជនជ្រើសរើសដូចជា៖

 

•    Supra 2020 3.0 កម្រិតចាប់ផ្ដើម ទទួលបានកៅអីស្បែក មានអេក្រង់បញ្ជា (មិនមែន Touchscreen) ទំហំ 6.5 អ៊ីញ ដែល​អាចមើលអាកាសធាតុបានតំបន់ពីរផ្សេងគ្នាក្នុងពេលតែមួយ មើលទៅលើមុខងារ និងគ្រប់គ្រងដំណើរការរ​ថយន្តទៅ​លើ​ផ្នែក​សំខាន់ៗ មាន Bluetooth សម្រាប់ភ្ចាប់ទៅកាន់ស្មាតហ្វូន ពិសេសភ្ជាប់ទៅកាន់ iOS Devices ពិសេសប្រព័ន្ធការពារ និងជំនួយ​ទៅ​ដល់​ការ​បើកបរនៅលើផ្លូវជាដើម។ល។

•    Supra 2020 3.0 Premium កម្រិតពិសេស ទទួលបានកៅអីស្បែក ដែលមានប្រព័ន្ធកម្ដៅ មានអេក្រង់បញ្ជា (Touchscreen) ទំហំ 8.8 អ៊ីញ ដែលងាយស្រួលភ្ចាប់ទៅកាន់ iPhone, iPad និង iPod Touch តាមមុខងារ CarPlay របស់ Apple អមមកជាមួយ​ប្រព័ន្ធ​សម្លេងពិសេស មានប៉ាស JBL ចំនួន 12 គ្រាប់ និងប្រព័ន្ធការពារនៅពេលបើកបរ សម្រួលទៅដល់ការធ្វើដំណើរកាន់​តែ​មាន​សុវត្ថិភាពជាងម៉ូឌែលធម្មតា។

 

Toyota Supra នឹងចេញលក់ក្នុងទីផ្សារនៅក្នុងឆ្នាំ ២០១៩ នេះតែម្ដងក្នុងតម្លៃចាប់ផ្ដើមពី USD 49,990 និងតម្លៃ USD 53,990 នៅក្នុងទីផ្សារអន្តរជាតិ សម្រាប់ម៉ូឌែល Premium ដែលរូបរាងរចនាបថទាំងស្រុងរបស់វាអាចនឹងមិនទាក់ចិត្តអ្នកបើកបរមួយចំនួន តែបើយកទៅកែបន្ថែម វានឹងធ្វើឲ្យអ្នកលង់ស្នេហ៍ជាក់ជាមិនខាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: យានយន្ត