CAMBO REPORT

Popup Advertising5 seconds

Nokia 6.2 ស្មាតហ្វូន​ជំនាន់​ថ្មី​របស់ HMD អាច​នឹង​មាន​ប្រហោង​ខ្មៅ​លើ​អេក្រង់​ដូច​គេ​ដែរ​មែន​ទេ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើយើងងាកត្រលប់ថយក្រោយវិញ គឺថាសម្រាប់ទូរសព្ទម៉ូឌែល Nokia 6 ត្រូវបានប្រកាសបង្ហាញខ្លួន ជាលើកដំបូង នៅដើមឆ្នាំ 2017 ក្នុងខែមករា ហើយវាក៏ទទួលបានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ គ្រាន់បើផងដែរ បើធៀបជាមួយលេខម៉ូឌែល Nokia ផ្សេងៗ។ ដោយសារតែភាពប្រសើរបែបនេះហើយ ទើបក្រុមហ៊ុន HMD Global បានបន្តចេញជំនាន់ថ្មី មួយស៊េរីទៀត នៅក្នុងឆ្នាំ 2018 ខែដដែល ដោយវាមានឈ្មោះជាផ្លូវការថា Nokia 6.1។ ចំពោះទូរសព្ទទាំង 2 ម៉ូឌែលនេះ គឺមានអេក្រង់ទំហំ 5.5 អ៊ីញ និងកាមេរ៉ាក្រោយមួយគ្រាប់ដូចគ្នា ប៉ុន្តែម៉ូឌែល Nokia 6.1 ហាក់មានកំណែអាប់ដេត ទៅលើលក្ខណៈសម្បត្តិខ្លះៗ ប្រសើរជាង​បន្តិច​។ លុះមកដល់អំឡុងខែកក្កដា ឆ្នាំ 2018 ខាង HMD បានចេញមួយម៉ូឌែលទៀត ជាស្មាតហ្វូនអេក្រង់លាត 5.8 អ៊ីញ មាន​ថ្ងាស​ឆក និងមានកាមេរ៉ាភ្លោះខាងក្រោយ នោះគឺ Nokia 6.1 Plus ប៉ុន្តែយើងសុំមិនបញ្ជាក់បន្ថែមទេ ព្រោះម៉ូឌែលនេះ ស្ថិតក្នុង​កាលប្រកាសខុសគ្នាដល់ទៅ 2 ត្រីមាសឯណោះ មិននៅក្នុងខែមករាឡើយ។

 

ចុះសម្រាប់ខែមករា ឆ្នាំ 2019 នេះ តើក្រុមហ៊ុន HMD Global អាចនឹងបន្តការបញ្ចេញជំនាន់ថ្មីទៀត ដែរឬទេ?

 

ថ្មីៗនេះ យោងតាមប្រភព Nokia Leak បានធ្វើការបង្ហាញអោយដឹងថា ក្រុមហ៊ុន HMD អាចនឹងនៅតែបញ្ចេញស្មាតហ្វូន​ស្ថិតក្នុង​ត្រកូល​លេខ 6 នេះ បន្តទៀត ដោយវាអាចនឹងមានឈ្មោះហៅថា Nokia 6.2។ ក្នុងនោះ ប្រភពដដែល ក៏បានបង្ហាញពីលក្ខណៈ​សម្បត្តិ​លេចធ្លាយលើកដំបូង សម្រាប់អោយគ្រប់គ្នា កត់ចំណាំផងដែរ ដោយស្មាតហ្វូននេះ អាចនឹងមានបំពាក់អេក្រង់ លោត​ទំហំ​ដល់ 6.2 អ៊ីញ មានបង្កប់កាមេរ៉ាក្នុងអេក្រង់ ដែលគេហៅថាម៉ូតប្រជ្រុយខ្មៅ សម័យថ្មីដូចគេឯងដែរ។ Nokia 6.2 អាចមានកាមេរ៉ា​ខាង​ក្រោយ ជាកាមេរ៉ាភ្លោះ មានទំហំ 16 មេហ្គាភិចសែល (របស់ Zeiss) ដូចគ្នា និងមាន Support នូវ OZO Audio ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន វាអាចប្រើប្រាស់បន្ទះឈីប Snapdragon 632 និងមានរ៉េមទំហំ 4GB ឬ 6GB។

ជាចុងក្រោយ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា វាអាចនឹងបង្ហាញខ្លួន ជាផ្លូវការ នៅក្នុងប្រទេសចិនមុនគេ អាចជាក្នុងខែមករានេះ ឬ​ក៏​អាចឈានចូលខែកុម្ភៈ ក្នុងករណីពន្យាពេលណាមួយ។ សរុបមកវិញ យើងក៏មិនទាន់ច្បាស់ថា លក្ខណៈសម្បត្តិត្រួសៗ តាមរយៈ​ការ​​បង្ហាញខាងលើ ពីប្រភពលេចធ្លាយនេះ នឹងក្លាយជាការពិតទាំងស្រុង ឬយ៉ាងណានោះដែរ ដើម្បីអោយកាន់តែច្បាស់ គឺមានតែ​រង់ចាំ​ព័ត៌មាន​ផ្លូវ​ការ​ពី HMD Global ដោយផ្ទាល់ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ